អន្តរជាតិ
ម៉ាឡេស៊ី គាំទ្រការអំពាវនាវរបស់ឥណ្ឌូណេស៊ីឱ្យបើកកិច្ចប្រជុំជាន់ខ្ពស់ ដើម្បីជជែកពីបញ្ហាមីយ៉ាន់ម៉ា
20, Mar 2021 , 5:07 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី​ លោកមូហ៊ីឌីន យ៉ាស៊ីន។ រូបភាព៖ Reuters
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី​ លោកមូហ៊ីឌីន យ៉ាស៊ីន។ រូបភាព៖ Reuters
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកមូហ៊ីឌីន យ៉ាស៊ីន បានប្រកាសគាំទ្រការអំពាវនាវរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោកចូកូ វីដូដូ ឱ្យមានកិច្ចប្រជុំជាន់ខ្ពស់អាស៊ាន ដើម្បីជជែកពីបញ្ហាមីយ៉ាន់ម៉ា។ បើតាមលោក យ៉ាស៊ីន ម៉ាឡេស៊ី ជំរុញឱ្យមីយ៉ាន់ម៉ា ជ្រើសយកដំណោះស្រាយប្រកបដោយសន្តិភាព ជាជាងប្រើហិង្សា លើប្រជាជន។

 
 
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី១៩ ខែមីនា បានស្នើទៅប្រធានអាស៊ានផ្លាស់វេនអាស៊ាន ព្រុយណេ ឱ្យរៀបចំកិច្ចប្រជុំជាន់ខ្ពស់មួយ ដើម្បីជជែកពីបញ្ហាមីយ៉ាន់ម៉ា ដែលកាន់តែធ្ងន់ធ្ងរទៅ ដោយសារតែការបង្រ្កាបរបស់រដ្ឋាភិបាលយោធាលើប្រជាជន និងការរឹតបន្តឹងច្បាប់នៅក្នុងប្រទេស។ ក្នុងថ្ងៃដដែលនេះ មេដឹកនាំម៉ាឡេស៊ី ក៏បានចេញសេចក្តីថ្លែងការណ៍មួយដែល ដោយគាំទ្រការអំពាវនាវមួយនេះ។ 
 
«យើងនៅម៉ាឡេស៊ី និងសហគមន៍អាស៊ានដ៏ធំ មិនអាចឈរមើលមីយ៉ាន់ម៉ា ក្លាយជាតំបន់អស្ថិរភាពដោយសារមនុស្សមួយក្តាប់តូច ដែលស្វែងរកផលប្រយោជន៍មួយក្តាប់ធំបានទេ»។ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មូហ៊ីឌីន យ៉ាស៊ីន បានលើកឡើងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ក្នុងថ្ងៃទី១៩ ខែមីនា ដោយបន្ថែមថា ម៉ាឡេស៊ី គាំទ្រការអំពាវនាវរបស់មេដឹកនាំឥណ្ឌូណេស៊ី ដើម្បីបើកកិច្ចប្រជុំបន្ទាន់មួយ ជជែកពីបញ្ហាមីយ៉ាន់ម៉ា ព្រោះស្ថានភាពនៅក្នុងប្រទេសមួយនេះ កំពុងដើរផ្ទុយនឹងគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។ 
 
បើតាមលោកនាយករដ្ឋមន្រ្តី ម៉ាឡេស៊ីទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដើម្បីលើផ្លូវទៅរកការដោះស្រាយប្រកបដោយសន្តិភាពជាជាងការប្រើហិង្សានៅក្នុងប្រទេស។ ដោយមើលឃើញពីសភាពការរបស់មីយ៉ាន់ម៉ាក្នុងពេលបច្ចុប្បន្ន លោក យ៉ាស៊ីន បានចាត់ទុកថា នយោបាយនៅមីយ៉ាន់ម៉ាពេលនេះ មានតែធ្វើឱ្យប្រជាជនរងគ្រោះប៉ុណ្ណោះ។ 
 
ស្របគ្នានឹងប្រទេសក្នុងតំបន់អាស៊ាន សហគមន៍អន្តរជាតិ នៅតែបន្តដាក់សម្ពាធលើរបបសឹកមីយ៉ាន់ម៉ា បើទោះក្រុមយោធា កន្លងមកបានអះអាង ស៊ាំនឹងទណ្ឌកម្មពីប្រទេសទាំងនោះក៏ដោយ។ សភាតំណាងអាមេរិក នៅថ្ងៃទី១៩ ខែមីនា បានអនុម័តសេចក្តីស្នើច្បាប់មួយ ដែលរិះគន់លើរដ្ឋប្រហារ និងការឃុំខ្លួនមេដឹកនាំរដ្ឋាភិបាលស៊ីវិល។ សេចក្តីស្នើច្បាប់ដដែលនេះ បានជំរុញឱ្យក្រុមយោធា ដោះលែងលោកស្រីអ៊ុងសាន ស៊ូជី, អ្នកជាប់ឃុំផ្សេងទៀត និងរៀបចំរដ្ឋាភិបាលស៊ីវិលឡើងវិញ។ 
 
ទន្ទឹមនេះ អគ្គរដ្ឋទូតរបស់បណ្តាប្រទេសជាច្រើនប្រចាំនៅមីយ៉ាន់ម៉ា ដូចជាសហភាពអឺរ៉ុប និងអង់គ្លេសជាដើម បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយរិះគន់ការបង្រ្កាបលើក្រុមបាតុករមីយ៉ាន់ម៉ា នៅខណ្ឌHlaingthaya ក្នុងក្រុងយ៉ាំងហ្គោន ដោយចាត់ទុកថាជាទង្វើអសីលធម៌ និងមិនអាចការពារបាន។ 
 
សូមបញ្ជាក់ថា មកទល់ពេលនេះ បាតុកម្មនៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ដ្បិតត្រូវបង្រ្កាបពីកម្លាំងប៉ូលិសក៏ដោយ។ មនុស្សជាច្រើនបានបាត់បង់ជីវិត និងត្រូវបានចាប់ខ្លួន ដោយអ្នកទាំងនោះរួមមានអ្នកសារព័ត៌មាន អ្នកនយោបាយ និងបាតុករជាដើម៕ 
 

Tag:
 ម៉ាឡេស៊ី
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com