COVID-19
ជាតិ
ថៃផ្តល់ឲ្យកម្ពុជា១០ម៉ឺនដុល្លារ ដើម្បីជួយដល់ពលករខ្មែរដែលធ្វើចត្តាឡីស័កតាមខេត្តជាប់ព្រំដែន
19, Mar 2021 , 7:29 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រី្តក្រសួងការបរទេស (រូបខាងស្ដាំ)និង លោក ប៉ាន់យ៉ារ៉ាក់ ភូលថាប់ អគ្គរាជទូតថៃប្រចាំកម្ពុជា(រូបខាងឆ្វេង)។ (រូបពីក្រសួងការបរទេស)
លោក ប្រាក់ សុខុន រដ្ឋមន្រី្តក្រសួងការបរទេស (រូបខាងស្ដាំ)និង លោក ប៉ាន់យ៉ារ៉ាក់ ភូលថាប់ អគ្គរាជទូតថៃប្រចាំកម្ពុជា(រូបខាងឆ្វេង)។ (រូបពីក្រសួងការបរទេស)
រដ្ឋាភិបាលថៃ សម្រេចផ្ដល់ជំនួយសប្បុរសធម៌ដល់រដ្ឋាភិបាលកម្ពុជា ១០ម៉ឺនដុល្លារអាមេរិក ដើម្បីរួមចំណែកដោះស្រាយតម្រូវនានារបស់ពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្តជាប់ព្រំដែន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញថ្ងៃទី១៩មីនា ឆ្នាំ២០២១។

 
កាលពីថ្ងៃទី១៩មីនា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រី្តក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក ប៉ាន់យ៉ារ៉ាក់ ភូលថាប់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានរៀបចំពិធីប្រគល់និងទទួលមូលប្បទានបត្រទឹកប្រាក់១០ម៉ឺនដុល្លារ នៅទីស្ដីការក្រសួងការបរទេស។ ជំនួយសប្បុរសធម៌នេះ គឺធ្វើឡើងក្នុងគោលបំណងរួមចំណែកជួយដោះស្រាយតម្រូវការភាពចាំបាច់របស់ពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ 
 
ការផ្ដល់ជំនួយនេះ ភាគីរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា មិនត្រឹមតែផ្ដល់ជំនួយសប្បុរសធម៌នោះទេ គឺថែមទាំងឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តនៃអ្នកជិតខាងដ៏ល្អរវាងប្រទេសទាំងពីរ។ គិតចាប់ពីថ្ងៃទី២០ធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃ១៨មីនានេះ ពលរដ្ឋខ្មែរវិលត្រឡប់ពីថៃមកកម្ពុជាវិញមានជាង២,៦ម៉ឺននាក់។ 
 
ក្នុងរយៈពេលដូចគ្នា អាជ្ញាធរកម្ពុជាបានទទួលពលរដ្ឋខ្មែរ ដែលឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃជាង២ពាន់នាក់។ នេះបើតាមលោក កែវ វណ្ណថន អគ្គនាយករងនិងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕ 
 

Tag:
 ថៃ-កម្ពុជា
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com