ជាតិ
សង្គមជាតិ
កំប្លោកកាន់តែខ្សត់ ក្រោយប្រឡាយច្រើនកន្លែងត្រូវបានលុប និងអភិវឌ្ឍន៍
15, Mar 2021 , 8:59 am        
រូបភាព
សៀមរាប៖ កំប្លោកជារុក្ខជាតិម្យ៉ាងដុះ តាមប្រឡាយទឹក ឬកន្លែងមានទឹកដក់ខ្លះ ហើយងាយលូតលាស់ និងសម្បូរក្នុងតំបន់ជាច្រើនក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ដោយសារមានការលុបប្រឡាយ ឬតំបន់ទំនាបខ្លះ ធ្វើឱ្យរុក្ខជាតិនេះ ហាក់ខ្សត់បន្ដិច ជាហេតុធ្វើឱ្យក្រុមអាជីវករដែលមានសិប្បកម្មច្នៃកំប្លោកជាសម្ភារប្រើប្រាស់ ត្អូញត្អែរពីផលលំបាកក្នុងការរកវត្ថុធាតុដើមមួយនេះ។

 
អ្នកស្រី សូរ សម្បត្តិ ដែលមានអាជីវកម្មតម្បាញកំប្លោកជាង១០ឆ្នាំមកហើយ នៅតំបន់ភ្នំក្រោម បានរអ៊ូពីការលំបាក ក្នុងការរកកំប្លោក ដែលជាវត្ថុធាតុដើមសំខាន់ សម្រាប់របរអ្នកស្រី។ អ្នកស្រី ពន្យល់ថា ការថមថយនូវរុក្ខជាតិកំប្លោកនេះ ដោយសារនៅក្នុងក្រុងដែលធ្លាប់តែប្រភពសំខាន់មួយ មានការចាក់ដីលុបប្រឡាយក្នុងគម្រោងធ្វើផ្លូវ។ អ្នកស្រីបន្តថា៖« សព្វថ្ងៃមានតែនៅតាមជនបទ ស្រែ ត្រពាំង ឥឡូវវាខើច ណាមួយមានអ្នកធ្វើច្រើន មានអាជីវកម្មនេះច្រើន អ៊ីចឹងកំប្លោកក៏កាន់តែខ្សត់ដែរ»។
 
ក្រៅពីបង្ហាញការព្រួយបារម្ភ ពីការថមថយរុក្ខជាតិកំប្លោក ក្នុងនោះអ្នកស្រី សូរ សម្បត្តិ មានគម្រោងស្នើសុំអាជ្ញាធរ ដើម្បីស្ដារឃ្លាំងទឹក នៅក្រោយផ្ទះឱ្យជ្រៅបន្ដិច ងាយស្រួលអូសកំប្លោក ចូលឱ្យបានច្រើននារដូវទឹកឡើង។ ម្ចាស់សិប្បកម្មកំប្លោកភ្នំក្រោមរូបនេះ មានតម្រូវការកំប្លោកស្ងួតក្នុងមួយខែប្រមាណ៣០០ទៅ៤០០គីឡូក្រាម ហើយក្រៅពីកាត់ខ្លួនឯង អ្នកស្រី សូរ សម្បត្តិ ក៏ទិញកំប្លោកពីប្រជាពលរដ្ឋផ្សេងទៀតផងដែរ។
 
រីឯអ្នកស្រី ស្រីម៉ៅ ដែលចាប់អាជីពតម្បាញកំប្លោកប្រមាណ៥ឆ្នាំមកហើយនៅភូមិគោកតាចាន់ សង្កាត់គោកចក វិញ ក៏មើលឃើញមូលហេតុដូចគ្នាចំពោះការលើកឡើងរបស់អ្នកស្រី សូរ សម្បត្តិ ដែលថា កំប្លោកពិបាករកដែរនាពេលសព្វថ្ងៃ។ អ្នកស្រីត្រូវទិញកំប្លោកពីគេបន្ថែម ដើម្បីបំពេញតម្រូវការរោងសិប្បកម្មជាលក្ខណៈគ្រួសាររបស់ខ្លួន ដែលកំប្លោកស្ងួតមួយគីឡូក្រាមតម្លៃ ៣ពាន់ទៅ៥ពាន់រៀល។
 
គួរបញ្ជាក់ថា សិប្បកម្មកំប្លោក ជារបរដែលពេញនិយមមួយសម្រាប់ប្រជាពលរដ្ឋមួយចំនួនក្នុងក្រុងសៀមរាប ដែលសិប្បកម្មទាំងនោះច្រើនធ្វើជាកាបូបតូចធំ កម្រាល។ល។ តំបន់ដែលមានសិប្បកម្មនេះច្រើន គឺនៅតំបន់ភ្នំក្រោម សង្កាត់ចុងឃ្នៀស ដែលមានភូមិសាស្រ្ដជាប់បឹងទន្លេសាប។ សម្ភារទាំងនោះត្រូវបានផលិត និងចែកចាយទៅតាមខេត្ត-រាជធានីក្នុងប្រទេសកម្ពុជា៕





Tag:
 សូរ សម្បត្តិ
  កំប្លោក
  តម្បាញកំប្លោក
  សិប្បកម្មកំប្លោក
© រក្សាសិទ្ធិដោយ thmeythmey.com