COVID-19
ជាតិ
កែប មានតែទេសចរក្នុងខេត្ត និងទេសចរមួយចំនួនពីកំពតប៉ុណ្ណោះដើរកម្សាន្ត
13, Mar 2021 , 3:19 pm        
រូបភាព
ដោយ:
ព្រឹត្តិការណ៍២០កុម្ភៈ បានរីករាលដាលរហូតដល់ ១០រាជធានី-ខេត្ត ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា។ ជាក់ស្ដែងខេត្តកែប ក៏បានស្ងាត់ភ្ញៀវទេសចរ ក្រោយមានការឆ្លងជាសហគមន៍នេះ។ បើតាមលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ភ្ញៀវទេសចរ ដែលចេញកម្សាន្តក្នុងខេត្តកែប មានតែប្រជាពលរដ្ឋក្នុងខេត្ត និងពីខេត្តកំពតប៉ុណ្ណោះ។


 
ដ្បិតក្នុងខេត្តកែប មិនទាន់មានករណីឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ប៉ុន្តែឥទ្ធិពល នៃព្រឹត្តិការណ៍នេះបានធ្វើឱ្យភ្ញៀវទេសចរ មិនហ៊ានចេញ ដើរកម្សាន្តតាមតំបន់ឆ្នេរ និងរមណីយដ្ឋាន ក្នុងខេត្តកែបនោះទេ។ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានប្រាប់សារព័ត៌មាន ThmeyThmey25 ថាក្រោយពីមានព្រឹត្តិការណ៍២០កុម្ភៈ ខេត្តកែបមិនមានទេសចរ ពីតំបន់ឆ្ងាយៗទៅកម្សាន្តនោះទេ ដោយមានតែអ្នកក្នុងខេត្ត និងទេសចរមួយចំនួនពីខេត្តកំពតប៉ុណ្ណោះ។
 
ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានបញ្ជាក់ដូច្នេះថា៖ « ស្ថានភាពភ្ញៀវទោះ យើងមិនមានឆ្លងកូវីដក៏ដោយ ក៏ភ្ញៀវយើងមិនមានដែរ មានន័យថាមិនមានភ្ញៀវមកកម្សាន្តនៅខេត្តកែបទេ ដោយសារភ្ញៀវពីភ្នំពេញ ព្រះសីហនុ និងខេត្តពីតំបន់ឆ្ងាយ គាត់មិនអាចធ្វើដំណើរមកកម្សាន្តបាន។ មិនស្ងាត់តែម្ដងទេ យើងមានទេសចរផ្ទៃក្នុងខេត្ត និងមកពីខេត្តកំពត »។ 
 
លោក សោម ចិន្តា បន្ថែមទៀតថា ក្នុងរមណីយដ្ឋាននៅខេត្តកែបនៅដំណើរការធម្មតាទាំងអស់ ចំណែកទូកទេសចរណ៍ ក៏នៅដំណើរការដឹកភ្ញៀវទេសចរជាធម្មតាផងដែរ ប៉ុន្តែអាជីវកម្មទេសចរណ៍ និងរមណីយដ្ឋានត្រូវអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ជាចាំបាច់។ 
 
ប្រធានមន្ទីរទេសចរណ៍ខេត្តកែបរូបនេះ ស្នើឱ្យតាមអាជីវកម្មទេសចរណ៍ និងរមណីយដ្ឋាន ត្រូវបន្តអនុវត្តវិធានសុវត្ថិភាព។ បន្ថែមលើនេះ លោក ក៏ស្នើឱ្យភ្ញៀវទេសចរត្រូវ អនុវត្តវិធានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួនផងដែរ៕ 




លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប



© រក្សាសិទ្ធិដោយ thmeythmey.com