កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន ថ្នាក់ខេត្ត៖ ត្បូងឃ្មុំជាក្រុមដំបូងដែលបានកៅអីទៅវគ្គបន្ត ខណៈតាកែវអស់ឱកាស
11, Mar 2021 , 1:59 pm        
រូបភាព
ត្បូងឃ្មុំ ឡើងទៅកាន់វគ្គបន្តដោយស្វ័យប្រវត្តិ។ រូបថត CNCC
ត្បូងឃ្មុំ ឡើងទៅកាន់វគ្គបន្តដោយស្វ័យប្រវត្តិ។ រូបថត CNCC
ដោយ: រួបរួម
ជ័យជម្នះ ៧-១ លើខេត្តរតនគិរី នាំឲ្យត្បូងឃ្មុំក្លាយជាក្រុមដំបូងដែលទទួលបានកៅអីទៅវគ្គបន្តសម្រាប់ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២១នេះ ខណៈខេត្តតាកែវ បន្តចាញ់៤ប្រកួតជាប់គ្នា ធ្វើឲ្យពួកគេត្រូវហាលអាវដោយស្វ័យប្រវត្តិនៅក្នុងពូល។ ក្រៅពីនេះ ភ្នំពេញហ្គាឡាក់ស៊ី ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ចាម និងកោះកុង អេហ្វស៊ី ក៏កំពុងមានប្រៀបក្នុងពូលរៀងៗខ្លួនផងដែរ។

 
នៅក្នុងពូល F មន្ទីរ អយក ខេត្តត្បូងឃ្មុំ បានយកឈ្នះ ម្ចាស់ផ្ទះអធិរាជដំរីឦសាន ខេត្តរតនគិរី ៧-១ នៅទីលានបុរីកម្មករ៤ (កាចាញ)។ លទ្ធផលនេះ នាំឲ្យ ត្បូងឃ្មុំ មាន៩ពិន្ទុ ខណៈរតនគិរី មាន៣ពិន្ទុ ក្រោយប្រកួតបាន៣លើកដូចគ្នា រីឯព្រះវិហារ ប្រកួតចាញ់ទាំង២លើក។ ទោះលទ្ធផលនាជំនួបចុងក្រោយជាមួយព្រះវិហារ បែបណាក៏ដោយ ក៏ត្បូងឃ្មុំ នៅតែរក្សាចំណាត់ថ្នាក់លេខ១នៅក្នុងពូលដដែល។


 
ដោយឡែកពូល A ឯណោះវិញ រដ្ឋបាលខេត្តតាកែវ បានចាញ់ មន្ទីរ អយក ខេត្តកំពង់ឆ្នាំង ៤-១ ដែលជាបរាជ័យក្នុងការប្រកួតទាំង៤លើក។ ការប្រកួតពីរលើកដែលនៅសេសសល់សម្រាប់តាកែវ គ្រាន់តែជាការបង្គ្រប់កិច្ចប៉ុណ្ណោះ ខណៈពួកគេមានគម្លាតពីក្រុមលេខ៣ដល់ទៅ៧ពិន្ទុ។ ភ្នំពេញហ្គាឡាក់ស៊ីបានយកឈ្នះខេត្តកំពង់ស្ពឺ ២-១ ដើម្បីឈរចំណាត់ថ្នាក់លេខ១ ដោយមាន៨ពិន្ទុ កំពង់ស្ពឺ និងកំពង់ឆ្នាំង មាន៧ពិន្ទុ ដូចគ្នា។
 
នៅក្នុងពូល B ខេត្តបន្ទាយមានជ័យ មាន១០ពិន្ទុ ឈរលើកំពូលតារាង ក្រោយឈ្នះម្ចាស់ផ្ទះ ស.ស.យ.ក ខេត្តបាត់ដំបង ៣-២។ សូហ្វីយ៉ា ប៉ៃលិន មាន៧ពិន្ទុ ស.ស.យ.ក ខេត្តបាត់ដំបង មាន៦ពិន្ទុ ខណៈ ស.យ.ស.ស ខេត្តពោធ៍សាត់  មិនទាន់មានពិន្ទុរាប់ ហើយមានឱកាសដ៏តិចតួចបំផុតក្នុងការប្រជែងសម្រាប់តំណែងក្រុមលេខ៣ឆ្នើម។


 
សម្រាប់ពូល C ខេត្តឧត្តរមានជ័យ បានយកឈ្នះ កងរាជអាវុត្ថហត្ថ ខេត្តកំពង់ធំ ១-០ ដើម្បីឈរលើចំណាត់ថ្នាក់លេខ១ ដោយមាន៦ពិន្ទុ ខណៈកំពង់ធំ មាន៣ពិន្ទុ ក្រោយប្រកួតបាន៣លើកដូចគ្នា។ សៀមរាប អេហ្វស៊ី ដែលមាន២ប្រកួតនៅក្នុងដៃ មាន៣ពិន្ទុ ផងដែរ។
 
នៅពូល D ឯណោះវិញ ជំនួបរវាង មន្ទីរ អយក ខេត្តកំពង់ចាម និង មន្ទីរ អយក ខេត្តស្វាយរៀង នៅទីលានវិទ្យាល័យព្រះសីហនុ ត្រូវបានលើកពេល ដោយគណៈកម្មការប្រកយតបាល់ទាត់ជាតិកម្ពុជា (CNCC) មិនទាន់ប្រកាសកាលបរិច្ឆេទថ្មីនោះឡើយ។ បច្ចុប្បន្ន កំពង់ចាមដែលប្រកួតបាន២លើក មាន៤ពិន្ទុ ខណៈស្វាយរៀង មាន១ពិន្ទុ និងខេត្តកណ្តាល គ្មានពិន្ទុ ក្រោយទើបប្រកួតបាន១លើកប៉ុណ្ណោះ។


 
ចំពោះពូល E កោះកុង អេហ្វស៊ី ឈរលើកំពូលតារាងដោយមាន៧ពិន្ទុ មន្ទីរ អយក ខេត្តកែប មាន៤ពិន្ទុ ខេត្តព្រះសីហនុ មាន៣ពិន្ទុ ដោយទើបប្រកួតបាន២លើក។ មន្ទីរ អយក ខេត្តកំពត មិនសូវមានឱកាសច្រើននោះឡើយ ដោយពួកគេបានចាញ់ទាំងបីប្រកួតដំបូងរបស់ខ្លួន។
 
ក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗ រួមទាំងក្រុមលេខ៣ដែលមានពិន្ទុខ្ពស់ចំនួន៤ក្រុមទៀត នឹងទទួលបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត ហើយបន្ទាប់មក ក្រុមដែលទទួលបានជើងឯក ក្រុមចំណាត់ថ្នាក់លេខ២ និងលេខ៣ ទទួលបានកៅអីបន្តទៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ថ្នាក់ជាតិ ដោយមាន១៣ក្រុមទៀតនៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រង់ចាំរួចជាស្រេច៕
 



Tag:
 Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com