ជាតិ
នៅរដូវប្រាំង កម្ពុជាមិនសូវជួបបញ្ហាភ្លើងឆេះព្រៃធ្ងន់ធ្ងរដូចប្រទេសមួយចំនួនឡើយ
26, Mar 2021 , 8:59 am        
រូបភាព
រូបភាពព្រៃល្បោះ ក្រោយមានភ្លើងឆេះ  នៅក្នុងខេត្តមណ្ឌលគិរី
រូបភាពព្រៃល្បោះ ក្រោយមានភ្លើងឆេះ នៅក្នុងខេត្តមណ្ឌលគិរី
ដោយ៖ ប៉ូ សុភា
 
ភ្លើងឆេះព្រៃ រដូវប្រាំង អាចបង្កឡើងដោយកត្តាធំៗពីរយ៉ាង គឺមនុស្ស និងបាតុភូតធម្មជាតិ។ បញ្ហាការឆេះព្រៃនេះ អាចប៉ះពាល់ដល់ជីវិតសត្វ រុក្ខជាតិ និងជីវចម្រុះ ប៉ុន្តែនៅកម្ពុជា មិនមានបញ្ហាប្រឈមធ្ងន់ធ្ងន់រ បណ្តាលមកពីភ្លើងឆេះព្រៃនោះទេ។ នេះបើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ដោយលោកពន្យល់ថា កម្ពុជាភាគច្រើនជួបប្រទះបញ្ហាការឆេះព្រៃល្បោះ និងរោលលើៗតាមបែបធម្មជាតិតែប៉ុណ្ណោះ មិនសូវមានបញ្ហាខូចខាតធ្ងន់ធ្ងរ ដូចប្រទេសមួយចំនួននៅក្នុងពិភពលោកទេ។ 

 
នៅក្នុងរដូវប្រាំង តំបន់មានព្រៃឈើមួយចំនួន ប្រឈមមុខខ្ពស់ដោយសារភ្លើងឆេះ។ មន្ត្រីឧទ្យានុរក្ស កាន់តែប្រុងប្រយ័ត្នខ្លាំងឡើង នៅអំឡុងរដូវក្តៅនេះ ពោលគឺចន្លោះខែកុម្ភៈ ដល់ខែមេសា ដែលជាពេលវេលាហួតហែង និងដែលតំបន់ព្រៃ ស្ថិតនៅចំណុចហានិភ័យឆេះខ្ពស់។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។ 
 
នៅកម្ពុជា មូលហេតុដែលបង្កឱ្យមានភ្លើងឆេះព្រៃ នៅរដូវប្រាំង អាចបណ្តាលមកពីការធ្វេសប្រហែសរបស់អ្នកដើរព្រៃ ការចោលកន្ទុយបារី ឬបោះកម្ទេចភ្លើងតិចតួចចោលនៅក្នុងព្រៃ។ ភ្លើងឆេះព្រៃ មួយផ្នែកទៀត អាចកើតឡើងដោយចេតនាមនុស្ស ដូចជាការដុតព្រៃដើម្បីធ្វើចម្ការ ដុតព្រៃកាប់ឈើ ឬដុតក្នុងបំណងបំផ្លាញជាដើម។ ក្រៅពីកត្តាមនុស្ស បាតុភូតធម្មជាតិ ដូចជារន្ទះ និងបាតុភូតធម្មជាតិមួយចំនួន ក៏អាចបង្កជាភ្លើងឆេះ ដែលអាចបំផ្លាញដល់ធនធានធម្មជាតិផងដែរ។
 
អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់សារព័ត៌មានថ្មីៗថា បញ្ហាភ្លើងឆេះព្រៃនៅរដូវប្រាំង តែងកើតមាននៅកម្ពុជា។ នៅក្នុងរដូវប្រាំង ឆ្នាំ២០២១នេះ  តំបន់ព្រៃនៅកម្ពុជា ដែលស្ថិតនៅចំណុចក្តៅ (សីតុណ្ហភាព) មានប្រមាណ ៥ពាន់កន្លែង។  ទោះមានតំបន់ក្តៅច្រើន ប៉ុន្តែវាមិនសូវចោទជាបញ្ហាទេ។ នេះបើតាមលោក នេត្រ ភក្ត្រា ដោយលោកបានបន្តពន្យល់ថា នៅកម្ពុជាភាគច្រើនជួបប្រទះបញ្ហាការឆេះព្រៃល្បោះ និងរោលលើៗតាមបែបធម្មជាតិតែប៉ុណ្ណោះ មិនសូវមានបញ្ហាខូចខាតធ្ងន់ធ្ងរ ដូចប្រទេសមួយចំនួននៅក្នុងពិភពលោកទេ។  
 
