COVID-19
ជាតិ
យោធា បញ្ចេញរថយន្ត២០០គ្រឿង សម្រាប់ដឹកពលករខ្មែរពីប្រទេសថៃ ទៅកាន់ស្រុកកំណើត
10, Mar 2021 , 11:29 pm        
រូបភាព
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បញ្ជាឲ្យបញ្ចេញរថយន្តកងទ័ព២០០គ្រឿង សម្រាប់ដឹកពលករខ្មែរ ដែលចេញពីថៃ មកដល់ព្រំដែនកម្ពុជា-ថៃ ទៅកាន់ខេត្តរបស់ពួកគេរៀងៗខ្លួន។ នេះបើតាមព័ត៌មាន ដែលផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់កងទ័ពជើងគោក នៅថ្ងៃទី១០ ខែមីនានេះ។


 
ទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោក បានឲ្យដឹងថា ការសម្រេចបញ្ចេញរថយន្តកងទ័ពទាំង២០០គ្រឿងនេះ គឺដោយសារពលករខ្មែរ សម្រុកចាកចេញពីប្រទេសថៃ មកកាន់កម្ពុជាវិញ ដើម្បីមកចូលរួមពិធិបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខឆាប់ៗនេះ។  ប្រភពដែល បន្តថា ក្នុងចំណោមរថយន្តទាំង២០០គ្រឿងនេះ១១០គ្រឿង បញ្ចេញពីកងពលលេង៩០ និង៩០គ្រឿង បញ្ចេញពីកងពលតូចដឹកជញ្ជូនលេខ៩៩។ 
 
ថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចមិនឲ្យទុកពលករដ្ឋខ្មែរ ដែលមានសុខភាពធម្មតា នៅធ្វើចត្តាឡីស័ក តាមព្រំដែនទៀតឡើយ ដោយត្រូវដឹកពួកគេ ទៅកាន់ខេត្តរៀងៗខ្លួនតែម្តង។ អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់បន្ថែមថា ដ្បិតមិនធ្វើចត្តាឡីស័កនៅតាមព្រំដែន តែពលករ ដែលមានសុខភាពធម្មតា នៅតែត្រូវធ្វើចត្តាឡីស័ក ពេលទៅដល់ខេត្តរៀងៗខ្លួន។ ចំពោះពលករ ដែលអាការឬរោគសញ្ញាសង្ស័យ ប្រមុខរដ្ឋាភិបាល ប្រាប់អាជ្ញាធរ ឲ្យទុកពួកគេ នៅធ្វើចត្តាឡីស័ក តាមព្រំដែនដដែល៕ 
 

Tag:
 កូវីដ-១៩
  ហ៊ុន ម៉ាណែត
  ចត្តាឡីស័ក
  ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com