ជាតិ
សមត្ថកិច្ចដោះលែងសមាជិកសមាគមស្រី្តដើម្បីសង្គម ក្រោយធ្វើកិច្ចសន្យាឈប់ប្រមូលស្នាមមេដៃ
25, Mar 2021 , 3:45 pm        
រូបភាព
ក្រុមសមាគមស្រី្តដើម្បីសង្គមចុះតាមផ្ទះពលរដ្ឋដើម្បីរកការគាំទ្រដាក់ញត្តិសុំអន្តរាគមន៍លើថ្លៃទឹក ភ្លើង និងផ្ទះជួល។ (រូបពីទំព័រហ្វេសប៊ុកស្រី្តដើម្បីសង្គម)
ក្រុមសមាគមស្រី្តដើម្បីសង្គមចុះតាមផ្ទះពលរដ្ឋដើម្បីរកការគាំទ្រដាក់ញត្តិសុំអន្តរាគមន៍លើថ្លៃទឹក ភ្លើង និងផ្ទះជួល។ (រូបពីទំព័រហ្វេសប៊ុកស្រី្តដើម្បីសង្គម)
ភ្នំពេញ៖ សមត្ថកិច្ច ដោះលែងសមាជិកសមាគមស្រី្តដើម្បីសង្គម៦នាក់វិញ ក្រោយធ្វើកិច្ចសន្យាឈប់ប្រមូលស្នាមមេដៃពីពលរដ្ឋ ដើម្បីគាំទ្រលើញត្តិស្នើសុំអន្តរាគមន៍ពីសម្ដេច ហ៊ុន សែន។ ញត្តិដែលគ្រោងដាក់នៅថ្ងៃទី២៦មីនានេះ គឺសុំជួយអន្តរាគមន៍លើថ្លៃទឹក ភ្លើង ធនាគា ប្រេងសាំង និងជួយសម្រួលឲ្យម្ចាស់ផ្ទះបញ្ចុះតម្លៃ៥០ភាគរយ ក្នុងរយៈពេល៣ខែ។

 
លោក យាន រក្សា ប្រធានក្រុមប្រឹក្សានៃសមាគមស្រី្តដើម្បីសង្គម ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី២៥មីនាថា ប្រធានសមាគមខ្លួន គឺកញ្ញា កែវ ទិត្យលីដា និងសមាជិកចំនួន៥នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ឃ្លាត់ខ្លួន កាលពីថ្ងៃទី២៤មីនា ក្នុងសង្កាត់ស្ទឹងមានជ័យ១ ដោយសារចុះប្រមូលស្នាមមេដៃពលរដ្ឋ ដោយគ្មានការអញ្ញាតពីក្រសួងមហាផ្ទៃ។ ក្រុមរបស់លោកក៏ព្រមទទួលស្គាល់កំហុស និងធ្វើកិច្ចសន្យាឈប់ប្រមូលស្នាមមេដៃបន្តទៀតដែរ។ 
 
«ក្រុមខ្ញុំទទួលស្គាល់ថាការប្រមូលស្នាមមេដៃនេះ ធ្វើឡើងដោយគ្មានការអនុញ្ញាត ដោយពុំដឹងថាសកម្មភាពនេះត្រូវសុំការអនុញ្ញាតពីក្រសួង។ ហើយនៅព្រឹកនេះ ខាងសមត្ថកិច្ចបានឲ្យក្រុមខ្ញុំធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពប្រមូលស្នាមមេដៃ រួមហើយក៏បានដោះលែងក្រុមខ្ញុំវិញ។ សមត្ថកិច្ចបញ្ជាក់ថាការប្រមូលស្នាមមេដៃនេះ ប្រសិនបើចង់ធ្វើគឺត្រូវឲ្យសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃឬសាលាក្រុងជាមុខសិន »។ នេះបើតាមការលើកឡើងរបស់លោក យាន រក្សា ។ 
 
ជុំវិញការស្នើសុំដង្ហែញត្តិទៅឧុទ្ទកាល័យសម្ដេច ហ៊ុន សែន លោក រក្សា ថា ខាងរដ្ឋបាលសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យដង្ហែនោះទេ ដោយអនុញ្ញាតឲ្យបុគ្គលណាម្នាក់ជាតំណាងយកទៅដាក់តែប៉ុណ្ណោះ។ ការធ្វើបែបនេះ គឺដើម្បីបង្ការការរីករាលដាលនៃកូវីដ-១៩។ ជាមួយគ្នាដែរ ប្រធានក្រុមប្រឹក្សានៃសមាគមស្រី្តដើម្បីរូបនេះថា គម្រោងដាក់ញត្តិនៅថ្ងៃទី២៦ មីនា ក្រុមលោកមិនច្បាស់ថា អាចដំណើរការដាក់ញត្តិតាមគម្រោង ឬយ៉ាងនោះទេ គឺត្រូវរង់ចាំពិភាក្សាគ្នាបន្តទៀតសិន។  
 
កន្លងមកក្រុមប្រឹក្សានៃសមាគមស្រី្តបានប្រមូលស្នាមមេដៃពីពលរដ្ឋ បានប្រមាណ៣០០នាក់ហើយ ដើម្បីចូលរួមដាក់ញត្តិសុំសម្ដេច ហ៊ុន សែន ជួយលើកលែងថ្លៃទឹក ភ្លើង និងបញ្ចុះតម្លៃផ្ទះជាដើម។ ការស្នើសុំការលើកលែងនេះ គឺសម្រាប់តែអ្នកខ្វះខាត ពិសេសសិស្សនិស្សិត និងកម្មកររោងចក្រតែប៉ុណ្ណោះ។
 
 

Tag:
 ស្រី្តដើម្បីសង្គម
  ញត្តិ
© រក្សាសិទ្ធិដោយ thmeythmey.com