ជាតិ
កោះខ្យងនៅស្រុកស្រែអំបិល មានទឹកសមុទ្រថ្លាឆ្វង់ អមដោយម្លប់ដូង
13, Mar 2021 , 7:59 am        
រូបភាព
រូបភាពCREDIT លោក ថាច់ កៅញ៉ើង
រូបភាពCREDIT លោក ថាច់ កៅញ៉ើង
ដោយ:
កោះខ្យង ជាកោះតូចច្រឡឹងមួយ ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ កោះខ្យង ជាតំបន់ធម្មជាតិ មានដើមដូងដុះពាសពេញ មានទឹកសមុទ្រ ថ្លាឆ្វង់ អាចឱ្យទេសចរងូតទឹកលេង ជិះទូកកម្សាន្ត និងបោះតង់ សម្រាកនៅលើកោះផងដែរ។ ដ្បិត ជាតំបន់ទេសចរណ៍ធម្មជាតិ និងមិនទាន់មានការវិនិយោគកែច្នៃ កោះតូចច្រឡឹងមួយនេះមិនទាន់មានអ្នកស្គាល់ច្រើនប៉ុន្មានទេ ដោយអ្នកទៅលេងភាគច្រើនជាអ្នកដើរលេងបែបផ្សងព្រេងប៉ុណ្ណោះ។


 
មានទំហំប្រមាណកន្លះហិកតា នៅលើកោះខ្យងពោរពេញដោយដើមដូង ដែលអាចផ្ដល់ជាម្លប់ដល់ភ្ញៀវទេសចរ។ ទេសចរ ចង់ទៅលេងកោះខ្យងត្រូវធ្វើដំណើរដោយទូក ប្រមាណ ១៥នាទី ទើបដល់កោះតូចច្រឡឹងមួយនេះ។ 
 
បើតាមលោក សាកុណ ភក្ដី ប្រធានការិយាល័យព័ត៌មានទេសចរណ៍ខេត្តកោះកុង កោះខ្យង មិនទាន់មានអ្នកស្គាល់ច្រើនប៉ុន្មាននោះទេ ដោយភាគច្រើនមានតែអ្នកដើរលេងបែបផ្សងព្រេងតែប៉ុណ្ណោះ។ លោក សាកុណ ភក្ដី បញ្ជាក់ដូច្នេះថា៖ «មានភ្ញៀវស្គាល់តិចនៅឡើយទេ ភាគច្រើនជាភ្ញៀវដែលគាត់ជិះម៉ូតូធំៗ លក្ខណគ្រួសារអត់ទាន់សូវមានដែរ មានតែភ្ញៀវបោះតង់លក្ខណជាក្រុម »។ 
 
សម្រាប់លោក ថាច់ កៅញ៉ើង ដែលបានទៅលេងកោះខ្យងជាលើកដំបូង បានបង្ហាញចំណាប់អារម្មណ៍ថា កោះខ្យង មានភាពទាក់ទាញ ដោយសារកោះនេះនៅជិតដីគោក ងាយស្រួលធ្វើដំណើរទៅមក ថែមទាំងមានបរិយាកាសប្លែក។ ភ្ញៀវទេសចររូបនេះ លើកឡើងថា៖ « អ្វីដែលខ្ញុំចាប់អារម្មណ៍ កោះហ្នឹងនៅជិត យើងអាចទៅដល់ស្រួល មានទឹកថ្លា ពេលយប់ទឹកនាច យើងអាចចាប់ក្ដាម ចាប់ត្រីអីបាន។ ជិះទូកទៅមក អស់ម្ដង៥០០០រៀល នៅលើហ្នឹងមានទឹកស្អាតឱ្យយើងប្រើប្រាស់។ យើងអាចបោះតង់នៅលើហ្នឹងបាន ហើយ ទៅកោះហ្នឹងមានអារម្មណ៍ស្រស់ស្រាយ»។ 
 
ដោយឡែកប្រធានការិយាល័យព័ត៌មានទេសចរណ៍ខេត្តកោះកុង បញ្ជាក់ទៀតថា នៅលើកោះខ្យង មិនទាន់មានការកែច្នៃណាមួយនោះទេ។ នៅលើកោះនេះ ក៏មិនទាន់មានកន្លែងស្នាក់នៅ និងអាហារដ្ឋានផងដែរ ដូច្នេះភ្ញៀវទេសចរ ដែលចង់ទៅកម្សាន្ត គួរត្រៀមអាហារ និងតង់សម្រាប់ស្នាក់នៅ។ នៅលើកោះខ្យង មានមនុស្សមួយគ្រួសារប៉ុណ្ណោះដែលរស់នៅ ភ្ញៀវទេសចរ ទៅដល់អាចប្រើប្រាស់ទឹកស្អាត របស់ពួកគាត់បាន ដោយត្រូវបង់លុយជូនគាត់ម្នាក់ ១០០០០រៀលប៉ុណ្ណោះ៕

រូបភាពCREDIT លោក ថាច់ កៅញ៉ើង៖
 










Tag:
 កោះខ្យង
© រក្សាសិទ្ធិដោយ thmeythmey.com