ជាតិ
អភិបាលភ្នំពេញ ឲ្យអាជ្ញាធរកំណត់អត្តសញ្ញាណ ពលរដ្ឋដែលយកអាហារឲ្យអ្នកចត្តាឡីស័ក ឲ្យបានច្បាស់លាស់
26, Mar 2021 , 7:59 am        
រូបភាព
រូបតំណាង៖ អាជ្ញាធរខណ្ឌឫស្សីកែវ ចុះចែកស្បែងជូនពលរដ្ឋដែលធ្វើចត្តាឡីស័ក។ (រូបពីទំព័រហ្វេសប៊ុករបស់លោក ជា ពិសី)
រូបតំណាង៖ អាជ្ញាធរខណ្ឌឫស្សីកែវ ចុះចែកស្បែងជូនពលរដ្ឋដែលធ្វើចត្តាឡីស័ក។ (រូបពីទំព័រហ្វេសប៊ុករបស់លោក ជា ពិសី)
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធររដ្ឋបាលខណ្ឌទាំង១៤ ពង្រឹងវិធានការសន្តិសុខ  សណ្ដាប់ធ្នាប់ ពិសេសកំណត់អត្តសញ្ញាណអ្នកយកអាហារ ឬសម្ភារៈផ្សេងៗ ទៅឲ្យអ្នកចត្តាឡីស័ក។ នេះបើតាមរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤មីនា។


ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀរៀបរយតាមបណ្ដាគោលដៅចត្តាឡីស័ក រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ដាក់ទីតាំងចត្តាឡីស័កទាំងអស់រួមមាន លំនៅដ្ឋានឯកជន អគារស្នាក់នៅរួម-ខុនដូ ក្លឹបកម្សាន្ត និងទីតាំងអាជីវកម្ម ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឲ្យនៅក្រោមការគ្រប់គ្រងរបស់គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ។ បន្ទាប់មកគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រគល់ភារកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ ទៅដល់រដ្ឋបាលខណ្ឌទាំង១៤ ដោយបង្កើតក្រុមការងារគ្រប់គ្រងទីតាំងចត្តាឡីស័ក ដើម្បីប្រចាំការ២៤ម៉ោង។ 
 
លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា៖ «កត់ត្រាអត្តសញ្ញាណ(ឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋាន) រាល់បុគ្គលដែលបានយកកញ្ចប់អាហារឬ សម្ភារៈផ្សេងៗ ជូនដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក ក្នុងនោះក្រុមការងារត្រូវបាញ់អាល់កុលសម្លាប់មេរោគ និងត្រួតពិនិត្យរាល់កញ្ចប់អាហារ និងសម្ភារៈទាំងនោះ ឲ្យបានច្បាស់លាស់ មុននឹងប្រគល់ជូនផ្នែកខាងក្នុង»។ 
 
ជាមួយគ្នាដែរ ប្រសិនបើមានករណីសង្ស័យ ត្រូវឃាត់ខ្លួនបុគ្គលនោះ(អ្នកផ្ញើអីវ៉ាន់ឲ្យអ្នកចត្តាឡីស័ក) ហើយរាយការណ៍ទៅរដ្ឋបាលខណ្ឌ។ លើសពីនេះ ត្រូវរៀបចំផែនការសន្តិសុខត្រៀមបង្ការទុកជាមុន សម្រាប់ទប់ទល់ព្រឹត្តិការណ៍ឬការបង្កចលាចលនានា ដែលកើតឡើងជាយថាហេតុ នៅតាមគោលដៅចត្តាឡីស័ក៕ 
 
 
 
 

Tag:
 ចត្តាឡីស័ក
© រក្សាសិទ្ធិដោយ thmeythmey.com