ជាតិ
អាជ្ញាធរក្រុងសៀមរាប សុំពលរដ្ឋយោគយល់ ខណៈការដ្ឋានសង់ផ្លូវ៣៨ខ្សែ បង្កដីហុយនិងស្ទះចរាចរណ៍
27, Feb 2021 , 3:50 pm        
រូបភាព
 ដីហុយលើកំណាត់ផ្លូវមួយខ្សែក្នុងក្រុងសៀមរាបខណៈកំពុងដំណើរការស្ថាបនាឡើងវិញ។ រូបភាព៖ អ៉ីសា រ៉ហានី
ដីហុយលើកំណាត់ផ្លូវមួយខ្សែក្នុងក្រុងសៀមរាបខណៈកំពុងដំណើរការស្ថាបនាឡើងវិញ។ រូបភាព៖ អ៉ីសា រ៉ហានី
សៀមរាប៖ អស់រយៈពេលប្រមាណ២ខែមកហើយ ដែលចរាចរណ៍ក្នុងក្រុងសៀមរាបមានការកកស្ទះ ផ្លូវខ្លះត្រូវបិទបណ្ដោះអាសន្ន ខណៈគ្រឿងចក្រច្រើនគ្រឿង បានជីកកាយតាមបណ្ដោយផ្លូវទាំង៣៨ខ្សែ ជាគម្រោងអភិវឌ្ឍន៍ក្រុងសៀមរាប។ ការជីកកកាយផ្លូវដើម្បីពង្រីក និងដាក់លូ បានបង្កជាដីហុយ ហើយក៏អាចបង្កជាផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋផងដែរ។

 
អភិបាលរង និងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តសៀមរាប លោក លី សំរិទ្ធ បានឱ្យដឹងថា អាជ្ញាធរនិងក្រុមការងារស្ថាបនាផ្លូវទាំង៣៨ខ្សែ បាននិងកំពុងសហការធ្វើយ៉ាងណាកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាដីហុយ ពិសេសគឺពន្លឿនការងារ ក្នុងន័យបញ្ជៀសផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។  លោកអភិបាលរងទទួលស្គាល់ចំពោះបញ្ហាខាងលើ និងសុំការយោគយល់ពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ អំឡុងពេលកំពុងស្ថាបនាផ្លូវខ្វាត់ខ្វែងក្នុងក្រុងទេសចរណ៍មួយនេះ។
 
យ៉ាងណា លោក លី សំរិទ្ធ ពន្យល់ថា៖«...ការងារដីនេះជិតបញ្ចប់ហើយដែរ នៅសល់តិចតួចទេ...ហេតុអ៊ីថាពិបាក ដោយសារការដ្ឋានបើកទាំងអស់តែម្ដង មានម្ដងមួយឯណា អ៊ីចឹងគ្រប់ខ្សែផ្លូវគឺការដ្ឋានទៅព្រមៗគ្នា»។ អ្នកនាំពាក្យរូបនេះ ក៏សុំឱ្យប្រជាពលរដ្ឋមានការអត់ធ្មត់ ព្រោះថាមិនយូរនោះទេ ក្រុងសៀមរាបនឹងប្រែមុខមាត់ថ្មី ហើយវាជាសមិទ្ធផលថ្មីសម្រាប់ពលរដ្ឋក្នុងក្រុងសៀមរាប និងជាមុខមាត់ថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជាទាំងមូល។
 


ដីហុយលើកំណាត់ផ្លូវមួយខ្សែក្នុងក្រុងសៀមរាបខណៈកំពុងដំណើរការស្ថាបនាឡើងវិញ។ រូបភាព៖ អ៉ីសា រ៉ហានី

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាបចំនួន ៣៨ខ្សែ មានប្រវែង ១០៨,៧៥ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបជាង ១៤០ លានដុល្លារ និងថវិកាជាង ៩លានដុល្លារទៀត សម្រាប់ការងារចាំបាច់ក្នុងការស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលស្ថិតក្នុងក្រៅគម្រោងផ្លូវ៣៨ខ្សែ។ តាមផែនការ គម្រោងផ្លូវ៣៨ខ្សែ នឹងប្រើពេលសាងសង់ ១៣ខែ ដែលគម្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។ ការដ្ឋានការងារនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន៨ ត្រូវបានបើកសម្ពោធនៅថ្ងៃទី៣០ ខែវិច្ឆិកា ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅសួនច្បារព្រះរាជដំណាក់៕ 
 
 
 
 
 
 

Tag:
 ការដ្ឋានផ្លូវ៣៨ខ្សែ
  ក្រុងសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com