អន្តរជាតិ
ពលរដ្ឋមីយ៉ាន់ម៉ា រិះគន់ស្រីលង្កាដែលអញ្ជើញប្រមុខការទូតរបបយោធាចូលរួមកិច្ចប្រជុំថ្នាក់តំបន់
11, Mar 2021 , 5:19 pm        
រូបភាព
បាតុករស្រីលង្កាតវ៉ានៅមុខស្ថានទូតមីយ៉ាន់ម៉ាប្រចាំទីក្រុងកូឡុំបូ។ រូបថត AFP
បាតុករស្រីលង្កាតវ៉ានៅមុខស្ថានទូតមីយ៉ាន់ម៉ាប្រចាំទីក្រុងកូឡុំបូ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេស នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Wunna Maung Lwin ត្រូវបានស្រីលង្កាអញ្ជើញឱ្យចូលរួមកិច្ចប្រជុំថ្នាក់តំបន់មួយនៅខែក្រោយ។ យ៉ាងណាមិញ ការអញ្ជើញនេះ បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមនៅមីយ៉ាន់ម៉ា ដែលចោទស្រីលង្កាថា គាំទ្ររដ្ឋប្រហារយោធា។


នៅក្នុងលិខិតអញ្ជើញមួយ ដែលឃើញដោយទីភ្នាក់ងារព័ត៌មាន AFP ប្រមុខការទូតស្រីលង្កា បានអញ្ជើញប្រមុខការទូតតំណាងឱ្យរបបសឹកមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសគំនិតផ្តួចផ្តើមនៃឆកសមុទ្រ Bengal  លើពហុវិស័យបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (BIMSTEC) តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១ ខែមេសា ខាងមុខ។ គំនិតផ្តួចផ្តើមនេះ មានប្រទេសជាសមាជិកដូចជា ថៃ, បង់ក្លាដែស, ប៊ូតង់, ឥណ្ឌា, នេប៉ាល់, ស្រីលង្កា, និងមីយ៉ាន់ម៉ា។
 
«កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសលើកទី១៧ នឹងទទួលបានផលប្រយោជន៌ជាច្រើនពីវត្តមានរបស់ឯកឧត្តម»។ រដ្ឋមន្រ្តីការបរទេសស្រីលង្កា លោក Dinesh Gunawardena បានបញ្ជាក់បែបនេះ នៅក្នុងលិខិតអញ្ជើញ ដោយបន្ថែមថា លោកនឹងពិនិត្យបន្ថែមទៀត លើការភ្ជាប់ទំនាក់ទំនងដ៏ជិតស្និទ្ធនៅក្នុងដំណើរការនៃកិច្ចប្រជុំផងដែរ។ 
 
កន្លងមកក្រុងកូឡុំបូ និងក្រុងណៃពិដោ មានទំនាក់ទំនងសាសនាជាមួយគ្នាយ៉ាងល្អ ដោយសារប្រទេសទាំងពីរប្រកាន់ពុទ្ធសាសនានិកាយដូចគ្នា។ 
 
យ៉ាងណាមិញ លិខិតអញ្ជើញខាងលើ បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមមីយ៉ាន់ម៉ា និងចាត់ទុកទង្វើស្រីលង្កា ជាសកម្មភាពទទួលស្គាល់របបសឹក និងគាំទ្ររដ្ឋប្រហារយោធា នៅពេលកន្លងមក។ អ្នកលេងបណ្តាញសង្គម Twitter ម្នាក់ ដែលមានឈ្មោះ Hein Min Htay បានចាត់ទុកលិខិតអញ្ជើញខាងលើ ជាទង្វើគ្មានកេរ្តិ៍ខ្មាស បន្ទាប់ពីចិន។ បើតាមគណនី Hein Min Htay ស្រីលង្កា បានអញ្ជើញសមាជិកក្រុមភេរវករមីយ៉ាន់ម៉ាចូលរួម ក្នុងកិច្ចប្រជុំ BIMSTEC ដោយគ្មានការកោតក្រែង។ 
 
មុនពេលស្រីលង្កាផ្ញើលិខិតអញ្ជើញមកមីយ៉ាន់ម៉ា សកម្មជនស្រីលង្កាជាច្រើននាក់ បានបាតុកម្មនៅមុខស្ថានទូតមីយ៉ាន់ម៉ា នៅក្នុងទីក្រុងកូឡុំបូ ដើម្បីថ្កោលទោសលើរដ្ឋប្រហារ និងទាមទារឱ្យកាត់ទោសមេដឹកនាំយោធាពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងប្រល័យពូជសាសន៍។ 
 
ចាប់តាំងពីរដ្ឋប្រហារយោធាមក មិនទាន់មានប្រទេសណាមួយ ទទួលស្គាល់ភាពស្របច្បាប់ នៃរដ្ឋាភិបាលយោធាឡើយ។ 
 
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែមីនា មនុស្សជិត ២ពាន់នាក់ ត្រូវបានចាប់ខ្លួន និងបាតុករច្រើនជាង ៦០នាក់ បានបាត់បង់ជីវិត ខណៈពេលសហគមន៍អន្តរជាតិ បានដាក់សម្ពាធកាន់តែខ្លាំងឡើងលើរបបសឹកឱ្យបញ្ឈប់សកម្មភាពបង្រ្កាប និងសម្លាប់ក្រុមបាតុករ៕ 
 

Tag:
 ស្រីលង្កា
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com