COVID-19
អន្តរជាតិ
ព្រឹទ្ធសភា​អាមេរិក អនុម័ត​ថវិកា​សង្គ្រោះ​កូ​វីដ​-១៩ ទំហំ​១,៩​ទ្រី​លាន​ដុល្លារ​
07, Mar 2021 , 10:27 am        
រូបភាព
ដោយ:
​ព្រឹទ្ធសភា​អាមេរិក អនុម័ត​សេចក្តីព្រាងច្បាប់​ដែលមាន​ទំហំ​១,៩​ទ្រី​លាន​ដុល្លារ​របស់​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃ​ឌិន​ក្នុង​។ សេចក្តីព្រាងច្បាប់​នេះ ទទួលបាន​ការគាំទ្រ​ទាំងស្រុង​ពី​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ ខណៈ​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណៈរដ្ឋ​ទាំងអស់​ជំទាស់​។ ការផ្តល់ប្រាក់​សង្គ្រោះ​បន្ថែម​គឺជា​ផ្នែក​មួយ​នៃ​ការសន្យារ​របស់លោក​បៃ​ឌិន កាល​នៅ​ជា​បេក្ខជន​ប្រធានាធិបតី​។​


​សេចក្តីព្រាងច្បាប់​ដែល​អនុម័ត​ដោយ​ព្រឹទ្ធសភា​អាមេរិក​នេះ​រួមមាន​ការផ្តល់ប្រាក់​ចំនួន​១,៤០០​ដុល្លារ​ដល់​ប្រជាជន​មួយ​ភាគ​ធំ ប្រាក់​ចំនួន​៣០០​ដុល្លារ​បន្ថែម​ក្នុង​មួយ​សប្តាហ៍​សម្រាប់​អ្នកគ្មានការងារ​ធ្វើ​៩,៥​លាន​នាក់​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ និង​ប្រាក់​ចំនួន​៣៥០​ពាន់​លាន​ដុល្លារ​ដល់​រដ្ឋបាល​តំបន់​ដែល​រង​ផលប៉ះពាល់​។​នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​Reuters​។​
 
​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ​ដោយ​សំឡេងគាំទ្រ​៥០​មកពី​បក្ស​ប្រជាធិបតេយ្យ ទល់នឹង​៤៩​មកពី​បក្ស​សាធារណៈរដ្ឋ​។ ក្រោយ​សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បានអនុម័ត​ភ្លាម តំណាងរាស្ត្រ​បក្ស​សាធារណៈរដ្ឋ​មួយ​ភាគ​ធំ​ដើរ​ចេញពី​សាលប្រជុំ​នៃ​ព្រឹទ្ធសភា​។ សេចក្តីព្រាងច្បាប់​នេះ នឹងត្រូវ​បញ្ជូនទៅ​សភា​តំណាង​ដើម្បី​អនុ​ម័​ឡើងវិញ​ដោយមាន​ការកែប្រែ​លើ​មាត្រា​មួយចំនួន​។ ក្រោយ​អនុម័ត​នៅ​សភា​តំណាង​ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រជាធិបតេយ្យ សេចក្តីព្រាងច្បាប់​នេះ​នឹងត្រូវ​ចុះហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​បៃ​ឌិន​។​
 
​យ៉ាងណាក្តី សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​អនុម័ត​ក្រោយ​ការជជែក​ពិភាក្សា និង​ចរចា​គ្នា​អស់​រយៈពេល​ជិត​១២​ម៉ោង​។ សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​ត្រូវ​បញ្ចុះបញ្ចូល​គ្នាឯង​ឱ្យ​បោះឆ្នោត​គាំទ្រ​សេចក្តីព្រាងច្បាប់​នេះ ជាពិសេស​សមាជិក​ព្រឹទ្ធសភា​ដែលមាន​ជំហរ​កណ្តាល​និយម និង​មកពី​រដ្ឋ​ដែល​គាំទ្រ​លោក​អតីត​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​។ ចំណែកឯ​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណៈរដ្ឋ​វិញ​ព្យាយាម​កែប្រែ​ផ្នែក​ខ្លះ​នៃ​សេចក្តីព្រាងច្បាប់​នេះ ប៉ុន្តែ​បរាជ័យ​។​
 
​កូ​វីដ​-១៩ បាន​បណ្តាលឱ្យ​ពលរដ្ឋ​អាមេរិក​ចំនួន​៥​សែន​២​ម៉ឺន​នាក់​ស្លាប់ នឹង​បាត់បង់​ការងារ​ចំនួន​៩,៥​លាន​នាក់​។​មកដល់ពេលនេះ​រដ្ឋបាល​លោក​បៃ​ឌិន ពុំទាន់​អាចបង្កើត​ការងារ​ទាំងនោះ​នៅឡើយ​ទេ​។​
 
​ផ្នែក​មួយ​ដែលជា​ចំណុច​ចម្រូងចម្រាស​នៃ​សេចក្តីព្រាងច្បាប់​នេះ គឺ​ប្រាក់​សម្រាប់​អ្នកគ្មានការងារ​ធ្វើ​។ ដំបូង​ឡើង​សមាជិក​ព្រឹទ្ធសភា​ចង់​ផ្តល់ប្រាក់​ចំនួន​៤០០​ដុល្លារ​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ​ទម្លាក់​មក​ត្រឹម​៣០០​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​ក្រោយ​ការចរចារ​។ សេចក្តីព្រាងច្បាប់ ក៏​លើកឡើង​ផងដែរ​ពី​ការកំណត់​ប្រាក់​ឈ្នួល​អ​ប្បរមា​១៥​ដុល្លារ​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​ព្រឹទ្ធិ​សភា​បដិសេធ​ចំណុច​មួយ​នេះ​។​
 
​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ ប្រើ​នីតិវិធី​ពិសេស​ក្នុងការ​បោះឆ្នោត​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ​។ បើ​សមាជិក​ព្រឹទ្ធសភា​មិន​ប្រើប្រាស់​នីតិវិធី​ពិសេស​នេះ​ទេ ព្រឹទ្ធសភា​ត្រូវ​រក​សំឡេង​ឱ្យបាន​៦០​លើ​១០០​ក្នុងការ​បោះឆ្នោត​អនុម័ត​ច្បាប់​។ ព្រឹទ្ធសភា​អាមេរិក ដែលមាន​សមាជិក​១០០​នាក់ មាន​៥០​មកពី​បក្ស​ប្រជាធិបតេយ្យ និង​៥០​មកពី​បក្ស​សាធារណៈរដ្ឋ​។​
 
​ដំបូង​ឡើង​បក្ស​សាធារណៈរដ្ឋ​គាំទ្រ​កញ្ចប់​ថវិកា​សង្គ្រោះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​ស្រោចស្រង់​សេដ្ឋកិច្ច​។ ប៉ុន្តែ​ក្រោយពេល​បក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​ទាំង​រដ្ឋសភា ព្រឹទ្ធសភា និង​សេត​វិ​មា បក្ស​សាធារណៈរដ្ឋ​រិះគន់ថា​កញ្ចប់​ថវិកា​មាន​ទំហំ​ធំ​ជ្រុល​ហួសហេតុ​៕
 
 

Tag:
 អាមេរិក​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com