COVID-19
ជាតិ
បុរសអាយុ៥៥ឆ្នាំម្នាក់ស្លាប់ មុនតេស្តសំណាកឃើញវិជ្ជមានកូវីដ-១៩ ជាករណីស្លាប់ទី៨នៅកម្ពុជា
26, Mar 2021 , 11:57 am        
រូបភាព
ដោយ: ថ្មីៗ
បុរសអាយុ៥៥ឆ្នាំ ម្នាក់បានបាត់បង់ជីវិតកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ បើតាមការផ្សាយរបស់ក្រសួងសុខាភិបាល។



អ្នក​ជំងឺមានអាសយដ្ឋាននៅភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានធ្លាក់ខ្លួនឈឺដោយក្តៅខ្លួន និងក្អកប្រហែល​ជា៣ ទៅ៤ថ្ងៃមុន​ស្លាប់ ដោយសភាពកាន់ធ្ងន់ទៅ ក៏បាន​ចូលសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត នៅវេលាម៉ោង​៣ និង​៣០នាទី នា​ថ្ងៃទី២៥ ខែមីនា។

ដោយការសង្ស័យ ក្រុមគ្រូពេទ្យ​បានយកវត្ថុសំណាកទៅវិភាគភ្លាមៗ លទ្ធផល​បង្ហាញថា គាត់មានវិជ្ជមានកូវីដ-១៩ នា​វេលាម៉ោង​១១យប់ថ្ងៃដដែល។ ការស្លាប់បាត់បង់ជីវិត​របស់អ្នកជំងឺ​នេះ ដោយសារតែការវាយលុក​សួតសាហាវលឿន និងធ្ងន់ធ្ងរខ្លាំងពេក។

ករណីស្លាប់ថ្មីធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩នៅកម្ពុជាឡើងដល់៨នាក់ ដោយអ្នកជំងឺ៧នាក់ដែលទទួលមរណភាពកន្លងមកមាន បុរសអាយុ៥០ឆ្នាំ, ស្ត្រីអាយុ៦២ឆ្នាំ (ភរិយាតារាចម្រៀង ហួរ ឡាវី), បុរសអាយុ៤៦ឆ្នាំ, បុរសអាយុ៧៥ឆ្នាំ (វេជ្ជបណ្ឌិត ស្តើង ជា) និងស្ត្រីអាយុ៦២ឆ្នាំ (ម្តាយតារាកំប្លែងស្រីពីន), បុរសចិនអាយុ៤៣ឆ្នាំ និងបុរសខ្មែរអាយុ៣៨ឆ្នាំ (DJ Boom)៕


© រក្សាសិទ្ធិដោយ thmeythmey.com