ជាតិ
អភិបាលខណ្ឌឫស្សីកែវ៖ អាជ្ញាធរដើរតួនាទីលើសពីអាណាព្យាបាលក្នុងប្រតិបត្តិការប្រឆាំងកូវីដ-១៩
25, Mar 2021 , 4:55 pm        
រូបភាព
ភ្នំពេញ៖ ព្រឹត្តិការណ៍ ២០កុម្ភៈ បានធ្វើឱ្យស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជាកាន់តែធ្ងន់ធ្ងរ ដែលបាន រាលដាលយ៉ាងលឿននៅ រាជធានីភ្នំពេញ និងខេត្តចំនួន១២។ ក្រៅពីក្រុមគ្រូពេទ្យជួរមុខ កំពុងខ្នះខ្នែង ជួយសង្គ្រោះអ្នកជំងឺឱ្យផុតគ្រោះថ្នាក់ អាជ្ញាធរមូលដ្ឋាន ក៏មានបេសកកម្មកាន់តែមមាញឹកផងដែរ។ សារព័ត៌មានថ្មីៗ បានសាកសួរទៅកាន់អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី ទាក់ទង នឹងសកម្មភាព ប្រចាំថ្ងៃរបស់លោកនៅក្នុងខណ្ឌដែលកំពុងរាលដាលខ្លាំងជាងគេក្នុងរាជធានី។

 
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី២៥ ខែមីនា បានបង្ហាញថា កម្ពុជា មាន ករណីវិជ្ជមានថ្មីចំនួន៥៥ទៀតដែលក្នុងនោះ២៤នាក់ស្ថិតក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ការគណនាដោយផ្អែកតាមទិន្នន័យប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល បង្ហាញខណ្ឌឫស្សី មានប្រមាណ៨០ករណីហើយដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
 


«ការគ្រប់គ្រងស្ថានការណ៍នេះ ពិតជាលំបាក ប៉ុន្តែអាជ្ញាធរ បានប្រឹងប្រែងគ្រប់គ្រងស្ថានការណ៍ ទាំង យប់ទាំងថ្ងៃដោយព្យាយាមធ្វើយ៉ាងណា កុំឲ្យមានការរាលដាលបន្តពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងពីកន្លែងមួយទៅកន្លែងមួយទៀត»។ លោក ជា ពិសី បានអះអាងយ៉ាងដូច្នេះ។
 
លោកអភិបាលខណ្ឌ ដែលតែងតែប្រើឧគ្ឃោសនសព្ទស្រែកណែនាំពលរដ្ឋ ជាពិសេស អ្នកធ្វើចត្តា ឡីស័ក ឲ្យគោរពតាមវិធានការក្រសួងសុខាភិបាលនោះ បានបញ្ជាក់ថា នារយៈពេលចុងក្រោយនេះ អាជ្ញាធរមូលដ្ឋាន ជាពិសេសលោកផ្ទាល់តែងតែរង់ចាំលទ្ធផលសំណាក ដោយពេលខ្លះ ដល់ម៉ោង១ យប់ ហើយក្នុងករណីមានអ្នកវិជ្ជមាន អាជ្ញាធរត្រូវរៀបចំចាត់ចែងដឹកអ្នកជំងឺទៅមន្ទីរពេទ្យ ហើយបន្តយកសំណាកអ្នកពាក់ព័ន្ធឱ្យបានទាន់ពេលវេលា។
 
ក្នុងបទសម្ភាសតាមទូរសព្ទជាមួយសារព័ត៌មានថ្មីៗ កាលពីថ្ងៃទី២៣ ខែមីនា លោក ជា ពិសី បានបញ្ជាក់ថា ពលរដ្ឋនៅមូលដ្ឋានខណ្ឌឫស្សី ប្រមាណ៥០០នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ កំពុងធ្វើចត្តាឡីស័ក នៅជាង២០ទីតាំងផ្សេងៗគ្នា។ 
 


លោកបានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានតែងតែយកចិត្តទុកដាក់ចំពោះពលរដ្ឋដែលជួបទុក្ខលំបាក ដោយនាំយកអំណាយជូនអ្នកចត្តាឡីស័កនិងបានចុះផ្សព្វផ្សាយដោយផ្ទាល់ជាប្រចាំពីវិធានការការពាជំងឹកូវីដ-១៩ ដល់ពលរដ្ឋនៅតាមមូលដ្ឋាន។

លោក ជា ពិសី បានលើកឡើងថា ទន្ទឹមមានការប្រឹងប្រែងពីគ្រូពេទ្យ និងអាជ្ញាធរ ការចូលរួមពីពលរដ្ឋ ជាកត្តាដ៏សំខាន់មួយ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតសកលនេះ។  លើសពីនេះ លោកតែងលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់ពលរដ្ឋកើតជំងឺកូវីដ-១៩ កុំឲ្យមានការព្រួយបារម្ភ នៅពេលដែល ក្រុមគ្រូពេទ្យ យកពួកគេទៅព្យាបាល។
 
« យើងត្រូវខិតខំធ្វើឱ្យសកម្ម ព្រោះយើងជាអាជ្ញាធរជាម៉ែឪ ជាអាណាព្យាបាល ជាអ្នកបម្រើ របស់ ពលរដ្ឋ យើងអត់គិតការនឿយហត់នោះឡើយ ពោលគឺដើរតួនាទីកាន់តែច្រើន លើសពី អាណា ព្យាបាលទៅទៀត»។ នេះជាការបញ្ជាក់របស់អភិបាលខណ្ឌឫស្សីកែវ ដោយបានប្ដេជ្ញា ប្រឹងប្រែង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីឆាប់បិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ។


 
តាមរបាយការណ៍ជាតិស្តីពីលទ្ធផលជំរឿនឆ្នាំ២០១៩ ខណ្ឌឫស្សីកែវ ដែលជាខណ្ឌដ៏ធំមួយក្នុងចំណោម១៤ខណ្ឌក្នុងរាជធានីភ្នំពេញ។ ខណ្ឌនេះមាន៧សង្កាត់ ដោយមានពលរដ្ឋជិត៦៣០០០គ្រួសារ ឬជាង២៧ម៉ឺននាក់៕ 




 

Tag:
 កូវីដ-១៩
  ខណ្ឌ
  ឫស្សីកែវ
 ភ្នំពេញ
  ជា ពិសី
© រក្សាសិទ្ធិដោយ thmeythmey.com