COVID-19
ជាតិ
កូវីដ-១៩៖ ករណីឆ្លង៣៩នាក់ទៀត ដោយបាត់ដំបងជាខេត្តទី១០ដែលមានករណីសហគមន៍២០កុម្ភៈ
11, Mar 2021 , 7:15 am        
រូបភាព
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ នាពេលចុះពិនិត្យមណ្ឌលចត្តាឡីស័កមួយនៅស្រុកល្វាឯម កន្លងមក
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ នាពេលចុះពិនិត្យមណ្ឌលចត្តាឡីស័កមួយនៅស្រុកល្វាឯម កន្លងមក
ដោយ: ថ្មីៗ
មនុស្សចំនួន៣៩នាក់បន្ថែមទៀត មានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ នៅកម្ពុជា ដែលជាករណីសហគមន៍២០កុម្ភៈ។ គិតមកដល់ពេលនេះ តួលេខសរុបអ្នកកើតកូវីដ-១៩ នៅកម្ពុជា ឡើងដល់១១៦៣នាក់ ក្នុងនោះ៦៥២នាក់ ជាករណីសហគមន៍២០កុម្ភៈ ដែលផ្តើមចេញពីរាជធានីភ្នំពេញ បន្តទៅខេត្តកណ្តាល ខេត្តព្រះសីហនុ ព្រៃវែង កោះកុង ស្វាយរៀង កំពង់ធំ កំពង់ចាម និងសៀមរាប។ បាត់ដំបងក្លាយជាខេត្តទី១០ដែលមានករណីសហគមន៍២០កុម្ភៈ។



ក្នុងចំណោមអ្នកជំងឺទាំង៣៩នាក់ មាន២២នាក់នៅរាជធានីភ្នំពេញ (ខ្មែរ២០នាក់, វៀតណាម១នាក់, កូរ៉េខាងត្បូង១នាក់) ៩នាក់នៅកណ្តាល (ចិន៦នាក់ វៀតណាម២នាក់ ខ្មែរ១នាក់) ៦នាក់នៅព្រៃវែង (ស្ត្រីខ្មែរទាំង៦នាក់) ១នាក់នៅព្រះសីហនុ (បុរសចិន) និង១នាក់នៅបាត់ដំបង (ស្ត្រីអាយុ៣០ឆ្នាំនៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់)។

ករណីនៅភ្នំពេញភាគច្រើន អ្នកជំងឺមានអាសយដ្ឋាននៅសង្កាត់ចាក់អង្រែ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងតាមបណ្តាសង្កាត់ ខណ្ឌផ្សេងទៀត។ អ្នកជំងឺនៅខេត្តកណ្តាលភាគច្រើនមានមូលដ្ឋាននៅឃុំសំពៅពូន ស្រុកកោះធំ រីឯករណីថ្ងៃនេះនៅព្រៃវែង ស្ថិតនៅឃុំរំចេក ឃុំក្រាំងស្វាយ និងឃុំកំពង់សឹង ស្រុកព្រះស្តេច។

ករណីសហគមន៍២០កុម្ភៈ បានរាលដាលដល់១០ខេត្តហើយ ដោយចេញពីរាជធានីភ្នំពេញ បន្តទៅខេត្តកណ្តាល ព្រះសីហនុ និងបណ្តាខេត្តជាបន្តបន្ទាប់មានស្វាយរៀង កោះកុង ព្រៃវែង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។

ស្របពេលជាមួយគ្នា អ្នកជំងឺ​សហគមន៍​ដល់ទៅ៤៨នាក់បានជាសះស្បើយដោយភាគច្រើនជាជនជាតិចិន បន្ទាប់មកមានវៀតណាម និងខ្មែរ។ ៣នាក់ត្រូវបាន​អនុញ្ញាតឲ្យ​ចេញពីមន្ទីរពេទ្យ​ខ្មែរសូវៀត ៥នាក់ចេញពីមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ៨នាក់ចេញពីវិទ្យាល័យបុរី១០០ខ្នង ១៧នាក់ចេញពីសណ្ឋាគារសុខា ៤នាក់ចេញពីមណ្ឌលសុខភាពចាក់អង្រែ និង១១នាក់ពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។

គិតមកដល់ពេលនេះ កម្ពុជាមានកូវីដ-១៩សរុប​១១៦៣ករណី ក្នុងនោះ៦៥២ជាករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺ​៥៩៧នាក់ បានជាសះស្បើយ (១១០នាក់សហគមន៍) ខណៈ៥៦៥នាក់ទៀតបន្ត​សម្រាកព្យាបាលនៅមន្ទីរពេទ្យ មណ្ឌលសុខភាព និងទីតាំងដែលក្រសួងសុខាភិបាលបាន​រៀបចំ៕

© រក្សាសិទ្ធិដោយ thmeythmey.com