ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​រឿង ៦​យ៉ាង​ដែល​អ្នក​ត្រូវតែ​ប្រាប់​កូន​រាល់ថ្ងៃ​
24, Mar 2021 , 6:59 am        
រូបភាព
​ចាប់​តាំងពី​យើង​មាន​ឥទ្ធិពល​ខ្លាំង​ចំពោះ​ជីវិត​រស់នៅ​របស់​កូនៗ វា​គឺជា​រឿង​សំខាន់​មួយ​ដែល​ត្រូវ​ការលើកទឹកចិត្ត​ដល់​ពួកគេ និង​បង្ហាញ​នូវ​សេចក្តីស្រឡាញ់​ដល់​គេ ដោយ​មិនមែន​មាន​តែ​ពាក្យ​ថា “​ប៉ា ឬ​ម៉ាក់ ស្រឡាញ់​កូន​” តែមួយ​មុខ​ទេ តែ​ក៏​ត្រូវ​បង្ហាញ​គេ​តាមរយៈ​សកម្មភាព និង​ធ្វើ​ជា​ឧទាហរណ៍​ឲ្យ​ពួកគេ​ដឹង​ដែរ​។
 
​ក្មេងៗ​ភាគច្រើន​មើលឃើញ និង​យល់​ថា ឪពុក​ម្តាយ​គេ​គឺជា​វិរៈបុរស ឬ​វីរៈ​នាទី​ដ៏​អស្ចារ្យ​។ ដូច្នេះ​ដើម្បី​ប្រាកដថា ពួកគេ​ធំ​ឡើង​មាន​សេចក្តីស្រឡាញ់ និង​មាន​សមត្ថភាព​រស់នៅ​ពេញលេញ​ដើម្បី​ស្វែងរក​អ្វី​ដែល​ជាក្តី​សុបិន្ត​ពួកគេ​នោះ យក​ល្អ​គួរតែ​ឧស្សាហ៍​និយាយ​ពាក្យ​ខាងក្រោម​នេះ​ប្រាប់​ពួកគេ​រាល់ថ្ងៃ​ផង​៖
១. កូន​អាចធ្វើ​បាន​
​វា​ពិតជា​រឿង​សំខាន់​ណាស់​ដែល​ឪពុក​ម្តាយ​គ្រប់រូប​គួរតែ​លើកទឹកចិត្ត​កូន​ខ្លួនឯង​ឲ្យធ្វើ​រឿង​គ្រប់យ៉ាង ទោះបីជា​វា​ពិបាក​បន្តិច​ក៏​ដោយ ដើម្បី​គេ​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ពេល​ពួកគេ​ធំ​ឡើង​។
២. កុំ​ចុះចាញ់​ឲ្យសោះ​
​ចូរ​លើកទឹកចិត្ត​កូន​ឲ្យ​ប្រឈមមុខ​នឹង​រឿង​ពិបាកៗ​ទាំង​អស់​ទើប​អាច​ជំរុញ​ដល់​ការរស់នៅ​របស់​ពួកគេ​នៅ​ថ្ងៃ​ក្រោយ​បាន​។ ចូរ​រំលឹក​ពួកគេ​កុំឲ្យ​ចុះចាញ់ តែ​ត្រូវ​ជឿជាក់​លើ​ខ្លួនឯង​ដោយ​ធ្វើ​វា​ម្តង​ហើយ​ម្តងទៀត​។
៣. ប៉ា ឬ​ម៉ាក់​ជឿជាក់​លើ​កូន​
​ចូរ​បង្ហាញ​កូន​អ្នក​ឲ្យដឹងថា អ្នក​គឺជា​អ្នកគាំទ្រ​តែមួយគត់​សម្រាប់​ពួកគេ​។ ចូរ​បង្ហាញ​ពួកគេ​ថា អ្នក​បាន​ជឿជាក់​លើ​សមត្ថភាព​របស់​គេ​យ៉ាង​ពិតប្រាកដ និង​ដឹង​អំពី​ភាពខ្លាំង​ដែល​ពួកគេ​អាចធ្វើ​បាន​។
៤. កូន​ឆ្លាត​ណាស់​
​កូន​ដែល​មាន​អារម្មណ៍​ថា​ខ្លួនឯង​មិន​សូវ​ឆ្លាត​ដូច​ក្មេង​ដទៃ​ច្រើន​តែ​មាន​ភាព​ចុះចាញ់ និង​មិន​ហ៊ាន​ជម្នះ​ការពិបាក​ឡើយ​។ ដូច្នេះ​ដើម្បី​បង្ការ​រឿងនេះ ចូរ​និយាយ​សរសើរ​គេ​ជា​និច្ច​ដើម្បី​បង្កើន​សមត្ថភាព​របស់​ពួក​គេ​លើ​ការ​ធ្វើ​អ្វីមួយ​ដែល​អាច​ធ្វើបាន​។
៥. យើង​រៀន​ជាមួយ​នឹង​ការអនុវត្ត​
​នៅ​ពេល​ចាប់ផ្តើម​អ្វីមួយ​ដំបូងៗ វា​ច្រើនតែ​ប្រឈម​ការលំបាក​។ ប៉ុន្តែ​ដល់​ពេល​ធ្វើ​យូរៗ​ទៅ វា​នឹង​មើល​ទៅ​ស្រួល​ទៅៗ​ហើយ​។ ដូច្នេះ​ចូរ​ប្រាកដថា កូន​អ្នក​បាន​សិក្សា​អំពី​ចំណុច​នេះ​រួច​ហើយ​។
៦. ចូរ​ធ្វើ​វា​ឲ្យអស់​ពី​សមត្ថភាព​របស់​កូន​ជា​និច្ច​ទៅ​
​វា​គឺជា​រឿង​សំខាន់​ណាស់​ក្នុង​ការបង្រៀន​កូន​ឆ្លងកាត់​នូវ​ស្ថានភាព​គ្រប់យ៉ាង​ដែល​ពួក​គេ​គួរតែ​ធ្វើ​។ អ្វី​ដែល​កាន់តែ​សំខាន់ គឺ​ជំរុញ​ពួកគេ​ធ្វើ​រឿង​ទាំងនោះ​ឲ្យអស់​ពី​សមត្ថភាព​។
​រឿង​តិចតួច​ដែល​អ្នក​ធ្វើ​រាល់​ថ្ងៃ​អាច​ផ្តល់​នូវ​តម្លៃ​ខ្ពស់​មួយ​ចំពោះ​កូន​បាន ហើយក៏​អាច​ជួយ​ពួកគេ​ធំ​ឡើង​ប្រកបដោយ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ហើយក៏​ជា​ក្មេង​ដែល​សប្បាយចិត្ត ព្រមទាំង​អ​នា​គត់​ល្អ​ដែរ​។ ចូរ​ប្រាកដថា អ្នក​បាន​បង្រៀន​កូន​គ្រប់​ពេល​ដែល​មាន​ឱកាស​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com