ពីនេះ ពីនោះ
ឥឡូវ«ល្បី»ដោយសារហ្វេសប៊ុក(Facebook) តែបន្តិចទៀតឈប់ហើយ…!
18, Mar 2021 , 10:43 am        
រូបភាព
ដោយ: ថ្មីៗ
សំណាង និងសុធីរ ស្រ្តេស(តប់ប្រមល់)បន្តិចបន្តួចដែរ ព្រោះ ក្លើទាំងពីរមិនអាចចេញទៅក្រេបកាហ្វេខាងក្រៅបានដោយខ្លាចមេរោគកូវីដ-១៩។ ដើម្បីកាត់ Stress (ស្រ្តេស) សំឡាញ់ទាំងពីរក៏ចេះតែលើកយករឿងសង្គមមកជជែកគ្នាលេងៗទៅ។ នៅថ្ងៃនេះ មិត្តភក្តិទាំងពីរជជែកគ្នាពីរឿងឥទ្ធិពលបណ្តាញសង្គមនៅកម្ពុជា ជាពិសេស ហ្វេសប៊ុក(Facebook)។ ហ្វេសប៊ុក ពេលខ្លះ អាចផ្លាស់ប្តូរជីវិតបុគ្គលមួយចំនួន ពីល្អទៅអាក្រក់ ពីអាក្រក់ទៅល្អ។

 
សំណាង៖ អា សុធីរ! ប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្សវ៉ល់នឹងហ្វេសប៊ុកច្រើនមែនទែន។ អ្ហែងសង្កេតឃើញដូចអញអត់? 
 
សុធីរ៖ នៅកម្ពុជា Yes។ តែនៅអឺរ៉ុប ឬប្រទេសរីកចម្រើនមួយចំនួន ការប្រើប្រាស់ហ្វេសប៊ុកដូចជាថមថយទៅវិញ។ 
 
សំណាង៖ ចុះគេប្រើប្រាស់បណ្តាញសង្គមអ្វីវិញទៅ? 
 
សុធីរ៖ នៅប្រទេសមួយចំនួននោះ គេចាប់ផ្តើមប្រើប្រាស់ Tweeter, WhatsApp, Viber, Line, WeChat, Telegram, TikTok។ល។   
 
សំណាង៖ ហេតុអីទៅ? 
 
សុធីរ៖ ព្រោះវាមានលក្ខណៈឯកជន និងជាលក្ខណៈក្រុមច្រើនជាងហ្វេសប៊ុក។ ហ្វេសប៊ុក បង្ហាញជាសាធារណៈច្រើន។ ម្យ៉ាងទៀត ក្មេងឥឡូវលែងសូវប្រើហ្វេសប៊ុក ពីព្រោះ ពួកគេគិតថា ហ្វេសប៊ុក ជាកន្លែងដែលអាណាព្យាបាលពួកគេប្រើប្រាស់ដែរ។ ដូច្នេះ ពួកគេមិនចង់ឲ្យឪពុកម្តាយដឹងរឿងរ៉ាវសម្ងាត់របស់ពួកគេ។ 
 
សំណាង៖ តែនៅកម្ពុជា ហ្វេសប៊ុក កំពុងពេញនិយមណាស់ណ៎ា អា សុធីរ។ 
 
សុធីរ៖ ជាការពិតវាអ៊ីចឹងមែនហើយ។ តែ…
 
សំណាង៖ តែយ៉ាងម៉េច? 
 
សុធីរ៖ តែអញគិតថា វានឹងថមថយឥទ្ធិពលរបស់វា។ 

សំណាង៖ អ្វីទៅជាហេតុផល? ឆ្លើយឲ្យលឿនមកលោកព្រះ! 
 
សុធីរ៖ តាមយោបល់អញ និងអ្នកវិភាគមួយចំនួន ពួកគេគិតថា និន្នាការនៅកម្ពុជាវានឹងដើរទៅរកដូចនិន្នាការនៅអឺរ៉ុប និងប្រទេសអភិវឌ្ឍមួយចំនួនអ៊ីចឹង។ នៅពេលអនាគត មនុស្សម្នានឹងធុញទ្រាន់នឹងសកម្មភាពបង្ហាញខ្លួនឯង ជាលក្ខណៈបុគ្គល ឬជាលក្ខណៈក្រុម។ ធុញនឹងខ្លួនឯង ហើយក៏ធុញនឹងសកម្មភាពអ្នកដទៃដែរ។ និន្នាការនេះចាប់ផ្តើមហើយ។ តាមអញដឹង អ្នកខ្លះ ឈប់ប្រើប្រាស់ហ្វេសប៊ុក ហើយងាកមកប្រើប្រាស់ Telegram ឬបណ្តាញសង្គមផ្សេងវិញ។ ម្យ៉ាងទៀត នៅកម្ពុជាដដែល ក្មេងអាយុក្រោម១៨ឆ្នាំ កំពុងវក់វីនឹង TikTok ខ្លាំងណាស់។ លេង Tiktok អាចគេចចេញពីភ្នែកច្រមុះឪពុកម្តាយគេ។ 
 
សំណាង៖ បើតាមអ្ហែងគិត តើពេលណាខ្មែរយើងលែងសូវរវីរវល់នឹងហ្វេសប៊ុកទៀត? 
 
សុធីរ៖ អញមិនមែនអ្នកវិភាគការវិវត្តនៃហ្វេសប៊ុកទេវ៉ើយ។ តែនៅកម្ពុជា អញគិតថា វាជាចំណុចចាប់ផ្តើមនៃការថមថយ ហើយប្រហែលជា៣ទៅ៥ឆ្នាំទៀតប៉ុណ្ណោះ មនុស្សម្នាប្រហែលជាព្រងើយកន្តើយនឹងហ្វេសប៊ុកហើយ ព្រោះ បុគ្គលម្នាក់ៗនឹងគិតគូរពីរឿងឯកជនភាពច្រើនជាង មានន័យថា គេមិនចង់បង្ហាញខ្លួនគេ ហើយក៏មិនចង់ដឹងរឿងអ្នកដទៃច្រើនពេកដែរ។ 
 
សំណាង៖ អ៊ីចឹង អញរង់ចាំមើលអ្វីដែលអ្ហែងកំពុងនិយាយប្រាប់អញហ្នឹងថា តើវានឹងកើតឡើងអ៊ីចឹងមែនអត់។ 
 
សុធីរ៖ មានតែពេលវេលាទេដែលអាចប្រាប់ការពិតបាន អា សំឡាញ់!។ ចូរចាំមើលទាំងអស់គ្នា៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com