COVID-19
ជាតិ
រដ្ឋបាលឧត្តរមានជ័យ ប្រកាសផ្អាកពិធីរៀបការ និងជួបជុំផ្សេងៗដែលមានការជួបជុំច្រើន
13, Mar 2021 , 12:39 pm        
រូបភាព
ពិធីមង្គលការមួយនៅភ្នំពេញ
ពិធីមង្គលការមួយនៅភ្នំពេញ
ដោយ:
ភ្នំពេញ៖ ទោះជាមិនទាន់មានការឆ្លងក្នុងសហគមន៍ក៏ដោយ ខេត្តឧត្តរមានជ័យ បានប្រកាសផ្អាកការៀបចំពិធីរៀបមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាដែលមានការជួបជុំមនុស្សច្រើន ជាបណ្តោះអាសន្ន នៅទូទាំងខេត្ត ចាប់ពីថ្ងៃទី១៣ មីនាតទៅ។ វិធានការនេះ ត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ ក្រៅពីឧត្តរមានជ័យ ខេត្តកំពង់ស្ពឺ កំពង់ចាម ប៉ៃលិន និងខេត្តស្វាយរៀង ក៏បានចេញលិខិតផ្អាកការរៀបចំពិធីការ និងពិធីជួបជុំផ្សេងៗ នៅក្នុងខេត្តខ្លួន ក្នុងគោលដៅទប់ស្កាត់ការឆ្លងកូវីដ-១៩ ផងដែរ។

 
ពិធីរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៣ មីនាតទៅ។ នេះបើតាមលិខិតរបស់រដ្ឋបាលខេត្ត ជូនទៅអភិបាលក្រុង និងស្រុក៤ទៀត របស់ខេត្តឧត្តរមានជ័យ ចុះថ្ងៃទី១២ មីនា។ វិធានការនេះ ត្រូវបានធ្វើឡើង ដើម្បីដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ស្របពេលដែល រដ្ឋបាលខេត្តសង្កេតឃើញថា ប្រជាពលរដ្ឋក្នុងខេត្តខ្លួន នៅតែមានការប្រមូលផ្តុំមនុស្សច្រើន និងពិធីផ្សេងៗទៀត ខណៈដែលពលរដ្ឋមួយចំនួននៅតែមានការធ្វេសប្រហែល មិនអនុវត្តវិធានការអនាម័យ និងវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩នោះ។ 
 
កន្លងមកខេត្តកំពង់ស្ពឺ កំពង់ចាម ប៉ៃលិន និងខេត្តស្វាយរៀង ក៏បានចេញលិខិតផ្អាកការរៀបចំពិធីការ និងពិធីជួបជុំផ្សេងៗ នៅក្នុងខេត្តខ្លួន ក្នុងគោលដៅទប់ស្កាត់ការឆ្លងកូវីដ-១៩ នេះដែរ។ 
 
យោងតាមលិខិតដដែល លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានប្រាប់ឱ្យអភិបាលក្រុង-ស្រុក ឱ្យណែនាំទៅមេឃុំ ចៅសង្កាត់ ក្រោមឱវាទ ផ្អាកបណ្តោះអាសន្នការអនុញ្ញាតច្បាប់សម្រាប់រៀបចំពិធីរៀបមង្គលការ ពិធីជប់លៀង និងការចួបជុំបែបសាសនា ក្នុងរូបភាពប្រមូលផ្តុំមនុស្សច្រើនចាប់ពីថ្ងៃទី ១៣មីនា។  
 
ករណីមានការអនុញ្ញាត ឱ្យរៀបចំពិធី អាជ្ញាធរត្រូវអប់រំ ណែនាំម្ចាស់ពិធី ឱ្យពន្យារពេលសិន ឬក្នុងករណីចាំបាច់ដែលត្រូវតែរៀបចំពិធី ក៏ត្រូវណែនាំឱ្យកាត់បន្ថយភ្ញៀវចូលរួមឱ្យនៅចំនួនតិចបំផុត ដោយចាំបាច់ត្រូវពាក់ម៉ាស់ លាងសម្អាតដៃជាមួយអាល់កុល ឬជែលសម្លាប់មេរោគ និងបាញ់ថ្នាំសម្លាប់មេរោគ រក្សាគម្លាតសុវត្ថិភាព ពិសេសកំណត់តុបអាហារមិនឱ្យលើសពី៥នាក់នោះទេ។ មិនតែប៉ុណ្ណោះ ម្ចាស់ពិធី ត្រូវតែកំណត់ឱ្យច្បាស់ពីអត្តសញ្ញាណភ្ញៀវដែលមកពីខេត្តដទៃ។ នេះបើតាមការណែនាំរបស់អភិបាលខេត្ត។ 
 
បើតាមលោក ប៉ែន កុសល្យ ករណីម្ចាស់ពិធី មិនស្តាប់តាមការណែនាំ រដ្ឋបាលក្រុង ស្រុក ត្រូវចុះបិទ ឬផ្អាកពិធីជួបជុំនោះជាបន្ទាន់។ 
 
សូមរំលឹកថា កាលពីថ្ងៃទី១១ មីនា មានករណីបុរសម្នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩ ជាលើកដំបូងនៅកម្ពុជា។ គិតត្រឹមថ្ងៃទី១៣ មីនា កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ១ ២៦៤នាក់។ ករណីសហគមន៍២០កុម្ភៈ មានដល់ទៅ ៧៥១នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។ រីឯអ្នកជំងឺចំនួន ៦៣៩នាក់ទៀតកំពុងបន្តសម្រាកព្យាបាល៕
 
 

Tag:
 កូវីដ-១៩
 ផ្អាកមង្គលការ
© រក្សាសិទ្ធិដោយ thmeythmey.com