ពីនេះ ពីនោះ
កូវីដ-១៩៖ ថ្លៃឈ្នួលទីតាំងអាជីវកម្ម គឺជាដង្ហើមចុងក្រោយនៃសកម្មភាពសេដ្ឋកិច្ច!
26, Mar 2021 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
ដោយធុញថប់ខ្លាំងពេក សំណាង និងសុធីរ សម្រេចចិត្តជិះម៉ូតូ និងដើរមើលទេសភាពខាងក្រៅគេហដ្ឋានបន្តិចដើម្បីចង់ដឹងថា តើស្ថានភាពជាទូទៅនៅក្នុងក្រុងភ្នំពេញយ៉ាងដូម្តេចដែរ។ ទស្សនាក្រុងភ្នំពេញបន្តិច រួចក្លើទាំងពីរក៏ឆ្លៀតទៅមើលហាងកាហ្វេដែលធ្លាប់ក្រេប តែមិនហ៊ានចូលឡើយ ព្រោះ បារម្ភខ្លាចការរាតត្បាតនៃមេរោគកូវីដ។ ជិះមួយស្របក់ក្រោយមក សំឡាញ់ទាំងពីរក៏ចូលគេហដ្ឋានរៀងៗខ្លួន ហើយក៏បើកមើលហ្វេសប៊ុកដូចសព្វដង។ ប្រធានបទអាជីវកម្មអាចបិទកាន់តែច្រើនដោយសារឈ្នួលទីតាំងអាជីវកម្មត្រូវបាន សុធីរ និងសំណាងលើកយកមកជជែកគ្នា។


 
សំណាង៖ អា សុធីរ! ចាប់តាំងពីការរាតត្បាតនៃមេរោគកូវីដមក ជំនួញមួយចំនួនធំប្រកាសបិទទ្វារហើយ។ ចុះបើបិទកាន់តែច្រើន តើបុគ្គលិកបានប្រាក់ខែមកពីណា? 
 
សុធីរ៖ អានេះ សួរសំណួរអីអ៊ីចឹង! បើអាជីវកម្មដួលរលំ មានន័យថា ក្ស័យធន, បើក្ស័យធន មានន័យថា បុគ្គលិកអត់ការងារធ្វើ បើអត់ការងារធ្វើ គឺអត់ប្រាក់ខែ ព្រោះថៅកែ ក៏គ្មាលុយពីណាយកមកបើកឲ្យដែរ។ 
 
សំណាង៖ អ៊ីចឹង បន្ទុកសង្គមនឹងកាន់តែធ្ងន់ធ្ងរហើយ?  
 
សុធីរ៖ អាហ្នឹងវាអ៊ីចឹងហើយ។ បើមនុស្សអត់ការងារកាន់តែច្រើន វាកាន់តែលំបាក។ អ៊ីចឹងហើយបានជារដ្ឋាភិបាលថ្លឹងថ្លែងខ្លាំងណាស់រវាងជីវិតមនុស្ស និងជីវិតសេដ្ឋកិច្ច។ 
 
សំណាង៖ អញសួរអ្ហែងដូចជាឆោទទៅចុះថា តើអាជីវកម្មទាំងនោះក្ស័យធនដោយសារអ្វីទៅ? 
 
សុធីរ៖ ឱលោកព្រះ សួរសំណួរនេះដូចជាអត់ដឹងអីសោះតែម្តង! 
 
សំណាង៖ អញដឹងខ្លះ តែអញចង់ឲ្យឯងប្រាប់ពីមូលហេតុស៊ីជម្រៅតើ! 
 
សុធីរ៖ មូលហេតុទី១ដែលសាមញ្ញបំផុត គឺគ្មានម៉ូយដោយសារតែការរាតត្បាតនៃមេរោគកូវីដ។ ទី២ ជំនួញខ្លះ គ្មានបុគ្គលិកបម្រើការ ព្រោះតែខ្លាចកូវីដ។ និងទី៣  វាបណ្តាលមកពីថ្លៃឈ្នួលទីតាំងជំនួញ។ កន្លែងខ្លះ បញ្ចុះតម្លៃជូនអ្នកជួល តែកន្លែងខ្លះទៀត មិនចុះថ្លៃទេ។ ថ្លៃឈ្នួលទីតាំងអាជីវកម្មនៅខ្ពស់ជំរុញឲ្យជំនួញមួយចំនួនបង្ខំចិត្តបិទទ្វារដោយខ្លួនឯង។ 
 
សំណាង៖ អ៊ីចឹង អ្នកជំនួញអត់មានទីតាំងអាជីវកម្មខ្លួនឯងទេឬ? 
 
សុធីរ៖ ជារួម អ្នកខ្លះមានទីតាំងខ្លួនឯង តែអ្នកខ្លះទៀត ជួលពីគេ។ សរុបសេចក្តីមក បើចង់ឲ្យជំនួញអាចនៅបន្តជីវិតបាន ម្ចាស់ជួលទីតាំងគួរមេត្តាយោគយល់បញ្ចុះតម្លៃ ឬពន្យាការបង់ថ្លៃខ្លះ ប្រសិនបើអាចទៅរួច។ ក្នុងកាលៈទេសៈនេះ គ្រប់គ្នាមិនគួរដណ្តើមគ្នារស់ទេ គួរជួយគ្នាដើម្បីរស់ទើបជាការប្រសើរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com