រកឃើញអ្នកវិជ្ជមានកូវីដ១៩ ២នាក់បន្ថែមទៀតនៅសៀមរាប
COVID-19
ជាតិ
រកឃើញអ្នកវិជ្ជមានកូវីដ១៩ ២នាក់បន្ថែមទៀតនៅសៀមរាប
22, Mar 2021 , 9:24 pm        
រូបភាព
ក្រុមគ្រូពេទ្យកំពុងយកសំណាកអ្នកពាក់ព័ន្ធនៅទីតាំងបន្ទប់ជួល ក្នុងសង្កាត់ស្លក្រាម នាព្រឹកថ្ងៃទី២២ មីនា ឆ្នាំ២០២១។ រូបភាព៖ មន្ទីរសុខាភិបាលខេត្តសៀមរាប
ក្រុមគ្រូពេទ្យកំពុងយកសំណាកអ្នកពាក់ព័ន្ធនៅទីតាំងបន្ទប់ជួល ក្នុងសង្កាត់ស្លក្រាម នាព្រឹកថ្ងៃទី២២ មីនា ឆ្នាំ២០២១។ រូបភាព៖ មន្ទីរសុខាភិបាលខេត្តសៀមរាប
សៀមរាប៖ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តសៀមរាប នាថ្ងៃទី២២ ខែមីនា បានបន្តស្រាវជ្រាវ និងតេស្ដអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ ដែលរកឃើញកាលពីពេលថ្មីៗនេះ ដែលជាលទ្ធផលបានរកឃើញអ្នកជំងឺកូវីដ១៩ចំនួន២នាក់បន្ថែមទៀត។ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានប្រាប់សារព័ត៌មានថ្មីៗនៅយប់នេះថា អ្នកជំងឺ២នាក់នោះ គឺជាប្រពន្ធនិងកូន របស់បុរសដែលរកឃើញកើតជំងឺកូវីដ១៩ កាលពីថ្ងៃទី២១ មីនា។

 
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានបញ្ជាក់ថា ត្រឹមថ្ងៃទី២២ មីនា នេះ គឺមានអ្នកជំងឺ២នាក់ទៀត ក្រោយយកសំណាកទៅធ្វើតេស្ដនៅមន្ទីរពិសោធន៍មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ អ្នកជំងឺទាំង២នាក់ ជាប្រពន្ធនិងកូនអាយុ ១៣ឆ្នាំ របស់បុរសម្នាក់ដែលគ្រូពេទ្យរកឃើញមានជំងឺកូវីដ១៩ នៅថ្ងៃទី២១ មីនា ដែលមានប្រវត្តិមកពីខេត្តកំពង់ស្ពឺ។ 
 
តាមការបញ្ជាក់ពីលោក ក្រុស សារ៉ាត់ ក្រុមគ្រូពេទ្យបានធ្វើតេស្ដលើអ្នកពាក់ព័ន្ធចំនួន ២៤នាក់ ដែលរស់នៅក្នុងបន្ទប់ជួល ផ្ទះរបស់បុរសខាងលើ តែលទ្ធផលវិជ្ជមានតែ២នាក់ប៉ុណ្ណោះ គឺប្រពន្ធនិងកូន។ យ៉ាងណា លោកវេជ្ជបណ្ឌិតប្រាប់ថា នឹងបន្តតេស្ដលើកទី២ទៀតសម្រាប់អ្នកពាក់ព័ន្ធ។
 
ជាមួយគ្នានេះ នៅថ្ងៃស្អែក ក្រុមគ្រូពេទ្យដែលនឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នឹងបន្តស្រាវជ្រាវដល់ទីតាំងមួយចំនួន ដែលស្រ្ដីជាប្រពន្ធបុរសខាងលើដែលទើបរកឃើញជំងឺនេះ។ លោក ក្រុស សារ៉ាត់ មិនបានបញ្ជាក់ពីទីតាំងទាំងនោះទេ តែលោកអះអាងថា ស្រ្ដីរូបនោះបានដើរជាច្រើនកន្លែងក្នុងក្រុងសៀមរាប មុនរកឃើញថាមានជំងឺកូវីដ១៩។
 
លោក ទៀ សីហា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនាយប់ថ្ងៃទី២២ មីនានេះថា ស្ថានការណ៍ក្នុងខេត្តសៀមរាបនាពេលនេះ គឺស្ថិតក្នុងហានិភ័យខ្ពស់។ លោកអភិបាលខេត្តបញ្ជាក់ថា លោកបានត្រៀមកម្លាំងជំនាញពាក់ព័ន្ធនានាដើម្បីគ្រប់គ្រងស្ថានការណ៍នេះហើយ ដែលលោកបង្ហើបថា នឹងអាចឈានដល់បិទសង្កាត់ស្លក្រាមមួយបន្ថែមទៀត ដើម្បីទប់ស្កាត់និងបង្ការ ក៏ដូចជាដើម្បីឱ្យអាជ្ញាធរងាយស្រួលគ្រប់គ្រងស្ថានការណ៍យ៉ាងមានប្រសិទ្ធភាព។ លោក ទៀ សីហា បានលើកឧទាហរណ៍ដូចករណីបិទសង្កាត់គោកចក ដែលមកដល់ពេលនេះ ស្ថានការណ៍ហាក់ធូរស្រាល និងអាចគ្រប់គ្រងបាន។
 
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ មីនា ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន៥នាក់ហើយ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងនោះមានស្រ្ដីនៅស្រុកពួក ដែលរកឃើញនៅថ្ងៃទី៩ មីនា បុរសរស់នៅភូមិគោកត្នោត សង្កាត់គោកចក មានប្រវត្តិមកពីខេត្តកណ្ដាល ដែលរកឃើញនៅថ្ងៃទី២០ មីនា បុរសម្នាក់នៅភូមិគោកពោធិ៍ សង្កាត់ស្លក្រាម មានប្រវត្តិមកពីខេត្តកំពង់ស្ពឺ រកឃើញនៅថ្ងៃទី២១ និងស្រ្ដីជាប្រពន្ធនិងកូនរបស់បុរសម្នាក់នេះ ដែលរកឃើញនៅថ្ងៃទី២២ មីនា៕
 
 
 
 

Tag:
 កូវីដ១៩
© រក្សាសិទ្ធិដោយ thmeythmey.com