COVID-19
ជាតិ
វិជ្ជមាន COVID-19 ចំនួន៦២នាក់បន្ថែមទៀតនៅកម្ពុជា ខណៈកោះកុងឡើងដល់១០នាក់
12, Mar 2021 , 9:22 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្សចំនួន៦២នាក់ទៀតវិជ្ជមានកូវីដ-១៩ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ ដែលក្នុងនោះ ៦០នាក់ ជាករណីសហគមន៍២០កុម្ភៈ។  គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប១២២៥នាក់។ ករណីសហគមន៍២០កុម្ភៈ មានដល់ទៅ៧១២នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។



បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ក្នុងចំណោមអ្នកឆ្លងសហគមន៍ទាំង៦០នាក់ថ្មីនោះ មានអ្នករស់នៅភ្នំពេញ ២៨នាក់ ,កណ្តាល ១៦នាក់, ព្រៃវែង ៨នាក់, កោះកុង ៨នាក់, និងខេត្តកំពង់ធំចំនួន១នាក់។ ចំណែក២ករណីទៀត ដែលមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ជាបុរសជនជាតិឥណ្ឌូណេស៊ី  អាយុ២៤ឆ្នាំ និង២៧ឆ្នាំ ​មានអាសយដ្ឋាននៅខេត្តកណ្តាល និងបានធ្វើដំណើរពីប្រទេសឥណ្ឌូណេស៊ី មកដល់កម្ពុជានៅថ្ងៃទី២៦ កុម្ភៈ។

ចំពោះករណីនៅភ្នំពេញ អ្នកកើតមាននៅស្ទើរគ្រប់ខណ្ឌទាំងអស់ជាពិសេសនៅខណ្ឌបឹងកេងកង ខណ្ឌសែនសុខ និងខណ្ឌមានជ័យ។  ឃុំសំពៅពូន ស្រុកកោះធំ ក្នុងខេត្តកណ្តាល ឃុំព្រែកខ្សាយ ខ ស្រុកពាមរ៍ ខេត្តព្រៃវែង ឃុំភ្ញីមាស ស្រុកគិរីសាគរ​ខេត្តកោះកុង និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាទីតាំងដែលមានករណីឆ្លងច្រើនសម្រាប់ការប្រកាសព័ត៌មាន​នៅថ្ងៃនេះ។ កោះកុងឡើងដល់១០ករណី ខណៈកំពង់ធំកើន១ករណីទៀត។ អ្នកជំងឺជាជនជាតិខ្មែរ និងចិន ហើយក៏មាន​កុមារតូចផងដែរ។

ទន្ទឹមនឹងនេះ ក្រសួងក៏បានប្រកាស​មានអ្នកសះស្បើយ​ចំនួន ២២នាក់ដែរ ក្នុងនោះ២១នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។   ១២នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៣នាក់ពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៣នាក់ពីមណ្ឌលសុខភាពចាក់អង្រែ និង៣នាក់ទៀតពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។ រីឯ១នាក់ទៀតដែលមិនមែនស្ថិតក្នុងសហគមន៍ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប១២២៥នាក់។ ករណីសហគមន៍២០កុម្ភៈ មានដល់ទៅ៧១២នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។ អ្នកជំងឺ៦០៤នាក់ទៀតកំពុងបន្តសម្រាកព្យាបាល រីឯម្នាក់បាន​ស្លាប់កាលពីថ្ងៃទី១១​ខែមីនា៕









© រក្សាសិទ្ធិដោយ thmeythmey.com