COVID-19
អន្តរជាតិ
WHO អនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់វ៉ាក់សាំងចាក់តែម្ដងរបស់ Johnson & Johnson
13, Mar 2021 , 10:29 am        
រូបភាព
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១២ ខែមីនា បានបញ្ចូលវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Johnson & Johnson ទៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់។ វ៉ាក់សាំងនេះ ចាក់តែម្ដងប៉ុណ្ណោះ និងអាចរក្សាទុកក្នុងសីតុណ្ហភាពមិនត្រជាក់ខ្លាំងបាន។ ជាមួយការបញ្ចូលនេះ WHO រំពឹងថា នឹងជួយដល់យុទ្ធនាការចាក់វ៉ាក់សាំងនៅតាមប្រទេសដែលមានសមត្ថភាពផ្នែកសុខាភិបាលទន់ខ្សោយ ឬប្រទេសដែលរងគ្រោះខ្លាំងដោយសារកូវីដ-១៩ ។

 
វ៉ាក់សាំងតែម្ដងរបស់ក្រុមហ៊ុន Johnson & Johnson ក្លាយជាវ៉ាក់សាំងទីបីដែលត្រូវបានអង្គការសុខភាពពិភពលោកបញ្ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់ បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង AstraZeneca ដែលផលិតនៅឥណ្ឌា និងកូរ៉េខាងត្បូង។ ការបញ្ចូលនេះ ធ្វើឡើងក្រោយនិយ័តករឱសថអឺរ៉ុបអនុញ្ញាតឱ្យប្រើដូចគ្នា។ 
 
ដោយសំដៅវ៉ាក់សាំងដែលទើបបញ្ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus អះអាងថា រាល់ឧបករណ៍ថ្មី មានសុវត្ថិភាព និងប្រសិទ្ធភាព ជាការបោះជំហានកាន់តែកៀកទៅរកការគ្រប់គ្រងជំងឺកូវីដ-១៩ ។ ប៉ុន្តែលោកឆ្លៀតរំឭកថា ក្ដីសង្ឃឹមិនអាចក្លាយជាការពិតឡើយ លុះត្រាវ៉ាក់សាំងត្រូវបានចែកចាយដល់ប្រទេសនានា។ 
 
វ៉ាក់សាំងរបស់ Johnson & Johnson ជាវ៉ាក់សាំងចាក់តែម្ដងទីមួយដែល WHO អនុញ្ញាតឱ្យបញ្ចូលបញ្ជីរបស់ខ្លួន។ ក្នុងសេចក្ដីប្រកាសថ្ងៃទី១២ ខែមីនា WHO បញ្ជាក់ថា ទិន្នន័យពីក្រុមហ៊ុនបង្ហាញពីប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះក្នុងចំណោមមនុស្សវ័យចំណាស់ផងដែរ។ ដើម្បីឈានទៅការប្រើប្រាស់កាន់តែទូលាយ WHO នឹងកោះប្រជុំជាមួយអ្នកជំនាញរបស់ខ្លួនដើម្បីកំណត់របៀបរបបក្នុងការផ្ដល់វ៉ាក់សាំងនេះដោយផ្អែកលើការវាយតម្លៃរបស់ទីភ្នាក់ងារឱសថអឺរ៉ុប។
 
ជាមួយគ្នានេះ WHO ក៏នឹងធ្វើការជាមួយប្រទេសនានា និងដៃគូរបស់យន្តការ COVAX លើការដឹកជញ្ជូន និងចែកចាយវ៉ាក់សាំងនេះ។ សេចក្ដីប្រកាសរបស់ WHO បន្ថែមថា COVAX កក់វ៉ាក់សាំងចាក់តែម្ដងនេះ៥០០លានដូសរួចស្រេចហើយ៕

Tag:
 WHO
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com