ជាតិ
នគរបាលព្រះសីហនុ ចាប់ចិននិងវៀតណាម៤នាក់ ដែលលួចផ្ញើគ្រឿងញៀន ឲ្យអ្នកធ្វើចត្តាឡីស័ក
10, Mar 2021 , 5:04 pm        
រូបភាព
លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ (រូបពីទំព័រហ្វេសប៊ុករបស់លោក ជួន ណារិន្ទ)
លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ (រូបពីទំព័រហ្វេសប៊ុករបស់លោក ជួន ណារិន្ទ)
ភ្នំពេញ៖ ស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ អះអាងថា ជនជាតិចិន៣នាក់ និងវៀតណាម្នាក់ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួន ក្រោយរកឃើញថា ពួកគេបាននាំគ្រឿងញៀនឲ្យអ្នកដែលកំពុងធ្វើចត្តាឡីស័ក។ 



លោក ជួន ណារិន្ទ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១០មីនានេះថា ជនជាតិចិននិងវៀតណាមទាំង៤នាក់នោះ បានបង្កប់គ្រឿងញៀនជាមួយអីវ៉ាន់ ដើម្បីផ្ញើឲ្យអ្នកដែលកំពុងធ្វើចត្តាឡីស័ក ប៉ុន្តែត្រូវសមត្ថកិច្ចពិនិត្យនិងស្រាវជ្រាវឃើញជាបន្តបន្ទាប់។ លោក បញ្ជាក់ថា ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី៨មីនា ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងនិងវត្ថុតាងដើម្បីបញ្ជូនខ្លួនពួកគេទៅតុលាការ។ 
 
ស្នងការខេត្តព្រះសីហនុ មានប្រសាសន៍ដូច្នេះថា៖ «បាទពិតមែន! ជនជាតិចិន៣នាក់និងវៀតណាមម្នាក់ត្រូវបានឃាត់ខ្លួនដោយសារលួចបង្កប់គ្រឿងញៀនជាមួយអីវ៉ាន់ផ្ញើឲ្យអ្នកកំពុងធ្វើចត្តាឡីស័ក។ ខ្ញុំបានរៀបចំតាមនីតិវិធីហើយ គឺកំពុងរៀបចំបញ្ជូនទៅតុលាការ»៕
 

Tag:
 ព្រះសីហនុ
  គ្រឿងញៀន
  ចត្តាឡីស័ក
© រក្សាសិទ្ធិដោយ thmeythmey.com