កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ូសបេគីស្ថានក្លាយជាប្រទេសអាស៊ីកណ្តាលដំបូង ដែលទទួលសិទ្ធិរៀប AFC U23
19, Mar 2021 , 8:59 pm        
រូបភាព
ប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នៅថ្ងៃទី១៨ ខែមីនាបានផ្តល់សិទ្ធិឱ្យសហព័ន្ធកីឡាបាល់ទាត់អ៊ូសបេគីស្ថាន (UFA) ធ្វើជាម្ចាស់ផ្ទះពានរង្វាន់ Asian Cup ក្រោមអាយុ២៣ឆ្នាំ (AFC Asian Cup U23) ឆ្នាំ ២០២២។ អ៊ូសបេគីស្ថាននឹងក្លាយជាប្រទេសនៅអាស៊ីកណ្តាលដំបូងគេដែលបានសិទ្ធិរៀបចំព្រឹត្តិការណ៍ពានកំពូលអាស៊ីមួយនេះ។



បើតាមការចុះផ្សាយរបស់ AFC តាមរយៈវេបសាយផ្លូវការរបស់ខ្លួន ការសម្រេចប្រគល់ឱ្យអ៊ូសបេគីស្ថានរៀប AFC U23 Asian Cup ២០២២ នេះ ក្រោយមានការវាយតម្លៃឃើញថាប្រទេសមួយនេះ បានបំពេញគ្រប់លក្ខខណ្ឌតម្រូវការ ដែលរួមមានហេដ្ឋារចនាសម្ព័ន្ធកីឡា និងតម្រូវការវាយតម្លៃហានិភ័យជាដើម។ មួយវិញទៀត ដោយសារអ៊ូសបេគីស្ថានជាអ្នករៀបចំព្រឹត្តិការណ៍ AFC U-19 Championship ឆ្នាំ ២០២០ ដែលត្រូវពន្យារដោយសារកូវីដ-១៩ទៅឆ្នាំ២០២១ ហើយស្រាប់។
 
កូរ៉េខាងត្បូងជាម្ចាស់ជើងឯក U23 Asian Cup ដែលថៃធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២០។ វគ្គជម្រុះសម្រាប់ឆ្នាំ២០២២ នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ពោលចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២១ ខណៈ AFC នឹងជ្រើសទីតាំសមស្របមួយដើម្បីធានាកីឡាករ មន្ត្រីនិងអ្នកពាក់ព័ន្ធផ្សេងទៀតអាចគេចផុតពីជំងឺកូវីដ-១៩។
 
AFC U23 Asian Cup 2022 ដែលមានក្រុមក្នុងតំបន់អាស៊ី១៦ក្រុមចូលរួម នឹងប្រព្រឹត្តធ្វើទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២៕
 

Tag:
 AFC U23
  AFC Asian Cup U23
© រក្សាសិទ្ធិដោយ thmeythmey.com