អន្តរជាតិ
ថៃ ដាក់ផែនការកាត់បន្ថយចំនួនឧត្តមសេនីយ៍ក្នុងជួរកម្លាំងប្រដាប់អាវុធ
09, Mar 2021 , 8:29 am        
រូបភាព
កងទ័ពថៃក្នុងក្បួនព្យុហយាត្រាកន្លងមក។ រូបថត AFP
កងទ័ពថៃក្នុងក្បួនព្យុហយាត្រាកន្លងមក។ រូបថត AFP
ដោយ:
ក្រសួងការពារជាតិថៃ បានដាក់ចេញផែនការកាត់បន្ថយឋានន្តរសក្តិចាប់ពីឧត្តមសេនីយ៌ឡើងទៅឱ្យបាន២៥ភាគរយ ត្រឹមឆ្នាំ២០២៩។ មន្ត្រីយោធាថៃដែលមានឋានន្តរសក្តិចាប់ពីឧត្តសេនីយ៍ឡើងទៅមានចំនួន១,៤០០នាក់ ដែលជាចំនួននេះ មិនប្រែប្រួលឡើយក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយ។


ក្នុងចំណោមឧត្តមសេនីយ៍ទាំង១,៤០០ ក្នុងជួរកម្លាំងប្រដាប់អាវុធថៃ កងទ័ពជើងគោកមានឧត្តមសេនីយ៍ចំនួន៤០០នាក់ កងទ័ពជើងទឹកមានឧត្តមសេនីយ៍ចំនួន២៥០នាក់ កងទ័ពអាកាសមានឧត្តមសេនីយ៍១៩០នាក់ អគ្គបញ្ជាការដ្ឋានកងទ័ពមានឧត្តមសេនីយ៍២៥០នាក់ ចំណែកការិយាល័យលេខាធិការអចិន្រ្តៃយ៍នៃក្រសួងការពារជាតិមានឧត្តមសេនីយ៍៣០០នាក់។ នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី៨ ខែមីនា។
 
ជាមួយចំនួនច្រើនសន្ធឹកសន្ធាប់បែបនេះ អគ្គបញ្ជាការដ្ឋានកងទ័ពភូមិន្ទថៃ ក៏ដាក់ចេញផែនការកាត់បន្ថយចំនួនមន្ត្រីជាន់ខ្ពស់ឱ្យបាន២៥ភាគរយនៅឆ្នាំ២០២៩ ខាងមុខ។ ជាជំហានដំបូង ក្រសួងការពារជាតិថៃ នឹងកាត់បន្ថយឧត្តមសេនីយ៍ឱ្យបាន៥ភាគរយទៅ១០ភាគរយ។ នេះជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ Teerapong Pattamasingh Na Ayuthaya អ្នកនាំពាក្យរងនៃអគ្គបញ្ជាការដ្ឋានកងទ័ពថៃ។ 
 
ដើម្បីសម្រេចគោលបំណងនេះបាន ថ្នាក់ដឹកនាំយោធាសម្រេចកាត់បន្ថយការតែងតាំងអ្នកជំនាញ អ្នកឯកទេស និងអ្នកជំនាញពិសេស ដែលជាទូទៅទទួលបានឋានន្តរសក្តិជាឧត្តមសេនីយ៍។ បន្ថែមពីនេះមន្ត្រីយោធាដែលចូលនិវត្តក៏នឹងមិនត្រូវជំនួសឡើយ។ ក្រសួងការពារជាតិថៃ ក៏សម្រេចផ្អាកការបង្កើតអង្គភាពថ្មីដែលមានឧត្តមសេនីយ៍ផ្កាយពីរជាអ្នកទទួលបន្ទុក ចំណែកអង្គភាពដែលមានការងារជាន់គ្នានឹងត្រូវរំសាយចោល។
 
ការកាត់បន្ថយការតែងតាំងអ្នកជំនាញ អ្នកឯកទេស និងអ្នកជំនាញពិសេស ត្រូវបានចាត់ទុកថាជាចំណុចស្នូលនៃការកាត់បន្ថយចំនួនកងទ័ព និងកំណែទម្រង់វិស័យការពារជាតិ។ ជាទូទៅ តំណែងនេះពុំមានការងារច្បាស់លាស់ឡើយ ហើយត្រូវផ្តល់ជូនទៅមន្ត្រីយោធាជាន់ខ្ពស់ដែលមិនទទួលបានតំណែងសំខាន់ៗ ឬពុំទទួលបានការដំឡើងឋានន្តរសក្តិ។ តំណែងទាំងនេះទទួលបានប្រាក់ខែប្រមាណ៦៥០ដុល្លារ ទៅ៩៧៥ដុល្លារក្នុងមួយខែផងដែរ។
 
ចំពោះផែនការខាងលើនេះ លោក Kongcheep Tantravanichអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា ការកាត់បន្ថយចំនួនកងទ័ពចាប់ផ្តើមតាំងតែពីខែមិថុនាឆ្នាំ២០២០មកម្ល៉េះ។ គ្រានោះគណៈរដ្ឋមន្ត្រីថៃអនុញ្ញាតឱ្យជនស៊ីវិលអាចបម្រើការងារក្នុងក្រសួងការពារជាតិ។
 
ជនស៊ីវិលដែលបម្រើការដូចជាផ្នែកច្បាប់ ពេទ្យ គណនេយ្យ និងការងាររដ្ឋបាល នឹងមិនទទួលបានឋានន្តរសក្តិយោធាឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com