COVID-19
ជាតិ
ផ្អាកថ្វាយបង្គំជុំគ្នាក្នុងវិហារឥស្លាម នៅភ្នំពេញ និងខេត្ត៤ ផ្សេងទៀតដល់ថ្ងៃទី៣១ មីនា
13, Mar 2021 , 8:59 am        
រូបភាព
វិហារឥស្លាមអាល់សើរអាល់ភ្នំពេញ
វិហារឥស្លាមអាល់សើរអាល់ភ្នំពេញ
ភ្នំពេញ៖ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានប្រកាសពីការបន្តផ្អាកការជួបជុំថ្វាយបង្គំ នៅតាមវិហារសាសនា តាមបណ្ដា រាជធានី-ខេត្តចំនួន៥ រហូតដល់ថ្ងៃទី៣១ ខែមីនា។ ការប្រកាសនេះ ដោយសារការមើលឃើញពីស្ថានភាព នៃការចម្លងកូវីដ-១៩ ក្នុងសហគមន៍ មិនទាន់ធូរស្រាល និងដើម្បីបញ្ជៀសការឆ្លងរីករាលដាលក្នុងសហគមន៍។

 
រាជធានី-ខេត្តចំនួន៥ ដែលនឹងបន្តផ្អាកការជួបជុំថ្វាយបង្គំទាំងថ្ងៃសុក្រ និងថ្ងៃធម្មតា រហូតដល់ចុងខែ មីនានេះ រួមមាន រាជធានីភ្នំពេញ កណ្ដាល ព្រះសីហនុ កំពង់ចាម និងខេត្តព្រៃវែង។ ក្នុងខ្លឹមសារនៃសេចក្ដីជូនដំណឹង ដែលចុះហត្ថលេខានៅថ្ងៃទី១១ និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមីនា លោក សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំ រួមនឹងសាសនិកឥស្លាមទាំងអស់តាមសហគមន៍ ត្រូវបន្តរឹតបន្ដឹងការអនុវត្តវិធានការសុខភាព អនាម័យ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការឆ្លងជំងឺកូវីដ១៩ ដូចជាត្រូវរក្សាគម្លាត និងលាងដៃជាប្រចាំ។ល។
 
គួររំឮកថា នៅថ្ងៃទី២៥ កុម្ភៈកន្លងទៅ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ក៏បានប្រកាសផ្អាកការជួបជុំ នៅតាមវិហារសាសនាក្នុងរាជធានី-ខេត្តចំនួន៣រួចម្ដងហើយ គឺមានរាជធានីភ្នំពេញ កណ្ដាល និងព្រះសីហនុ។ ការផ្អាករយៈពេល១៥ថ្ងៃ ពីថ្ងៃទី២៦ កុម្ភៈ រហូតដល់ថ្ងៃទី១៣ មីនា ហើយប្រកាសបន្ត រហូតដល់ថ្ងៃទី៣១ មីនា បូកបន្ថែមខេត្តកំពង់ចាម និងព្រៃវែង ដែលទើបមានករណីឆ្លងរីករាល ក្នុងសហគមន៍ដល់ខេត្តទាំងនោះ៕

Tag:
 វិហារឥស្លាម
  COVID-19
 សាសនា
© រក្សាសិទ្ធិដោយ thmeythmey.com