COVID-19
ជាតិ
COVID-19៖ វិជ្ជមាន​៩៦នាក់ទៀតដោយ៧៣ករណីនៅ​កណ្តាល
26, Mar 2021 , 2:18 pm        
រូបភាព
សកម្មភាពរៀបចំដឹកអ្នកជំងឺ កូវីដ១៩ ទៅព្យាបាលកន្លងមកនៅក្នុងភូមិសាស្ត្រ​រដ្ឋបាលខណ្ឌដូនពេញ
សកម្មភាពរៀបចំដឹកអ្នកជំងឺ កូវីដ១៩ ទៅព្យាបាលកន្លងមកនៅក្នុងភូមិសាស្ត្រ​រដ្ឋបាលខណ្ឌដូនពេញ
មនុស្ស៩៦នាក់ទៀតតេស្តវិជ្ជមានកូវីដ-១៩ ខណៈអ្នកសះស្បើយមាន១៨នាក់បន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃសុក្រ​ទី២៦ ខែមីនា។ ក្នុងចំណោមករណីវិជ្ជមានថ្មី ភាគច្រើនស្ថិតនៅខេត្តកណ្តាល។



ក្នុងចំណោម​ករណីទាំង៩៦ មាន​៧៣ករណីនៅខេត្តកណ្តាល ២១ករណីនៅភ្នំពេញ  ១ករណីនៅស្វាយរៀង និង១ករណីនៅត្បូងឃ្មុំ។

៧៣ករណីនៅកណ្តាល មាន​ដល់ទៅ​៦៤នាក់ដែលមានអាសយដ្ឋាននៅ​ឃុំសំពៅពូន ស្រុកកោះធំ ដោយមានអ្នកជំងឺជាជនជាតិខ្មែរ ចិន និងវៀតណាម ហើយអ្នកជំងឺ​ត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាលនៅសណ្ឋាគារ ជីង យ៊ុង ក្នុងឃុំសំពៅពូន ផ្ទាល់។ រីឯ៩ករណីទៀត សុទ្ធតែជាជនជាតិ​ខ្មែរ អាសយដ្ឋាននៅ​ឃុំរកាខ្ពស់ ស្រុកស្អាង ដោយដាក់ឲ្យសម្រាកព្យាបាល​នៅមន្ទីរពេទ្យជ័យជម្នះ ខេត្តកណ្តាល។

នៅភ្នំពេញ មាន​២១ករណី ដោយ​១៩ករណីត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាលនៅសណ្ឋាគារ​ក្រេតឌុត និង​១ករណីនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ករណី១ទៀត  ជាអ្នកជំងឺ​អាយុ​៥៥​ឆ្នាំ អាសយដ្ឋាន​នៅ​ស្រុក​ខ្សាច់កណ្តាល ដែលត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងទទួលមរណភាពនៅថ្ងៃដដែល ដោយសាររលាក​សួតសងខាងធ្ងន់ធ្ងរ និងជាករណីស្លាប់ទី៨នៅកម្ពុជា។

១ករណីនៅស្វាយ​រៀង ជាបុរសជនជាតិចិនអាយុ​២៧ឆ្នាំ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល​នៅមន្ទីរពេទ្យស្វាយរៀង និង១ករណីនៅ​ត្បូងឃ្មុំ ជាកុមារីអាយុ​៩​ឆ្នាំ អាសយដ្ឋាននៅឃុំទន្លូង ស្រុកមេមត់ ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាល​នៅមន្ទីរពេទ្យខេត្ត។

ចំណែកអ្នកជំងឺ​១៨នាក់ ដែលបានជាសះស្បើយ មាន​៨នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ​ខេត្តព្រះសីហនុ ៧នាក់ពីមជ្ឈមណ្ឌល​ជាតិកំចាត់រោគរបេង និងហង់សិន និង​២នាក់ពីមន្ទីរពេទ្យបង្អែក​បារាយណ៍-សន្ទុក ខេត្តកំពង់ធំ។

គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប១៩៦៨នាក់ ក្នុងនោះ១៤៤៤នាក់ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប១០៧៤នាក់ក៏បានជាសះស្បើយ រីឯ៨នាក់បាន​ស្លាប់។ ករណីសហគមន៍២០កុម្ភៈ មាននៅរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង សៀមរាប កំពង់ធំ កំពង់ចាម កោះកុង ស្វាយរៀង តាកែវ បាត់ដំបង ត្បូងឃ្មុំ និងកែប៕


© រក្សាសិទ្ធិដោយ thmeythmey.com