ពីនេះ ពីនោះ
កូវីដ-១៩៖ ឱកាសថ្មីក្នុងឧបសគ្គ?
25, Mar 2021 , 10:35 am        
រូបភាព
ដោយ: ថ្មីៗ
សំណាង និងសុធីរ ក៏ទទួលរងផលប៉ះពាល់ពីមេរោគកូវីដដូចគេ ដូចឯងដែរ។ ធ្វើការមិនកើត បាត់ចំណូល ជួបគ្នាក្រេបកាហ្វេមិនកើត។ តែទោះជាយ៉ាងណា ក្លើទាំងពីរនៅបន្តជជែកគ្នាតាមបណ្តាញសង្គម។ នៅថ្ងៃនេះ សំឡាញ់ទាំងពីរជជែកគ្នាពីចំណូលធ្លាក់ចុះរបស់មនុស្សទូទៅដែលបង្កឡើយការរាតត្បាតនៃមេរោគកូវីដ-១៩។

 
សំណាង៖ អា សុធីរ! ក្រៅពីជីវិតមនុស្ស កូវីដដូចជាធ្វើបាបអ្នកជំនួញខ្លាំងណាស់ មិនថាតែនៅកម្ពុជាទេ តែពិភពលោកទាំងមូលតែម្តង។ ក្រុមហ៊ុនរាប់ពាន់ម៉ឺនសែននៅលើពិភពលោកបានប្រកាសបិទទ្វារ។ បុគ្គលិកច្រើនលាននាក់គ្មានការងារធ្វើ។ ចរន្តសេដ្ឋកិច្ចសឹងតែគាំងនៅគ្រប់ប្រទេស។ ពេលណាទើបស្ថានភាពប្រសើរឡើងវិញ? 
 
សុធីរ៖ ពិបាកទស្សន៍ទាយណាស់ណ៎ា។ តែអ្វីដែលគេអាចគិតលេងៗមើលទៅ គឺថា បើប្រជាពលរដ្ឋពាក់កណ្តាលនៃប្រទេសនីមួយៗបានទទួលវ៉ាក់សាំងរួចហើយ ពេលនោះ គេគិតថា សេដ្ឋកិច្ចអាចដំណើរការឡើងវិញបានខ្លះ។ ហើយពេលនោះហើយ ស្ថានភាពទូទៅអាចចាប់ផ្តើមវិលមករកប្រក្រតីឡើងវិញ។ 

សំណាង៖ បើនិយាយពីកម្ពុជាយើងវិញ តើជំនួញច្រើនទេដែលក្ស័យធន? 

