COVID-19
ជាតិ
ចំនួនអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ កើនដល់ ២៥,៥ម៉ឺននាក់
13, Mar 2021 , 1:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រុមពលរដ្ឋអាទិភាព និងកងកម្លាំងយោធា ចំនួន ២៥៥ ៦៤១នាក់ហើយ បានថ្នាំបង្ការជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី១២ ខែមីនា។ នេះបើតាមរបាយការណ៍ពីរផ្សេងគ្នា របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ចេញផ្សាយនៅថ្ងៃទី១២ មីនា។ 

 
តាមតួលេខរបស់ ក្រសួងសុខាភិបាល ក្នុងចំណោមពលដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំង២ប្រភេទ គឺSinopharm និងAstra Zeneca មានចំនួន ១៤៧ ៥៩១នាក់ ក្នុងចំណោមដែលមកចាក់វ៉ាក់សាំងស្ម័គ្រចិត្តសរុប ១៦៥ ១៣៣នាក់។
 
ដោយឡែករបាយការណ៍របស់ក្រសួងការពារជាតិ បានបង្ហាញពីតួលេខដែលកងកម្លាំងយោធាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួន ១០៨ ០៥០នាក់ ក្នុងនោះអ្នកចាក់លើកទី២ មានចំនួន ៤៤ ៦៣៧នាក់។ 
 
ចំនួនអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ មានការកើនឡើង ស្របពេលការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងការសហគមន៍កាន់តែខ្លាំងដែរ។ រហូតមកដល់ពេលនេះ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងយ៉ាងគំហុក ដល់ចំនួន ៧៥១នាក់ ក្នុងនោះករណីកូវីដ-១៩ បំប្លែងថ្មីចំនួន ១៩ករណី។ កាលពីថ្ងៃទី១១ មីនា កម្ពុជា ក៏បានប្រកាសពីករណីស្លាប់ដំបូង ដោយសារជំងឺកូវីដ-១៩នេះដែរ។
 
កម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំង ប្រភេទស៊ីណូហ្វាមរបស់ចិន តាំងពីទី១០ខែកុម្ភៈ ខណៈការចាក់វ៉ាក់សាំង AstraZeneca របស់អង់គ្លេស ដែលផលិតនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី៤មីនាមក។ វ៉ាក់សាំងស៊ីណូហ្វាម អាចចាក់លើមនុស្សចាប់ពីអាយុ ១៨ឆ្នាំ រហូត ៥៩ឆ្នាំ។ រីឯវ៉ាក់សាំង AstraZeneca អាចចាក់លើមនុស្សដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។ ដោយសារបរិមាណវាក់សាំងមានកំណត់ ហើយមានតម្រូវការចាក់ថ្នាំបង្ការច្រើននោះ ទីតាំងមួយចំនួន ក៏បានផ្អាកបណ្តោះអាសន្នការចាក់វ៉ាក់សាំងស៊ីណូហ្វាម សម្រាប់អ្នកដែលមកចាក់លើកទី១ (ដូសទី១) ហើយនឹងផ្អាកជាបន្តបន្ទាប់នៅតាមទីតាំងនីមួយ ដោយសារតែអស់វាក់សាំង។ 
 
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ១២៦៤នាក់។ ករណីសហគមន៍២០កុម្ភៈ មានដល់ទៅ៧៥១នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។ អ្នកជំងឺចំនួន ៦៣៩នាក់ទៀតកំពុងបន្តសម្រាកព្យាបាល រីឯម្នាក់ បានស្លាប់កាលពីថ្ងៃទី១១ខែមីនា៕
 

Tag:
 កូវីដ-១៩
 វាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com