អន្តរជាតិ
កូសូវ៉ូ បើកស្ថានទូតនៅក្រុងហ្ស៊េរុយសាឡិម
15, Mar 2021 , 9:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
ក្រសួងការបរទេសកូសូវ៉ូ ប្រកាសជាផ្លូវការពីបើកស្ថានទូតរបស់ខ្លួនក្នុងទីក្រុងហ្ស៊េរុយសាឡិម ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសតំបន់អឺរ៉ុបដំបូងដែលមានស្ថានទូតក្នុងទីក្រុងដែលប្រទាញប្រទង់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនអស់រយៈពេលជាង៧០ឆ្នាំ។ អាមេរិក ក្វាតេម៉ាឡា និងកូសូវ៉ូជាប្រទេសចំនួន៣ ដែលមានស្ថានទូតក្នុងទីក្រុងហ្សេរ៊ុយសាឡិម។


ការសម្រេចបើកស្ថានទូតក្នុងទីក្រុងដ៏ចម្រូងចម្រាស់បំផុតក្នុងពិភពលោក ធ្វើឡើងបន្ទាប់ពីកូសូវ៉ូបានភ្ជាប់ទំនាក់ទំនងជាមួយអ៊ីស្រាអែលនាថ្ងៃទី១ ខែកុម្ភៈ។ កូសូវ៉ូ ជាប្រទេសមានប្រជាជនមូស្លីមច្រើនភាគច្រើនដែលដាក់ស្ថានទូតនៅទីក្រុងហ្ស៊េរុយសាឡិមដែរ។ 
 
«ការដាក់ស្លាក និងទង់ជាតិកូសូវ៉ូនៅស្ថានទូតប្រចាំប្រទេសអ៊ីស្រាអែល បង្ហាញពីការប្តេជ្ញាចិត្តរបស់កូសូវ៉ូក្នុងការសន្យារបង្កើតបេសកកម្មការទូតនៅក្រុងហ្សេរ៊ុយសាឡឹម»។ នេះជាការលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូសូវ៉ូ នាថ្ងៃទី១៤ ខែមីនា។ កន្លងទៅ ប្រទេសដែលភ្ជាប់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល មានស្ថានទូតនៅក្រុងតែល អាវីវ។
អាជ្ញាធរប៉ាឡេស្ទីន ទាមទារកាន់កាប់ភាគកើតនៃទីក្រុងហ្សេរ៊ុយសាឡឹមដើម្បីបង្កើតជារដ្ឋធានី នៅពេលខ្លួនក្លាយជារដ្ឋឯករាជ្យពេញលេញ។ អ៊ីស្រាអែល កាន់កាប់ក្រុងហ្សេរ៊ុយសាឡឹមក្រោយឈ្នះសង្គ្រាមក្នុងឆ្នាំ១៩៦៧។ សហគមន៍អន្តរជាតិមិនទទួលស្គាល់ការកាន់កាប់ទីក្រុងហ្សេរ៊ុយសាឡឹមដោយអ៊ីស្រាអែលឡើយ។ 
 
ការដាក់ស្ថានទូតនេះត្រូវបានមើលឃើញថា ជាការដោះដូររវាងអ៊ីស្រាអែល និងកូសូវ៉ូក្នុងវិស័យការទូត ដោយអ៊ីស្រាអែលទទួលស្គាល់កូសូវ៉ូជារដ្ឋឯករាជ្យ ហើយកូសូវ៉ូទទួលស្គាល់ក្រុងហ្សេរ៊ុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល។ កូសូវ៉ូ ប្រកាសឯករាជ្យពីសែប៊ី ក្នុងឆ្នាំ២០០៨។ ដែនដីមួយនេះត្រូវបានទទួលស្គាល់ជារដ្ឋឯករាជ្យពីបណ្តារប្រទេសអឺរ៉ុបតែប៉ុណ្ណោះ ចំណែករុស្សី និងចិនមិនទទួលស្គាល់ដែនដីនេះ ដែលធ្វើឱ្យកូសូវ៉ូ មិនអាចក្លាយជារដ្ឋសមាជិកអង្គការសហប្រជាជាតិបាន។
 
ការទាមទារឱ្យប្រទេសឯទៀតទទួលស្គាល់កូសូវ៉ូជារដ្ឋឯករាជ្យ ជាទិសដៅចម្បងបំផុតរបស់ Avdullah Hoti នាយករដ្ឋមន្ត្រីចប់អាណត្តិកូសូវ៉ូ។ ប៉ុន្តែអ្នកស្នងតំណែងរបស់លោកគឺលោកនាយករដ្ឋមន្ត្រី Albin Kurti និយាយថាវាគ្រាន់តែជាការអនុវត្តតាមកាតព្វកិច្ចរបស់រដ្ឋាភិបាលចប់អាណត្តិតែប៉ុណ្ណោះ ដែលទំនងជាមានការកែប្រែនាពេលអនាគត។នេះបើតាមសារព័ត៌មាន Al Jazeera ។
 
ប្រធានាធិបតីតួកគី ក៏បានព្រមានកូសូវ៉ូផងដែរពីការបង្កើតស្ថានទូតនៅទីក្រុងហ្សេរ៊ុយសាឡឹម ដោយសង្កត់ធ្ងន់ថាអាចនឹងប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ជម្លោះរវាងកូសូវ៉ូ និងសែប៊ីលើការប្រកាសឯករាជ្យ បណ្តាលឱ្យមានភាពតានតឹងកដល់បច្ចុប្បន្ន។ ប្រទេសទាំងពីរ ក៏រងសម្ពាធពីប្រទេសលោកខាងលិចឱ្យដោះស្រាយបញ្ហានេះ បើសិនជាចង់ក្លាយជាសមាជិកសហភាពអឺរ៉ុបនោះ៕
 

Tag:
 កូសូវ៉ូ
  អ៊ីស្រាអែល
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com