COVID-19
ជាតិ
មនុស្សជាង១៤ម៉ឺននាក់ បានចាក់វ៉ាក់សាំងកូវីដ-១៩
05, Mar 2021 , 1:59 pm        
រូបភាព
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ៤មីនា មានពលរដ្ឋអាទិភាពចំនួន ១៤០០៩៦នាក់ហើយ បានចាក់វាក់សាំងកូវីដ-១៩ ក្នុងនោះមានស្ត្រីជិត២ម៉ឺននាក់។ នេះបើតាមរបាយការណ៍ដោយឡែកពីគ្នារបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ដែលបានឲ្យដឹងទៀតថា ក្នុងចំណោមពលរដ្ឋជាង១៤ម៉ឺននាក់ ដែលបានចាក់វាក់សាំង មានក្រុមពលរដ្ឋអាទិភាព ជាង៤.៨ម៉ឺននាក់ និងកងទ័ពជាង៩ម៉ឺននាក់។

 
 
កម្ពុជា ចាប់ផ្តើមចាក់វ៉ាក់សាំង ប្រភេទស៊ីណូហ្វាមរបស់ចិន តាំងពីថ្ងៃទី១០ខែកុម្ភៈមក វ៉ាក់សាំងស៊ីណូហ្វាម ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាចចាក់លើមនុស្សអាយុចាប់ពី១៨ឆ្នាំ ដល់៥៩ឆ្នាំប៉ុណ្ណោះ ខណៈទីតាំងចាក់បានពង្រីករហូតដល់ទាំង២៥រាជធានី-ខេត្តហើយ។  ចំពោះមនុស្សដែលស្ថិតនៅចន្លោះវ័យនេះ បើមានសុខភាពខ្សោយ ឬមានជំងឺផ្សេងៗ ក៏មិនអាចចាក់បានដែរ។
 
ក្រៅពី វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិននេះ កម្ពុជាក៏ចាប់ផ្តើមចាក់វ៉ាក់សាំងអាស្ត្រាហ្ស៊ីណិកា (AstraZeneca)របស់អង់គ្លេស ដែលផលិតនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី៤មីនាផងដែរ ទៅលើមន្ត្រី និងពលរដ្ឋដែលមានអាយុលើស៦០ឆ្នាំ។ បើតាម សម្តេច ហ៊ុន ក្រុមពលរដ្ឋអាទិភាព គឺអ្នករស់នៅភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកណ្តាល ដែលកំពុងរងគ្រោះខ្លាំងជាងគេ ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
 
មកដល់ពេលនេះ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ សរុប៩៣២នាក់ ក្នុងនោះសះស្បើយមាន៤៨៩នាក់៕
 



 

Tag:
 វាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com