COVID-19
អន្តរជាតិ
សមាជិក WTO ទាស់គំនិតគ្នាលើការព្យួរសិទ្ធិប៉ាតង់ផលិតវ៉ាក់សាំងកូវីដ-១៩
11, Mar 2021 , 10:40 am        
រូបភាព
ដោយ:
ប្រទេសអ្នកមាន និងប្រទេសកំពុងអភិវឌ្ឍដែលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO) ទាស់គំនិតគ្នារឿងសិទ្ធិប៉ាតង់វ៉ាក់សាំងកូវីដ-១៩។ ប្រទេសអ្នកមានជំទាស់សំណើររបស់ប្រទសកំពុងអភិវឌ្ឍមានឥណ្ឌា និងអាហ្វ្រិកខាងត្បូងជាដើម ក្នុងការព្យួរសិទ្ធិប៉ាតង់ដែលបើកផ្លូវឱ្យក្រុមហ៊ុនដទៃអាចទទួលបានចំណេះដឹងស្តីពីការផលិតវ៉ាក់សាំង ហើយអាចផលិតវ៉ាក់សាំងកាន់តែច្រើនដើម្បីបំពេញតម្រូវការ។

 
ឥណ្ឌា និងអាហ្វ្រិកខាងត្បូង កំពុងដឹកនាំយុទ្ធនាការការទាមទារឱ្យព្យួរសិទ្ធិប៉ាតង់លើវ៉ាក់សាំងកូវីដ-១៩ ដើម្បីឈានទៅបង្កើនផលិតកម្មឧបករណ៍ទប់ទល់ជំងឺឆ្លងមួយនេះឱ្យបានច្រើន។ ប្រទេសទាំងពីរ ស្នើឱ្យកែប្រែបញ្ញត្តិនៃកិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញា(TRIPS)។ សិទ្ធិប៉ាតង់(ប្រកាសនីយប័ត្រតក្កកម្ម) ជាផ្នែកមួយនៃកម្មសិទ្ធិបញ្ញា ដែលផ្តល់សិទ្ធិ និងការការពារដល់អ្នកផលិត ក្នុងការគ្រប់គ្រងផលិតកម្ម និងចែកចាយ ឬទទួលផលពីអ្វីដែលខ្លួនបានរកឃើញ ឬបង្កើតឡើង។
 
 
 
អំឡុងកិច្ចប្រជុំក្រុមប្រឹក្សា TRIPS នៅថ្ងៃទី១០ ខែមីនា អាហ្វ្រិកខាងត្បូងលើកឡើងថា ប្រព័ន្ធ TRIPSបច្ចុប្បន្ននេះមិនសូវមានដំណើរការ ដោយលើកពីបរាជ័យរបស់ប្រព័ន្ធនេះក្នុងការស្វែងរកឱសថអំឡុងពេលផ្ទុះឡើងនៃជំងឺអេដស៍ដែលពលរដ្ឋអាហ្វ្រិកខាងត្បូង១១លាននាក់ស្លាប់។ 
 
កាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ អង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) រួមជាមួយអង្គការសង្គមស៊ីវិលចំនួន៣៧៥ផ្សេងទៀតបានចេញលិខិតគាំទ្រសំណើក្នុងការព្យួរសិទ្ធិប៉ាតង់នេះ។ សំណើរបស់អាហ្វ្រិកខាងត្បូង និងឥណ្ឌាត្រូវបានគាំទ្រដោយប្រទេសកំពុងអភិវឌ្ឍជាច្រើន ប៉ុន្តែត្រូវបដិសេធដោយសមាជិក WTO មួយចំនួនមានអង់គ្លេស ស្វ៊ីស ប្រទេសសមាជិកសហភាពអឺរ៉ុប និងអាមេរិក។ ប្រទេសទាំងនោះមានក្រុមហ៊ុនផលិតឱសថទ្រង់ទ្រាយធំជាច្រើន និងចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងការស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំង។ 
 
បើតាមទីភ្នាក់ព័ត៌មាន Reuters ប្រទេសដែលបដិសេធសំណើខាងលើ លើកឡើងពីការការពារកម្មសិទ្ធិបញ្ញាដែលជាមូលដ្ឋានគ្រឹះនៃការស្រាវជ្រាវ និងនវានុវត្តន៍។ ប្រទេសទាំងនេះអះអាងថា ការព្យួរសិទ្ធិប៉ាតង់ក៏នឹងមិនធ្វើឱ្យចំនួនវ៉ាក់សាំងកូវីដ-១៩ កើនឡើងភ្លាមៗដែរ។
 
ចាប់តាំងពីខែតុលា ឆ្នាំ២០២០ មក WTO បានបើកកិច្ចប្រជុំស្តីពីប្រធានបទនេះចំនួន៨ដងរួចមកហើយ។ ការពិភាក្សានៅថ្ងៃទី១០ ខែមីនា ក្រុមប្រឹក្សា TRIPS នៅតែបរាជ័យមិនអាចសម្រេចអ្វីបានក្រោយពីប្រជុំអស់រយៈពេល៣ម៉ោង។ សមាជិក WTO ទាំងអស់ចំនួន១៦៤ ត្រូវផ្តល់ការយល់ព្រម ដើម្បីអនុម័តសំណើរនេះ។ ទោះជាពុំបានសម្រេចអ្វីមែន សមាជិក WTO យល់ព្រមលើកប្រធានបទនេះមកពិភាក្សាចំនួន២ដងទៀតនៅខែមេសា។
 
លោកស្រី Ngozi Okonjo-Iweala អគ្គនាយិកា WTO លើកឡើងថា ការពិភាក្សាពីស្តីពីការព្យួរសិទ្ធិប៉ាតង់មានសារសំខាន់។ ប៉ុន្តែលោកស្រីក៏បានរំឭករដ្ឋាភិបាល និងក្រុមអ្នកជំនាញថា គេចាំបាច់ត្រូវធ្វើសកម្មភាពនាពេលនេះដើម្បីបង្កើនផលិតកម្មវ៉ាក់សាំង។ ក្នុងសុន្ទរកថានាថ្ងៃទី៩ ខែមីនា លោកស្រីនិយាយថា អ្នកផលិតឱសថ និងវ៉ាក់សាំងគួរតែពិភាក្សាជាមួយស្ថាប័នពិភពលោកដូចជាអង្គការសុខភាពពិភពលោក (WHO) និងសម្ព័ន្ធវ៉ាក់សាំង GAVI ដើម្បីពិនិត្យលើជម្រើសផ្សេងៗឯទៀតក្នុងការបង្កើនផលិតកម្មវ៉ាក់សាំង។ 
 
កាលពីថ្ងៃទី៥ ខែមីនាលោក Tedros Adhanom Ghebreyesus អគ្គនាយក WHO អំពាវនាវឱ្យប្រទេស និងអ្នកផលិតវ៉ាក់សាំងព្យួរសិទ្ធិប៉ាតង់ វ៉ាក់សាំងកូវីដ-១៩ រហូតដល់ផុតរលត់ជំងឺរាតត្បាតសាកលកូវីដ-១៩៕
 

Tag:
 WTO
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com