ជាតិ
សុខភាព
អ្នកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នៅកម្ពុជា កើនជិត២៨ម៉ឺននាក់ហើយ
15, Mar 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា មានពលរដ្ឋទូទៅ និង កងកម្លាំងយោធាចំនួន ២៧៩,៣០៧នាក់ហើយ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ចិនSinopharm និងវ៉ាក់សាំងAstra Zeneca ផលិតនៅប្រទេសឥណ្ឌា។ នេះបើយោងតាមទន្និន័យផ្សេងពីគ្នារបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។

 
បើតាមតួលេខក្រសួងសុខាភិបាល ពលរដ្ឋទូទៅ១៧០,៦៥៩នាក់ ដែលស្ថិតនៅក្រុមអាទិភាព បានចាក់វ៉ាក់សាំងទាំង២ប្រភេទខាងលើ ដោយក្នុងនោះមានស្រី្តជាង៥,៧ម៉ឺននាក់ ខណៈខាងក្រសួងការពារជាតិ មានស្ត្រីជាកងទ័ព ជាង៩ពាន់នាក់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផងដែរ។ ជាមួយគ្នានេះ ក៏មានពលរដ្ឋជាង១,៨ម៉ឺននាក់ ត្រូវបានគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងទាំងនេះ ព្រោះតែមានបញ្ហាសុខភាពដែលខុសលក្ខខណ្ឌកំណត់។ 
 
ចំពោះវ៉ាក់សាំងSinopharm អាចចាក់លើមនុស្សអាយុចាប់ពី១៨ឆ្នាំ ដល់៥៩ឆ្នាំ ប៉ុណ្ណោះ។  រីឯ វ៉ាក់សាំង AstraZeneca សម្រាប់ចាក់លើមន្ត្រី និងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។ សម្រាប់អ្នកដែលមានបញ្ហាសុខភាពនិងប្រតិកម្មនានា គឺមិនអាចចាក់វ៉ាក់សាំងការពារកូវីដ-១៩ ទាំងនេះ បានឡើយ។ 
 
ត្រឹមរយៈពេល២៣ថ្ងៃនៃការផ្ទុះឡើងនូវព្រឹត្តិការណ៍២០កុម្ភៈ កម្ពុជាមានមនុស្សរហូតដល់៨១០នាក់ ដែលបានឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះ មានបុរសម្នាក់បានស្លាប់ដោយសារតែជំងឺនេះ។ ចំនួនអ្នកឆ្លងនេះ គឺ ស្មើជាង៦០ ភាគរយនៃអ្នកឆ្លងកូវីដ-១៩នៅកម្ពុជា សរុប១,៣២៥នាក់។ ក្នុងចំណោម អ្នកឆ្លងកូវីដ-១៩ សរុបនេះ មាន៧៣០នាក់ បានជាសះស្បើយពីជំងឺនេះផងដែរ៕ 
 

Tag:
 វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com