COVID-19
ជាតិ
ក្រសួងទេសចរណ៍ ផ្អាកដំណើរការបណ្តោះអាសន្ន សាលាវិជ្ជាជីវៈទេសចរណ៍ នៅភ្នំពេញ កណ្ដាល និងព្រះសីហនុ
13, Mar 2021 , 11:59 am        
រូបភាព
លោក ថោង ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍
លោក ថោង ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍
ដោយ:
ភ្នំពេញ៖ ក្រសួងទេសចរណ៍ សម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន គ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ក្រោមឱវាទក្រសួងទេសចរណ៍នៅ រាជធានីភ្នំពេញ កណ្ដាល និងព្រះសីហនុ។ ការផ្អាកដំណើរការនេះ ធ្វើឡើងក្នុង បំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ។


 
នៅថ្ងៃទី១២ មីនា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានប្រកាសឱ្យ គ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃក្រោមឱវាទក្រសួងទេសចរណ៍ នៅរាជធានីភ្នំពេញ កណ្ដាល និងព្រះសីហនុ ដំណើរការតាមប្រព័ន្ធអនឡាញវិញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលសហគមន៍។
 
ក្រសួងទេសចរណ៍ នឹងជូនដំណឹងជាថ្មី នៅពេលអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។
 
ក្រៅពីផ្អាកវគ្គបណ្ដុះបណ្ដាលនេះ កន្លងមកក្រសួងអប់រំបានប្រកាសឱ្យ ផ្អាកដំណើរការ គ្រឹះស្ថានអប់រំចំណេះដឹងទូទៅទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចំណែកខេត្តព្រះសីហនុ បានផ្អាកសាលារៀនមួយចំនួនដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។
 
ទន្ទឹមនឹងនេះ ក្រសួងអប់រំក៏បានប្រកាសឱ្យខេត្តព្រៃវែង ផ្អាកបណ្ដោះអាសន្ន គ្រឹះស្ថានអប់រំ និងចំណេះដឹងទូទៅទាំងអស់ ចំណែកក្នុងខេត្តកោះកុង និងកំពង់ចាម ផ្អាកសាលាដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ 
 
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ១២៦៤នាក់។ ករណីសហគមន៍២០កុម្ភៈ មានដល់ទៅ៧៥១នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។ អ្នកជំងឺចំនួន ៦៣៩នាក់ទៀត កំពុងបន្តសម្រាកព្យាបាល រីឯម្នាក់ បានស្លាប់កាលពីថ្ងៃទី១១ខែមីនា៕

Tag:
 ទេសចរណ៍
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com