COVID-19
ជាតិ
ត្រឹម២០ថ្ងៃ ព្រឹត្តិការណ៍២០កុម្ភៈ មានអ្នកឆ្លងច្រើនជាងពាក់កណ្តាលនៃករណីសរុប ស្លាប់១នាក់
11, Mar 2021 , 7:26 pm        
រូបភាព
ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ  អូសបន្លាយបាន២០ថ្ងៃហើយ ដោយគិតត្រឹមថ្ងៃទី១១ ខែមីនា នេះ ដែលក្នុងនោះមានអ្នកឆ្លង៦៥២នាក់ក្នុងចំណោមករណីសរុប១១៦៣នៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ បង្កឲ្យមានករណីស្លាប់ដំបូងបំផុតក្នុងប្រទេស ដោយអ្នកជំងឺជាជនជាតិខ្មែរអាយុ៥០ឆ្នាំ



កម្ពុជាបានប្រកាសពីករណីកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ដោយអ្នកជំងឺជាទេសចរជនជាតិចិនអាយុ៥០ឆ្នាំ ម្នាក់នៅខេត្តព្រះសីហនុ។ សម្រាប់ជនជាតិខ្មែរ អ្នកជំងឺដំបូងបំផុតគឺបុរសអាយុ៣៨ឆ្នាំម្នាក់នៅខេត្តសៀមរាប ដែលត្រូវបានប្រកាសកាលពីថ្ងសទី៧ ខែមីនា ឆ្នាំ២០២០។



ក្រោយមក ករណីនាំចូលពីបរទេសទាំងពលរដ្ឋខ្មែរ និងបរទេស កើតមានជាបន្តបន្ទាប់ ដោយរាប់ទាំងពលរដ្ឋទៅចូលរួមពិធីសាសនា រួមទាំងមន្ត្រីទូត ខណៈមនុស្សពាក់ព័ន្ធជាច្រើននាក់ត្រូវបានតម្រូវឲ្យធ្វើចត្តាឡីស័ក។ កម្ពុជា ក៏មានប្រវត្តិព្យាបាលអ្នកជំងឺជាសះស្បើយ១០០ភាគរយចំនួន២លើកផងដែរ។

«ព្រឹត្តិការណ៍៣វិច្ឆិកា» ត្រូវបានចាត់ទុកថា ជាករណីឆ្លងតគ្នាលើកដំបូងនៅកម្ពុជា ដោយប្រមុខរដ្ឋាភិបាល សម្រេចហៅឈ្មោះបែបនេះ ដើម្បីកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតកម្ពុជា-ហុងគ្រី។ ករណីនេះ បានកើតឡើងនាដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រីនៅកម្ពុជា ហើយរដ្ឋមន្ត្រីនេះ មានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩។

សម្តេច ហ៊ុន សែនផ្ទាល់ រួមជាមួយមន្ត្រីជាន់ខ្ពស់ ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធដោយប្រយោល និងផ្ទាល់ សរុបជាង១៨០០នាក់ បានធ្វើតេស្ត និងធ្វើចត្តាឡីស័ក ហើយលទ្ធផលមានតែមនុស្ស៤នាក់ប៉ុណ្ណោះ វិជ្ជមានកូវីដ-១៩ ដែលក្នុងនោះមានអ្នកតំណាងរាស្ត្រមួយរូប មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម១រូប អង្គរក្សការពារ១រូប និងទូតហុងគ្រីប្រចាំកម្ពុជា-វៀតណាម។

នៅថ្ងៃទី១៨ ខែវិច្ឆិកា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសបិទ «ព្រឹត្តិការណ៍៣វិច្ឆិកា» ពោលគឺបន្ទាប់ពីសម្តេច និងភរិយា ក៏ដូចជាមន្ត្រីជាន់ខ្ពស់ផ្សេងទៀតសុទ្ធតែមានលទ្ធផលអវិជ្ជមាន ក្រោយតេស្តចំនួន៤លើក និងឈានដល់គម្រប់ពេលវេលានៃការធ្វើចត្តាឡីស័ក។



មិនមានគម្លាតពេលយូរឡើយ ព្រឹត្តិការណ៍សហគមន៍មួយទៀត បានកើតឡើង ដោយសម្តេចនាយករដ្ឋមន្ត្រី កំណត់ឈ្មោះថា «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»។ ព្រឹត្តិការណ៍នេះ សំដៅលើការរកឃើញករណីជំងឺកូវីដ-១៩ លើស្ត្រីម្នាក់ជាភរិយាមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ហើយឆ្លងតៗគ្នាជាបន្តបន្ទាប់ក្នុងក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធ។

សម្តេច ហ៊ុន សែន បានចាត់ទុកថា នេះជាព្រឹត្តិការណ៍ឆ្លងសហគមន៍លើកដំបូងនៅកម្ពុជា ហើយការដាក់ឈ្មោះព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺដើម្បីទប់ស្កាត់កុំឲ្យមានការរើសអើងលើបុគ្គល។ ហាងមួយចំនួននៅរាជធានីភ្នំពេញ ត្រូវបានតម្រូវឲ្យបិទទ្វារជាបណ្តោះអាសន្ន ខណៈបុគ្គលិក និងអតិថិជន ត្រូវរកឃើញករណីវិជ្ជមានជាបន្តបន្ទាប់។

ពីទីក្រុងតាខ្មៅ សម្តេច ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍នេះ ក្រោយអ្នកជំងឺសះស្បើយជាបន្តបន្ទាប់ក្នុងចំណោមករណីវិជ្ជមាន៤១នាក់ ប៉ុន្តែសម្តេចបានព្រមានពីការរាលដាលសារជាថ្មី ប្រសិនបើពលរដ្ឋខ្មែរ មិនគោរពតាមវិធានការក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។



ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មក ប្រទេសថៃមានករណីឆ្លងចូលសហគមន៍ដ៏ច្រើន ជាពិសេសក្នុងចំណោមពលករបរទេសដែលរស់នៅទីនោះ។ ពលករខ្មែរបានវិលមកកាន់ប្រទេសវិញជាបន្តបន្ទាប់ បើទោះបីជាប្រមុខរដ្ឋាភិបាលស្នើឲ្យពួកគេបន្តនៅថៃក៏ដោយ។

ក្រោយការមកដល់នៅតាមច្រកព្រំដែន និងការតេស្តនាអំឡុងចត្តាឡីស័ក ពលរដ្ឋសរុប៩០នាក់ (ស្រី៦៩នាក់) តេស្តវិជ្ជមានកូវីដ-១៩ ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនៃបណ្តាខេត្តជាប់ព្រំដែនរួម បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងឧត្តរមានជ័យ។ នៅថ្ងៃទី២ ខែមីនា ក្រសួងសុខាភិបាល បានប្រកាសពីករណីជាសះស្បើយចុងក្រោយក្នុងចំណោមពលករ។



ខណៈស្ថានភាពឆ្លងកូវីដ-១៩ ក្នុងចំណោមពលករស្ងប់ស្ងាត់ ស្រាប់តែសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតាមកញ្ចក់ទូរទស្សន៍ និង Facebook Live ពីក្រុងតាខ្មៅនូវ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»។ បើតាមសម្តេច ករណីនេះ កើតឡើងក្រោយមានការបើកដៃពីសំណាក់សន្តិសុខនៅសណ្ឋាគារសុខា ឲ្យស្ត្រីចិន៤នាក់ចេញពីកន្លែងចត្តាឡីស័កដែលក្នុងនោះមាន២នាក់វិជ្ជមានកូវីដ-១៩។

ការឆ្លងរាលដាលជាបន្តបន្ទាប់កើតចេញពីក្លិបកម្សាន្តដែលមានឈ្មោះថា N8 ជាពិសេសក្នុងចំណោមជនជាតិចិន។ អាជ្ញាធរបានឃើញករណីនេះ បន្ទាប់ពីជនជាតិចិនបានទៅសុំលិខិតបញ្ជាក់សុខភាព ករណីឆ្លងចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃក្នុងចំណោមជនជាតិចិន ខ្មែរ វៀតណាម និងជាតិសាសន៍ដទៃ។ ទីតាំងជាច្រើនត្រូវបានបិទទ្វារ ហើយកន្លែងព្យាបាល និងមណ្ឌលចត្តាឡីស័កត្រូវបានរៀបចំឡើងជាបន្តបន្ទាប់។

ផ្តើមចេញពីរាជធានីភ្នំពេញ ករណីសហគមន៍២០កុម្ភៈ រាលដាលដល់ខេត្តកណ្តាល បន្តទៅខេត្តព្រះសីហនុ ដែលសម្បូរទៅដោយជនជាតិចិនរស់នៅ។ ខេត្តផ្សេងទៀតដែលមានករណីសហគមន៍នេះដែរ រួមមាន ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។



ករណីសហគមន៍២០កុម្ភៈកើនដល់៦៥២នាក់ក្នុងចំណោមតួលេខសរុប១១៦៣នាក់នៅកម្ពុជា ដោយគិតត្រឹមសេចក្តីប្រកាសថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ កន្លងមក អ្នកជំងឺជនជាតិចិនម្នាក់បានស្លាប់នៅមណ្ឌលចត្តាឡីស័ក ដោយក្រសួងសុខាភិបាលអះអាងថា មិនមែនដោយសារកូវីដ-១៩ឡើយ តែពីរើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឲ្យគាំងបេះដូងស្លាប់។

២០ថ្ងៃក្រោយព្រឹត្តិការណ៍សហគមន៍នេះ កម្ពុជាបានប្រកាសពីករណីស្លាប់ដំបូង ដោយអ្នកជំងឺជាបុរសជនជាតិខ្មែរអាយុ៥០ឆ្នាំ។ គាត់បានស្លាប់នៅវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី១១ ខែមីនា ក្រោយត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៧ ខែកុម្ភៈ។ បុរសដែលស្លាប់ដំបូងនេះ មានលំនៅដ្ឋាននៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ជាអ្នកបើកបររថយន្តឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ។



បច្ចុប្បន្នកម្ពុជាកំពុងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយវ៉ាក់សាំងស៊ីណូហ្វាមដែលជាជំនួយរបស់ចិន ត្រូវចាក់ជូនអ្នកដែលមានអាយុពី១៨ទៅ៥៩ឆ្នាំ រីឯវ៉ាក់សាំងកូវីសែល (Covisheld) ដែលទទួលអាជ្ញាបណ្ណផលិតដោយក្រុមហ៊ុន AstraZeneca សម្រាប់ក្រុមមនុស្សអាយុចាប់ពី៦០ឆ្នាំឡើងទៅ។ ការចាក់វ៉ាក់សាំងស៊ីណូហ្វាម សម្រាប់ដូសទី១ឈានដល់ការផ្អាកបណ្តោះអាសន្នជាបន្តបន្ទាប់ ប៉ុន្តែនៅដំណើរការសម្រាប់អ្នកចាក់ដូសទី២ ខណៈកម្ពុជាកំពុងចាំការមកដល់បន្ថែមនូវវ៉ាក់សាំងដែលជាជំនួយចិន និងការត្រៀមបញ្ជាទិញផ្សេងៗ៕
 




© រក្សាសិទ្ធិដោយ thmeythmey.com