ជាតិ
សង្គមជាតិ
ពលរដ្ឋ​ជាង​១០០​គ្រួសារ​ទៀត​ដែល​រស់​នៅលើ​ចំណីផ្លូវ​ក្នុង​ក្រុង​សៀមរាប​ទទួលបាន​ដំណោះស្រាយ​
07, Mar 2021 , 11:31 am        
រូបភាព
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
​សៀមរាប​៖ ប្រជាពលរដ្ឋ​ចំនួន ១១៥​គ្រួសារ​បន្ថែមទៀត ដែល​រស់នៅ​លើដី​ចំណីផ្លូវ​សាធារណ និង​ប៉ះពាល់​ក្នុង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ បាន​ទទួលយក​ដំណោះស្រាយ​ទៅ​រស់នៅ​តំបន់​ថ្មី តាម​ការរៀបចំ​របស់​អាជ្ញាធរ​ខេត្តសៀមរាប​។​

 
​ប្រជាពលរដ្ឋ​ទាំង​១១៥​គ្រួសារ ដែល​រស់នៅ​មិនមាន​របៀបរៀបរយ និង​រស់នៅ​លើដី​ចំណីផ្លូវ​សាធារណ​ទាំងនោះ មកពី​សង្កាត់​គោកចក​ចំនួន ៩១​គ្រួសារ សង្កាត់​ស្លក្រាម ១៥​គ្រួសារ និង​សង្កាត់​ស្វាយដង្គំ ៩​គ្រួសារ​។ នេះ​ជា​ចំនួន​គ្រួសារ​ថ្មី បន្ថែម​ពី​គ្រួសារ​ជាង​៤០០ ដែល​រស់​នៅតាម​បណ្ដោយ​ស្ទឹង​សៀមរាប ដែល​ត្រូវបាន​ទទួលយក​ដំណោះស្រាយ​ទៅ​រស់នៅ​តំបន់​អភិវឌ្ឍន៍​ថ្មី តាម​ការរៀបចំ​របស់​អាជ្ញាធរ​។ ពលរដ្ឋ​ទាំងនោះ ត្រូវបាន​រៀបចំ​ឱ្យទៅ​រស់នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ក្នុងស្រុក​បន្ទាយស្រី ដែលមាន​ចម្ងាយ​ប្រមាណ​៣០​គី​ឡួ​ម៉ែត្រ​ពី​ក្រុង​សៀមរាប​។​
 
​ក្នុង​ពិធី​ចាប់ឆ្នោត​ទទួលយក​ក្បាលដី​ឡូ​តិ៍​ថ្មី ប្រជាពលរដ្ឋ​មួយរូប​អ្នកស្រី ឈុន អេង មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ និង​បានមក​រស់នៅ​ខេត្តសៀមរាប​អំឡុង​ឆ្នាំ​២០០៣ រៀបរាប់ថា គ្រួសារ​អ្នកស្រី​ស្ម័គ្រចិត្ត​ទទួលយក​នូវ​គោលនយោបាយ​ខាងលើនេះ ហើយ​អ្នកស្រី​នឹង​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​។​
 
​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខាងលើ​នឹង​ទទួលបាន​ដី​ទំហំ ២០​គុណ​នឹង​៣០ រួម​ជាមួយនឹង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន ដូចជា​ផ្លូវថ្នល់ ភ្លើង អណ្ដូងទឹក និង​បង្គន់​អនាម័យ​។​ល​។ នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០២០ កន្លង ពលរដ្ឋ​ជាង​៤០០​គ្រួសារ ដែល​រស់នៅ​តាម​ដី​ចំណី​ស្ទឹង​សៀមរាប ក៏​ទទួលបាន​ដំណោះស្រាយ​តាម​គោលនយោបាយ​ខាងលើ​នេះដែរ​៕
 
 

Tag:
 គម្រោង​អភិវឌ្ឍន៍​ផ្លូវ​៣៨​ខ្សែ​
  ហេដ្ឋារចនាសម្ព័ន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com