អន្តរជាតិ
របបសឹកមីយ៉ាន់ម៉ា លុបឈ្មោះក្រុមឧទ្ទាមមួយចេញពីបញ្ជីក្រុមភេរវករ
11, Mar 2021 , 9:59 pm        
រូបភាព
លោកឧត្តមសេនីយ មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា។ រូបថត AFP
លោកឧត្តមសេនីយ មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា។ រូបថត AFP
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី១១ ខែមីនា បានលុបក្រុមឧទ្ទាម Arakan Army (AA) នៅរដ្ឋរ៉ាក់ឃីន ចេញពីបញ្ជីក្រុមភេរវករ។ ការដកក្រុមនេះ ចេញពីបញ្ជីក្រុមភេរវកម្ម ធ្វើឡើងដោយសារក្រុមឧទ្ទាមមួយនេះបញ្ឈប់សកម្មភាពរបស់ខ្លួន។

 
ក្រុមឧទ្ទាម Arakan Army ត្រូវបញ្ចូលក្នុងបញ្ជីអង្គការភេរវកម្មនៅក្នុងខែមីនា ឆ្នាំ២០២០ ដោយរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី បន្ទាប់ពីមានការវាយប្រហារជាច្រើនលើកម្លាំងសន្តិសុខមីយ៉ាន់ម៉ា។ កយោធាមីយ៉ាន់ម៉ា និងក្រុម Arakan បានប៉ះទង្គិចគ្នាជាច្រើនលើកនៅក្នុងរដ្ឋរ៉ាក់ឃីន ចាប់តាំងពីឆ្នាំ២០១៨ មក ដែលបង្កឱ្យបាត់បង់ជីវិតជាច្រើននាក់ និងប្រជាជនបានបោះបង់ផ្ទះសម្បែងជាច្រើន។
 
យ៉ាងណាមិញ មួយឆ្នាំបន្ទាប់ពីដាក់ក្រុម Arakan ជាក្រុមភេរវករ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានសម្រេចដកក្រុមឧទ្ទាមមួយនេះ ចេញពីបញ្ជីខ្មៅ។ «ការកំណត់ក្រុម Arakan ជាភេរវករ ត្រូវលុបចោលចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១»។ សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា Mirror Daily បានចុះផ្សាយបែបនេះ។ បើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាល ក្រុម Arakan Army លែងប្រព្រឹត្តបទល្មើសភេរវកម្មទៀតហើយ ស្របពេលរដ្ឋាភិបាល បង្កើតសន្តិភាពនៅទូទាំងប្រទេស។ 
 
ចាប់តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២០ ក្រុម Arakan និងក្រុមយោធាមីយ៉ាន់ម៉ា បានជួបគ្នាចំនួន ២លើក ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។ 
 
បន្ទាប់ពីដកចេញពីបញ្ជីខ្មៅ អ្នកនាំពាក្យក្រុមឧទ្ទាម Arakan លោក Khine Thu Kha បានសាទរដំណឹងមួយនេះ។ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានReuters អ្នកនាំពាក្យរូបនេះ និយាយថា ការប្រកាសរបស់រដ្ឋាភិបាលយោធា មិនអាចបញ្ចប់បញ្ហានៅក្នុងប្រទេសបានទេ ប៉ុន្តែវានឹងអាចចាប់ផ្តើមដោះស្រាយបញ្ហានៅក្នុងរដ្ឋរ៉ាក់ឃីន។ បើតាមលោក Khine Thu Kha រដ្ឋរ៉ាក់ឃីន មានជម្លោះជាច្រើនឆ្នាំមកហើយ ចំណែកការលុបចោលចេញពីបញ្ជីខ្មៅ ជាសញ្ញាវិជ្ជមានមួយ។ 
 
ការលុបចោលក្រុមឧទ្ទាម Arakan ចេញពីបញ្ជីភេរវករ ក្នុងអំឡុងពេលមានបាតុកម្មនៅទូទាំងប្រទេសនេះ ត្រូវមើលឃើញថាជាការប៉ុន៉ប៉ងរបស់យោធាដើម្បីលុបចោលឧបសគ្គ និងសម្ពាធមកលើរដ្ឋាភិបាលយោធាប៉ុណ្ណោះ។ ក្រុមឧទ្ទាម Arakan ជាក្រុមប្រដាប់អាវុធមួយ ដែលប្រយុទ្ធដើម្បីស្វ័យភាពរដ្ឋរ៉ាក់ឃីន ហើយក្នុងរយៈពេល ពីរឆ្នាំចុងក្រោយនេះ ក្រុម Arakan គឺជាបញ្ហាប្រឈមមួយសម្រាប់ក្រុមយោធា។ 
 
សូមបញ្ជាក់ថា ចាប់តាំងពីមានរដ្ឋប្រហារយោធា ក្រុមឧទ្ទាមជាច្រើនក្រុម បានរិះគន់លើរបបសឹកមីយ៉ាន់ម៉ា។ ផ្ទុយទៅវិញ ក្រុមArakan មិនទាន់បានរិះគន់លើរដ្ឋប្រហារយោធានៅឡើយទេ៕ 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com