ជាតិ
ក្រសួងទេសចរណ៍ ក្រើនរឭកពីការពង្រឹងវិធានសុវត្ថិភាពនាពិធីបុណ្យចូលឆ្នាំ
27, Mar 2021 , 7:59 am        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសេចក្ដីណែនាំដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវពង្រឹងវិធានសុវត្ថិភាព អនាម័យ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ នាពិធីបុណ្យចូលឆ្នាំខាងមុខ។



បើតាមសារចរណែនាំ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ម្ចាស់អាជីវកម្ម និងសេវាកម្មទេសចរណ៍ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាព «៣កុំ» គឺកុំទៅកន្លែងមានមនុស្សច្រើន កុំចូលទៅកន្លែងបិទជិត និងកុំប៉ះពាល់គ្នា ហើយ«៣ការពារ» គឺម៉ាស់ លាងដៃ និងរក្សាម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ថែមទៀត។ 
 
ម្ចាស់អាជីវកម្មទាំងអស់ត្រូវចុះឈ្មោះបង្កើតប្រព័ន្ធ QR Code ហើយតម្រូវឲ្យភ្ញៀវត្រូវតែស្កេនជាដាច់ខាត និងត្រូវធ្វើបញ្ជីកត់ចំនួនភ្ញៀវចេញចូលទាំងអស់ដែលបានទៅកម្សាន្តនៅទីតាំងរបស់ខ្លួន ពិសេសអាសយដ្ឋាន និងលេខទូរសព្ទ។


រូបភាពពីក្រសួងទេសចរណ៍ 

ម្ចាស់អាជីវកម្មទាំងអស់ត្រូវ ត្រួតពិនិត្យកម្ដៅ បាញ់អាកុលសម្លាប់មេរោគ គ្រប់ភ្ញៀវទាំងអស់ និងតម្រូវឲ្យភ្ញៀវត្រូវពាក់ម៉ាស់ផងដែរ។ ម្ចាស់អាជីវកម្ម ក៏ត្រូវពង្រឹងការគ្រប់គ្រងលើសេវាកម្មខ្លួន ដោយកំណត់ចំនួនភ្ញៀវ ស្របតាមស្តង់ដារគម្លាតសុវត្ថិភាព មិនឲ្យលើសជាដាច់ខាត។ ចំពោះភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិ ក៏មិនត្រូវរៀបចំឲ្យមានការជួបជុំមនុស្សច្រើនជាដាច់ខាត។ ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវចាំបាច់ឲ្យភ្ញៀវ និងបុគ្គលិករបស់ខ្លួនរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់១,៥ម៉ែត្រពីគ្នា។
 
គ្រប់កន្លែងទេសចរណ៍ទាំងអស់ ម្ចាស់អាជីវកម្ម ត្រូវបិទផ្សាយសេចក្ដីសង្ខេបច្បាប់ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដល់ភ្ញៀវទេសចរ និងតម្រូវឲ្យអនុវត្តតាមជាដាច់ខាត។

ចំពោះករណីភ្ញៀវទេសចរ មិនអនុវត្តតាម ត្រូវរាយការណ៍ទៅអាជ្ញាធរ ដើម្បីមានវិធានការបន្ត។ ម្ចាស់អាជីវកម្ម ត្រូវមានភាពច្បាស់លាស់ក្នុងការគ្រប់គ្រង។ សម្រាប់គោលដៅទេសចរណ៍សាធារណៈដូចជា ឆ្នេរសមុទ្រ ទន្លេ គោលដៅអេកូទេសចរណ៍ និងទេសចរណ៍ អាជ្ញាធរក៏ត្រូវរៀបចំឲ្យមានគណៈគ្រប់គ្រងច្បាស់លាស់ ដើម្បីណែនាំដល់ភ្ញៀវ និងទប់ស្កាត់ជំងឺកូវីដ-១៩។


រូបភាពពីក្រសួងទេសចរណ៍ 

ក្រៅពីអនុវត្តវិធានសុវត្ថិភាពទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ក៏ត្រូវពង្រឹងគុណភាព តម្លៃ ពិសេសការថែរក្សាបរិស្ថាន អនាម័យ មិនត្រូវបោះចោលសំរាមផ្ដេសផ្ដាសឡើយ។
 
ក្រសួងក៏បានបញ្ជាក់ថា ម្ចាស់អាជីវកម្មទាំងអស់ត្រូវតែអនុវត្តតាមសារាចរនេះជាដាច់ខាត។ ចំពោះករណីមិនអនុវត្តតាម ម្ចាស់អាជីវកម្មតាមមូលដ្ឋានទាំងអស់នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ពិសេសវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com