សម្រាប់លោក នេត្រ ភក្ត្រា ភ្លើងឆេះព្រៃមិនមែនសុទ្ធតែរឿងអាក្រក់ទេ នោះក៏ដោយសារបន្ទាប់ពីមានភ្លើងឆេះព្រៃ គ្រាប់រុក្ខជាតិមួយចំនួនអាចត្រូវបានពង្រាយ និងចាប់ផ្តើមបន្តពូជបាន នៅ   រដូវវស្សា។ ផេះផង់ ដែលសល់ពីការឆេះនោះ ក៏អាចផ្តល់ជាប្រយោជន៍សម្រាប់ជីវិតសត្វ និងជីវចម្រុះ នៅក្នុងព្រៃដែរ។ ម្យ៉ាងទៀតការឆេះរុក្ខជាតិតូចៗ និងស្មៅព្រេចក្នុងព្រៃល្បោះនៅរដូវប្រាំង ក៏អាចបញ្ចៀសការឆេះព្រៃធ្ងន់ធ្ងរផង។ «និយាយបែបនេះ ខ្ញុំមិនបានជំរុញ ឬលើកទឹកចិត្ត ឱ្យមានភ្លើងឆេះព្រៃទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ការឆេះព្រៃនៅរដូវប្រាំង ក៏ជួយអនុគ្រោះដល់ធនធម្មជាតិមួយផ្នែកដែរ »។  នេះជាបន្ថែមរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន។ 
 
ទោះបីនៅកម្ពុជា ភ្លើងឆេះព្រៃមិនសូវមានកម្រិតធ្ងន់ធ្ងរ ដូចប្រទេសមួយចំនួនក្នុងពិភពលោកក្តី ក៏ក្រសួងបរិស្ថាន  តែងរិះរកវិធីបញ្ចៀស និងទប់ស្កាត់កុំឱ្យមានករណីភ្លើងឆេះព្រៃ ក្នុងរដូវប្រាំង។ តាមលោក នេត្រ ភក្ត្រា វិធានការទប់ស្កាត់ទាំងនោះ មានដូចជាការត្រៀមខ្លួនការពារជាមុន នូវបង្កើតជាផ្លូវភ្លើង ដើម្បីកាត់ផ្តាច់ កុំឱ្យមានការឆេះរាលបន្តទៅទីតាំងផ្សេងទៀត, ការចុះអប់រំប្រជាពលរដ្ឋពីការប្រើប្រាស់ភ្លើង មុនពេលចូល និងចេញពីព្រៃ, ការគ្រប់គ្រងគំនរភ្លើង ក្នុងន័យបញ្ចៀសរាល់សកម្មភាព ដែលបង្កបានជាភ្លើងជាដើម។
 
ទោះជាអ្នកនាំពាក្យក្រសួង មិនពន្យល់លម្អិតពីបញ្ហាភ្លើងឆេះព្រៃលើជីវចម្រុះ និងបរិស្ថាន ប៉ុន្តែតាមសៀវភៅផែនដីវិទ្យាថ្នាក់ទី១២ ភ្លើងឆេះព្រៃមិនត្រឹមតែប៉ះពាល់ដល់ធនធានធម្មជាតិប៉ុណ្ណោះទេ តែភ្លើងអាចបំផ្លាញជីវិតសត្វ រុក្ខជាតិ និងជីវចម្រុះជាច្រើន នៅក្នុងធនធានធម្មជាតិ។ ភ្លើងឆេះព្រៃ បានធ្វើឱ្យសត្វមួយចំនួន ផ្លាស់ប្តូរជម្រក និងស្ថានភាពរស់របស់វាដែរ។
ក្រៅពីនេះ ការបំភាយផ្សែង ចេញពីភ្លើងឆេះព្រៃ ក៏អាចបង្កឱ្យមានការបំភាយកាបូនឌីអុកស៊ីត ទៅក្នុងបរិយាកាស និងជាមូលហេតុដែលធ្វើឱ្យប៉ះពាល់ដល់ស្រទាប់អូហ្សូន នៅក្នុងលំហអាកាស៕
 
 

Tag:
 រដូវប្រាំង
  ភ្លើងឆេះព្រៃ
  នេត្រ ភក្ត្រា
© រក្សាសិទ្ធិដោយ thmeythmey.com