COVID-19
ជាតិ
សុខភាព
កម្ពុ​ជាមាន​អ្នក​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ជាង​១៥​ម៉ឹ​ន​នាក់​ហើយ​
06, Mar 2021 , 2:13 pm        
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​៥ ខែមីនា មាន​ពលរដ្ឋ​អាទិភាព​ជាង​១៥​ម៉ឺន​នាក់​ហើយ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដោយ​ក្នុងនោះ​ស្ត្រី​ជាង​២​ម៉ឺន​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់់​ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ​។​

 
​របាយការណ៍​របស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ក្នុងចំណោម​ពលរដ្ឋ​អាទិភាព​មាន​ពលរដ្ឋ​ចំនួន​៥៨,៨៦៥​នាក់ ក្នុងនោះ​ស្ត្រី​១៥,៥៧៣​នាក់​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​។ បើតាម​របាយការណ៍​ក្រសួងការពារជាតិ កង​ប្រដាប់អាវុធ​មាន​ចំនួន​៩៤,៨៥៣​នាក់ ក្នុងនោះ​ស្ត្រី ៧,០០៤​នាក់​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​។ 
 
​កម្ពុជា​បានចាប់ផ្តើម​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​តាំងពី​ថ្ងៃទី​១០ ខែកុម្ភៈ​។ វ៉ាក់សាំង​កូ​វីដ​-១៩​ប្រភេទ Sinopharm របស់​ចិន គឺជា​ប្រភេទ​វ៉ាក់សាំង​ដែល​កម្ពុជា​ចាក់​លើ​ពលរដ្ឋ​មុនគេ​។ រហូតដល់​ថ្ងៃទី​៤ ខែមីនា កម្ពុជា​ក៏​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រភេទ​AstraZeneca របស់​អង្គ​គ្លេ​ស ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា​។ 
 
​ក្រសួងសុខាភិបាល​ពង្រីក​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​គ្រប់​បណ្តា​រាជធានី​-​ខេត្ត​។ ចំពោះ​វ៉ាក់សាំង​ប្រភេទ​ស៊ី Sinopharm ត្រូវបាន​កំណត់​ឲ្យ​ចាក់​លើ​ក្រុមមនុស្ស​ដែលមាន​អាយុ​ចាប់ពី​១៨​ដល់​៥៩​ឆ្នាំ រីឯ​ពលរដ្ឋ​អាយុ​៦០​ឆ្នាំ​ឡើងទៅ​គឺ​ចាក់​វ៉ាក់សាំង​អង់គ្លេស​ប្រភេទ AstraZeneca​។​
 
​ក្រសួងសុខាភិបាល​ក៏បាន​ប្រកាស​កម្មវិធី​KhmerVacc សម្រាប់​ឲ្យ​ពលរដ្ឋ​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​តាម​ប្រព័ន្ធ​អន​ឡាញ​ដោយ​ស្ថិតក្នុង​គោលការណ៍​ស្ម័គ្រចិត្ត​។ 
 
​បច្ចុប្បន្ន​នៅ​កម្ពុជា​ទាំងមូល​មាន​អ្នក​ឆ្លង​សរុប​ចំនួន​៩៥៣​នាក់​ហើយ ក្នុងនោះ​ករណី​សះស្បើយ មាន​៤៩១​នាក់ រីឯ​អ្នកជំងឺ​ក្នុង​សហគមន៍​២០​កុម្ភៈ ឡើងដល់​៤៤៦​នាក់​ហើយ​៕
 

Tag:
 ​វ៉ាក់សាំង​
 ​ជំងឺ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com