ជាតិ
តម្លៃស្ពៃក្ដោបរបស់កសិករនៅខេត្តបាត់ដំបង ធ្លាក់ថ្លៃ
11, Mar 2021 , 5:19 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកអ្នកស្រី ឡុង ម៉ុម
រូបភាពពីហ្វេសប៊ុកអ្នកស្រី ឡុង ម៉ុម
ដោយ:
តម្លៃស្ពៃក្ដោបរបស់កសិករក្នុងខេត្តបាត់ដំបងធ្លាក់ត្រឹម ៣០០រៀលទៅ ៥០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ខណៈកាលពីមុនស្ពៃក្ដោបអាចលក់ក្នុងតម្លៃ ២ ៥០០រៀលទៅ ៣ ០០០រៀលក្នុងមួយគីឡូក្រាម។ មិនត្រឹមតែតម្លៃធ្លាក់ចុះនោះទេ បច្ចុប្បន្នស្ពៃក្ដោបស្ទើរតែគ្មានអ្នកទិញទៀតផង។

 
កសិករប្រមាណ ២០គ្រួសារក្នុងសហគមន៍កសិកម្មមានជ័យរស្មីរុងរឿង ស្ថិតក្នុងភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង កំពុងមានការព្រួយបារម្ភ ដោយសារបន្លែរបស់ពួកគាត់គ្មានទីផ្សារ។ អ្នកស្រី ឡុង ម៉ុម ប្រធានសហគមន៍កសិកម្មមានជ័យរស្មីរុងរឿង បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា សព្វថ្ងៃបន្លែក្នុងសហគមន៍មិនសូវមានទីផ្សារនោះទេ ទោះបីកសិករដាំបន្លែសុវត្ថិភាព តាមលក្ខណៈបច្ចេកទេសកសិកម្មក៏ដោយ។
 
«សព្វថ្ងៃពិបាករកទីផ្សារណាស់ បន្លែធ្លាក់ថ្លៃគ្រប់មុខ។ តែស្ពៃក្ដោបធ្លាក់ថ្លៃជាងគេ ពីមុនអាចលក់បាន ២ ៥០០រៀលទៅ ៣ ០០០រៀលក្នុងមួយគីឡូក្រាម តែពេលនេះលក់បានតែ ៣០០រៀលទៅ ៥០០រៀលក្នុងមួយគីឡូក្រាម ស្ទើរគ្មានអ្នកទិញផង។ យូរៗក៏មានឈ្មួញទិញយកទៅធ្វើចំណីត្រីស៊ី ១តោនតម្លៃ ១០ម៉ឺនរៀល»។ នេះជាការលើកឡើងរបស់អ្នកស្រី ឡុង ម៉ុម ប្រធានសហគមន៍កសិកម្មមានជ័យរស្មីរុងរឿង ដោយស្នើឲ្យពលរដ្ឋខ្មែរ ក៏ដូចជាបណ្ដាផ្សារទំនើបផ្សេងៗ ជួយគាំទ្រកសិផលខ្មែរ ដើម្បីជាការលើកទឹកចិត្តដល់កសិករ។


ស្ពៃ និងខ្ទឹមស្លឹកក្នុងសហគមន៍អ្នកស្រី ឡុង ម៉ុម 

ប្រធានសហគមន៍កសិកម្មមានជ័យរស្មីរុងរឿងរូបនេះ បន្តថា ក្រៅពីស្ពៃក្ដោបធ្លាក់ថ្លៃ និងពិបាករកទីផ្សារ ខ្ទឹមស្លឹក ដែលធ្លាប់លក់បានតម្លៃ ៨ ០០០រៀលទៅ ១០ ០០០រៀលបច្ចុប្បន្នធ្លាក់ត្រឹម ៤ ០០០រៀលទៅ ៥ ០០០រៀលក្នុងមួយគីឡូក្រាម។ ជាមួយគ្នានេះ បន្លែផ្សេងៗក្នុងសហគមន៍ ក៏មានតម្លៃធ្លាក់ចុះដែរ ដូចជា ខាត់ណាដើម, ប៉េងប៉ោះ និងស្ពៃក្រញាញ់ជាដើម។
 
អ្នកស្រី ឡុង ម៉ុម បន្ថែមថា ការបង្កើតសហគមន៍នេះឡើង គឺដើម្បីជួយរកទីផ្សារដល់កសិករ តែដោយសារបញ្ហាកូវីដ-១៩ បានធ្វើឲ្យទីផ្សារបន្លែធ្លាក់ចុះ។ ប្រធានសហគមន៍កសិកម្មវ័យ ៤៤ឆ្នាំរូបនេះ បញ្ជាក់យ៉ាងដូច្នេះ៖«អ្វីដែលជាឧបសគ្គក្នុងសហគមន៍គឺបញ្ហាទីផ្សារ និងមិនមានការផ្ដល់ជំនួយពីខាងក្រៅ»៕ 


ស្ពៃក្ដោបក្នុងសហគមន៍គ្មានអ្នកទិញត្រូវឈ្មួញទិញធ្វើចំណីត្រី

អ្នកស្រី ឡុង ម៉ុម ប្រធានសហគមន៍មានជ័យរស្មីរុងរឿង 

Tag:
 ស្ពៃក្ដោប
 បាត់ដំបង
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com