សំណុំរឿងស៊ីនជាំង៖ ចិនដាក់ទណ្ឌកម្មលើអឺរ៉ុប ក្រោយបស្ចិមលោកព្រួតគ្នាដាក់ទណ្ឌកម្មមន្ត្រីខ្លួន
អន្តរជាតិ
សំណុំរឿងស៊ីនជាំង៖ ចិនដាក់ទណ្ឌកម្មលើអឺរ៉ុប ក្រោយបស្ចិមលោកព្រួតគ្នាដាក់ទណ្ឌកម្មមន្ត្រីខ្លួន
23, Mar 2021 , 12:01 pm        
រូបភាព
ជនភាគតិចវីហ្គ័រតវ៉ាប្រឆាំងការបំពានសិទ្ធិមនុស្សនៅស៊ីនជាំងនាពេលកន្លងមក។ រូបថត AFP
ជនភាគតិចវីហ្គ័រតវ៉ាប្រឆាំងការបំពានសិទ្ធិមនុស្សនៅស៊ីនជាំងនាពេលកន្លងមក។ រូបថត AFP
ទីក្រុងប៉េកាំង នៅថ្ងៃទី២២ ខែមីនាបានសម្រេចដាក់ទណ្ឌកម្មតបទៅលើសហភាពអឺរ៉ុប (EU) បន្ទាប់ពីអាមេរិក សហភាពអឺរ៉ុប អង់គ្លេស និងកាណាដា បានសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីចិនពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សតំបន់ស៊ីនជាំង។ ការដាក់ទណ្ឌកម្មរួមគ្នាដោយបស្ចិមលោកនេះ ត្រូវបានមើលឃើញថា ជាការសម្របសម្រួលសកម្មភាពគោលនយោបាយការបរទេសរបស់អាមេរិក និងសម្ពន្ធមិត្តក្នុងការទប់ទល់ចិន។


 
រដ្ឋាភិបាលប្រទេសលោកខាងលិច ទាមទារឱ្យចិនទទួលខុសត្រូវចំពោះការឃុំខ្លួនជនជាតិមូស្លីមភាគតិចវីហ្គ័រ នៅតំបន់ស៊ីនជាំង។ អាមេរិក ចោទចិនថាបានកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅទីនោះ។ អង្គការអន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិ អះអាងថា ជនជាតិភាគតិចមូស្លីមជាង១លាននាក់ត្រូវបានឃុំខ្លួននៅជំរុំក្នុងតំបន់ស៊ីនជាំងដោយរងការធ្វើទារុណកម្ម និងពលកម្មដោយបង្ខំ។ តែចិនអះអាងថាជំរំទាំងនោះបង្កើតឡើងដើម្បីអប់រំ និងផ្តល់ចំណេះដឹងវិជ្ជាជីវៈ។
 
EU ជាអ្នកចាប់ផ្តើមដាក់ទណ្ឌកម្មដំបូង ដោយសំដៅលើមន្ត្រីជាន់ខ្ពស់ចិនចំនួន៤រូប ដែលក្នុងនោះរួមមានលោក Chen Mingguo នាយកការិយាល័យសន្តិសុខសាធារណៈស៊ីនជាំង លោក Zhu Hailun អតីតលេខាបក្សតំបន់ស៊ីនជាំង លោក Wang Mingshan និងលោក Wang Junzheng ។ ទណ្ឌកម្មនោះរួមមានការហាមមិនឱ្យចូលសហភាពអឺរ៉ុប និងបង្កកទ្រព្យសម្បត្តិ។ បន្ថែមពីនេះក្រុមហ៊ុនសំណង់មួយទៀតក៏រងទណ្ឌកម្មផងដែរ។
 
អង់គ្លេស និងកាណាដា ក៏សម្រេចដាក់ទណ្ឌកម្មលើបុគ្គលទាំង៤ដូចអឺរ៉ុបផងដែរ។ ចំណែកអាមេរិកវិញ ដាក់ទណ្ឌកម្មលើលោក Wang Junzheng និងលោក Chen Mingguo តែប៉ុណ្ណោះ។ ក្រោយការដាក់ទណ្ឌកម្មនេះ រដ្ឋមន្ត្រីការបរទេសកាណាដា អង់គ្លេស និងអាមេរិកបានចេញសេចក្តីថ្លែងការណ៍រួមទាមទារឱ្យចិន បញ្ចប់សកម្មភាពជិះជាន់នៅស៊ីនជាំង។
ក្រោយការប្រកាសដាក់ទណ្ឌកម្មរួមគ្នានេះ ចិនតបវិញដោយដាក់ទណ្ឌកម្មលើ EU មួយសិន។ ក្នុងសេចក្ដីប្រកាសរបស់ក្រសួងការបរទេសចិននៅថ្ងៃទី២២ ខែមីនា ប៉េកាំងសម្រេចដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័នអឺរ៉ុបសរុបចំនួន១០ ដែលរួមមានតំណាងរាស្ត្រសភាអឺរ៉ុបចំនួន៥នាក់ អ្នកស្រាវជ្រាវស្តីពីបញ្ហាពីរំលោភបំពាននៅស៊ីនជាំង និងទីបេ ក៏ដូចជាស្ថាប័នស្រាវជ្រាវរបស់អាល្លឺម៉ង់ និងដាណឺម៉ាកផងដែរ។ 
 
ក្រសួងការបរទេសចិន និយាយថាបុគ្គលដែលស្ថិតក្នុងបញ្ជីទណ្ឌកម្ម ក៏ដូចជាគ្រួសារមិនត្រូវបានអនុញ្ញាតឱ្យចូលទឹកដីចិន ហុងកុង និងម៉ាកាវ ហើយហាមមិនឱ្យស្ថាប័នឬបុគ្គលទាំងនោះធ្វើអាជីវកម្ម ឬមានទំនាក់ទំនងក្នុងប្រទេសចិន។
 
ការដាក់ទណ្ឌកម្មលើចិនដោយសហភាពអឺរ៉ុប គឺជាការដាក់ទណ្ឌកម្មលើកទីមួយរាប់ចាប់តាំងពីឆ្នាំ១៩៨៩មក គ្រានោះអឺរ៉ុបដាក់ទណ្ឌកម្មចិនចំពោះការបង្ក្រាបបាតុករដោយហិង្សានៅទីលានធានអានមិន។ អឺរ៉ុប ចោទបុគ្គលទាំងនោះពីការឃុំខ្លួនដោយបង្ខំ និងការធ្វើទុក្ខបុកម្នេញលើជនជាតិវីហ្គ័រ និងជនជាតិមូស្លីមភាគតិចដទៃទៀត ក៏ដូចជាការរំលោភជាប្រព័ន្ធលើសេរីភាពសាសនា ឬជំនឿ។
 
«ខណៈដែលមានការថ្កោលទោសជាអន្តរជាតិ (ចិន)បន្តប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅស៊ីនជាំង»។ នេះជាការលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់លោកអាន់តូនី ប្ល៊ីងខិនរដ្ឋមន្ត្រីការបរទេសអាមេរិក។ ចំណែកសេចក្តីថ្លែងការណ៍ក្រសួងការបរទេសកាណាដាលើកឡើងថា ភស្តុតាងជាច្រើនបង្ហាញពីការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ដែលប្រព្រឹត្តឡើងដោយអាជ្ញាធរចិន៕
 

Tag:
 អាមេរិក
  អង់គ្លេស
  កាណាដា
  EU
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com