សុធីរ៖ ប្រឈមនឹងកូវីដហ្នឹង មិនថា ជំនួញទើបបើកថ្មី ឬជំនួញចាស់ទេ បានប្រកាសបិទទ្វារជាបន្តបន្ទាប់ ព្រោះ គ្មានប្រាក់ចំណូល ហើយមានតែចំណាយ។ ឧបសគ្គនៅពេលនេះប្រឈមខ្លាំងណាស់។ តែអញប្រាប់អ្ហែងរឿងមួយទៅចុះ ជាធម្មតាទេ ក្នុងកាលៈទេសៈណាក៏ដូចជាកាលៈទេសៈណាដែរ នៅពេលដែលមានបញ្ហាអ្វីមួយកើតឡើង វាតែងតែមានអ្នកខាតបង់ និងមានអ្នកទទួលផល។ ក្នុងបរិបទកូវីដនេះ ជំនួញភាគច្រើន និងមនុស្សភាគច្រើនខាតបង់ក្នុងទម្រង់ផ្សេងៗគ្នា។ តែកូវីដហ្នឹងក៏បង្កើតឱកាសល្អសម្រាប់ក្រុមមនុស្សមួយក្រុមដែរ។ ជំនួញភាគច្រើន ជាពិសេស ជំនួញបែបបុរាណដួលរលំ តែជំនួញអនឡាញមួយចំនួនដែលទើបបង្កើតឡើង បាននិងកំពុងទទួលជោគជ័យ ដូចជា ក្រុមហ៊ុនសេវាដឹកជញ្ជូនម្ហូបអាហារ។ល។ សេវាទូទាត់លុយតាមប្រព័ន្ធអេឡិចត្រូនិកកើនឡើងខ្លាំង បើប្រៀបធៀបទៅនឹងមុនការរាតត្បាតមេរោគ។ ការសិក្សាពីចម្ងាយ ឬតាមអនឡាញរីកចម្រើន។ ការចុះបញ្ជីនៃសេវាផ្សេងៗធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិកកើនឡើង។ សេវាជំរុញទីផ្សារឌីជីថលកាន់រីកចម្រើនឡើង។ ការងារនៃសេវារដ្ឋមួយចំនួនធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក។ សេវាសុខាភិបាលក្នុងប្រទេសកម្ពុជាទទួលបានការគាំទ្រច្រើនជាងមុន ព្រោះអ្នកជំងឺមិនអាចចេញក្រៅប្រទេសបាន។ និយាយជារួម កូវីដ វាអាក្រក់ពេកណាស់ទៅហើយ។ តែវាហាក់បីដូចជាកំពុងជំរុញល្បឿនគោលនយោបាយរដ្ឋាភិបាលអេឡិចត្រូនិកកម្ពុជាឲ្យបោះជំហ៊ានទៅមុខកាន់តែលឿនជាងការគ្រោងទុក។ 

សំណាង៖ អញស្តាប់អ្ហែងនិយាយទៅ កូវីដ-១៩ ដូចជា ចង់ល្អម៉េចទៅវិញទេ! 

សុធីរ៖ No No No។ កូវីដ មិនល្អទេ។ កូវីដឆក់យកជីវិតមនុស្សអស់៧នាក់ហើយនៅកម្ពុជា ហើយកូវីដបានធ្វើឲ្យកម្ពុជាខាតបង់សេដ្ឋកិច្ចរាប់រយលានដុល្លារក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក នឹងតទៅមុខទៀត។ យើងត្រូវនាំគ្នាទប់ស្កាត់ និងប្រយ័ត្នចំពោះមេរោគមួយនេះ។ 

សំណាង៖ អ្នកខ្លះថា កូវីដ បានផ្តល់មេរៀនល្អ និងអាក្រក់ដល់មនុស្សមួយចំនួន។ មេរៀនទាំងនោះជាអ្វីទៅ? 

សុធីរ៖ មេរៀនអាក្រក់ដែលគេចង់និយាយនោះគឺថា កូវីដ បានដាក់ទណ្ឌកម្មទៅលើអ្នកជំនួញមួយចំនួនដែល«លោភលន់»វិនិយោគមិនចេះស្កប់ស្កល់។ គេថា វាជាមេរៀនអាក្រក់សម្រាប់អ្នកជំនួញមួយចំនួននោះ ព្រោះ កូវីដកើតឡើងដោយគ្មានការព្រាងទុក ។ រីឯរឿងដែលថា កូវីដ បង្កើតមេរៀនល្អវិញនោះ គឺនៅត្រង់ថា កូវីដ បានបង្កើតឱកាសឲ្យអ្នកជំនួញមួយចំនួនដែលមានគំនិតថ្មីៗបង្កើតជំនួញអនឡាញមួយចំនួនប្រកបដោយជោគជ័យដូចអ្វីដែលអញបានប្រាប់អ្ហែងពីខាងលើមកអ៊ីចឹង។ តែទោះជាយ៉ាងណាក៏ដោយ ពេលខ្លះ អ្វីៗជារឿងព្រហ្មលិខិតទេ អា សំណាង! គ្មាននរណាអាចប្រឆាំងនឹងព្រហ្មលិខិតបានឡើយ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com