COVID-19
ជាតិ
ក្រសួងការបរទេសពង្រឹងវិធានការបន្ថែមលើការផ្តល់ទិដ្ឋាការជនបរទេសដែលចង់មកកម្ពុជា
12, Mar 2021 , 8:29 pm        
រូបភាព
លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស។ រូបថត​ Pressocm
លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស។ រូបថត​ Pressocm
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រាប់ឲ្យបណ្ដាស្ថានទូតនិងកុងស៊ុលកម្ពុជានៅក្រៅប្រទេសទាំងអស់ពង្រឹងការផ្ដល់ទិដ្ឋាការដល់ជនបរទេសចូលមកកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩។

 
លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេសកាលពីថ្ងៃទី១១មីនា បានចេញលិខិតជម្រាបទៅឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុល កម្ពុជាប្រចាំនៅបរទេសថា ក្រសួងសម្រេចណែនាំនិងបន្ថែមវិធានមួយចំនួនក្នុងការផ្ដល់ទិដ្ឋាការដល់ជនបរទេស ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ និងសម្រួលដល់អាជ្ញាធរស្វែងរកបុគ្គលដែលពាក់ព័ន្ធករណីកូវីដ-១៩។ 
 
វិធានការពង្រឹងបន្ថែមចំពោះជនបរទេសលើការស្នើសុំទិដ្ឋាការចូលកម្ពុជាទាំងនេះ គឺត្រូវមានលិខិតធានាពីក្រុមហ៊ុន សមភាគីរបស់ខ្លួន ឬលិខិតអញ្ជើញពីស្ថាប័នរដ្ឋណាមួយរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ជនបរទេសនោះត្រូវផ្ដល់ព័ត៌មានឲ្យច្បាស់ពីអាសយដ្ឋានស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយបញ្ជាក់ពីគោលបំណងនៃការធ្វើដំណើរមកកម្ពុជា។ លើសពីនេះ ត្រូវគោរពតាមវិធានការនានារបស់ក្រសួងសុខាភិបាលកម្ពុជា។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប១២២៥នាក់។ ករណីសហគមន៍២០កុម្ភៈ មានដល់ទៅ៧១២នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។ ឥឡូវនេះ អ្នកជំងឺ៦០៤នាក់ កំពុងបន្តសម្រាកព្យាបាល រីឯម្នាក់បានស្លាប់កាលពីថ្ងៃទី១១ខែមីនា៕
 

Tag:
 ទិដ្ឋាការ
© រក្សាសិទ្ធិដោយ thmeythmey.com