COVID-19
ជាតិ
សម្តេច ហ៊ុន សែន៖ ស្ត្រី និងក្មេងស្រី ត្រូវទទួលបានភាគផលពីកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច
08, Mar 2021 , 7:40 am        
រូបភាព
សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី នាពេលអបអរសាទរទិវានារីអន្តរជាតិកាលពីឆ្នាំ២០១៩
សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី នាពេលអបអរសាទរទិវានារីអន្តរជាតិកាលពីឆ្នាំ២០១៩
ដោយ: រួបរួម
នាឱកាសអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ខួបទី១១០ ក្រោមប្រធានបទ «ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារលិខិត ដោយបង្ហាញពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ស្ត្រីក្នុងការដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្ត។ ជាមួយគ្នា ប្រមុខរដ្ឋាភិបាល បន្តជំរុញការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រដើម្បីឲ្យស្ត្រី និងក្មេងស្រី ទទួលបានភាគផលពីកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។



សម្តេច ហ៊ុន សែន បានកោតសរសើរចំពោះក្រសួងកិច្ចការនារី ក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ស៊ីវិល ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ ដែលចូលរួមអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ស្របតាមយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ដែល «ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមកិច្ច»។

ជានិច្ចកាល រដ្ឋាភិបាលយកចិត្តទុកក្នុងការបង្កើនសមាមាត្រស្ត្រីក្នុងស្ថាប័នសាធារណៈ ដើម្បីឲ្យស្ត្រីចូលរួមកាន់តែច្រើនឡើងក្នុងការដឹកនាំ និងធ្វើសេចក្តីសម្រេចចិត្តទាំងនៅថ្នាក់ជាតិ និងក្រោមថ្នាក់ជាតិ ពីមួយអណត្តិទៅមួយអណត្តិ។

ប្រមុខរដ្ឋាភិបាលបង្ហាញពីតួលេខកើនឡើងនៃចំនួនស្ត្រីក្នុងស្ថាប័ននីតិបញ្ញត្តិ និតីប្រតិបត្តិ ជាពិសេសស្ត្រីជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។ ក្នុងវិស័យមុខងារសាធារណៈ ចំនួនស្ត្រីជារាជការកើនពី៣២ភាគរយនៅឆ្នាំ២០០៧ ដល់៤១ភាគរយនៅឆ្នាំ២០២០ ហើយសមាមាត្រស្ត្រីជាមន្ត្រីរាជការក្នុងតួនាទីធ្វើសេចក្តីសម្រេចចិត្តកើនឡើងដល់២៤ភាគរយនៅឆ្នាំ២០១៩។

នៅថ្នាក់ក្រោមជាតិ ស្ត្រីជាអភិបាលខេត្តមាន២រូប ជាអភិបាលក្រុង ស្រុក-ខណ្ឌ ៦រូប ស្ត្រីជាមេឃុំ-ចៅសង្កាត់កើនពី៤២រូបនៅឆ្នាំ២០០២ ដល់១៣០រូបនៅឆ្នាំ២០១៧។ ចាប់ពីឆ្នាំ២០០៦មក ស្ត្រីក្នុងកងកម្លាំងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ មានចំនួន៣៨៧នាក់ក្នុងចំណោមកងកម្លាំងសរុប៧០៤០នាក់។

ទាក់ទងនឹងវិស័យសេដ្ឋកិច្ច ស្ត្រីចូលរួមក្នុងកម្លាំងពលកម្មមានអត្រា៧៩ភាគរយ និងជាម្ចាស់អាជីវកម្ម ៦១ភាគរយ ដោយភាគច្រើនជាអាជីវកម្មខ្នាតមីក្រូ ខ្នាតតូច និងមធ្យម។ រីឯការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និស្សិតជាស្ត្រីដែលចូលរៀនបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា (STEAM) កើន១៧,៤ភាគរយនៃចំនួនសរុប២៧,១ភាគរយ។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានលើកឡើងពីកម្មវិធីផ្តល់សេវាជំនួយផ្នែកច្បាប់ដល់ស្ត្រី និងក្មេងស្រីក្រីក្រ តាមរយៈការទម្លាក់កញ្ចប់ថវិកាជាតិចំនួន៥០០លានរៀលក្នុងមួយឆ្នាំ តាមរយៈក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ រដ្ឋាភិបាលក៏នៅតែបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ផងដែរ។

ក្នុងបរិបទកូវីដ-១៩ សម្តេចបានជំរុញការអនុវត្តគន្លងថ្មីក្រោមទស្សនាទានថ្មី ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់ឲ្យនៅឯកោ ពោលគឺជាផ្នែកនៃយុទ្ធសាស្ត្រចតុកោនដំណាក់កាលទី៤ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ចំណុចអាទិភាពដែលប្រមុខរដ្ឋាភិបាលស្នើឲ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល និងវិស័យឯកជន ព្រមទាំងពលរដ្ឋផ្តោតយកចិត្តទុកដាក់ចំពោះស្ត្រីនិងក្មេងស្រី រួមមាន ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការបន្តជំរុញចលនាជាតិប្រយុទ្ធនឹងកូវីដ-១៩, ការពង្រីកវិសាលភាពគ្រប់ដណ្តប់នៃប្រព័ន្ធគាំពារសង្គម, ការបន្តពង្រីងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី, ការអភិវឌ្ឍធនធានមនុស្ស និងឌីជីថល ការបន្តធានាលើការការពារសិទ្ធិ, ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ រួមទាំងការពង្រឹងយន្តការគណនេយ្យភាពសម្រាប់សមភាពយេនឌ័ររបស់ក្រសួងស្ថាប័ននៅគ្រប់កម្រិត។



«សូមចូលរួមគាំទ្រគោលនយោបាយសមភាពយេនឌ័រ ដើម្បីបង្កកាលានុវត្តភាពឲ្យស្ត្រី និងក្មេងស្រីចូលរួមយ៉ាងសកម្មពេញលេញ ព្រមទាំងទទួលបានភាគផលពីកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិនៅគ្រប់ជំនាន់ និងទៅអនាគត»។ នេះជាការអំពាវនាវរបស់សម្តេច ហ៊ុន សែន៕
 


Tag:
 ៨មីនា
© រក្សាសិទ្ធិដោយ thmeythmey.com