ជាតិ
ស្វាយចន្ទីមានហាងឆេង តែទិន្នផលទាបជាងឆ្នាំមុន
27, Mar 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ អ្នកកែច្នៃគ្រាប់ស្វាយចន្ទី អះអាងថា តម្លៃកសិផលរបស់ខ្លួន មានទីផ្សារខ្ពស់ តម្លៃល្អនៅក្នុងឆ្នាំនេះ។ ពួកគាត់អាចលក់គ្រាប់បាន តម្លៃចាប់ពី ៥ពាន់រៀលឡើងទៅដល់ ៧ពាន់រៀល អាស្រ័យទៅលើប្រភេទ និងគុណភាពគ្រាប់ស្វាយចន្ទី។ ទោះយ៉ាងណា ន្នផលហាក់ឆ្នាំ២០២១ ហាក់មានការធ្លាក់ចុះជាងឆ្នាំមុនច្រើន ដោយសារអាកាសធាតុក្តៅខ្លាំង។

 
ស្វាយចន្ទីឆ្នាំ២០២១នេះ មានតម្លៃល្អគួរសម ដោយកសិករ អាចលក់បានតម្លៃចាប់ពី៥០០០រៀល ដល់៧០០០ពាន់ អាស្រ័យទៅលើប្រភេទ និងគុណភាពគ្រាប់ស្វាយចន្ទី។ 
 
អ្នកស្រី នូ សាវ៉ាន ជាម្ចាស់ចម្ការស្វាយចន្ទីទំហំ ៣ ហិកតា ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មាន Thmeythmey25ថា សម្រាប់ឆ្នាំនេះ ថ្ងៃខ្លះអ្នកស្រី អាចលក់គ្រាប់ស្វាយចន្ទី បានតម្លៃ ៥ពាន់រៀល ហើយថ្ងៃខ្លះឡើងដល់ ៥៥០០រៀល ដោយអ្នកស្រី បានដឹកគ្រាប់ចន្ទីរបស់ខ្លួន លក់ឱ្យឈ្មួញនៅវៀតណាម ដល់ព្រំដែនតែម្តង។ បើទោះបីជាតម្លៃប្រែប្រួលពិតមែន ប៉ុន្តែចំពោះតម្លៃនេះ ជាតម្លៃខ្ពស់ជាងឆ្នាំមុន។ «កាលពីឆ្នាំមុន ខ្ញុំលក់មួយគីឡូបានតម្លៃ ៤ពាន់រៀល ទៅ ៤៥០០រៀលប៉ុណ្ណោះ »។ នេះបើតាម ម្ចាស់ចម្ការស្វាយចន្ទី វ័យ ៤៦ឆ្នាំរូបនេះ។ 


អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី 

ដ្បិតស្វាយចន្ទីមានតម្លៃល្អ ប៉ុន្តែទិន្នផលឆ្នាំនេះ បែរជាមិនគាប់ទៅវិញ។ បើតាមអ្នកស្រីស្វាយចន្ទីឆ្នាំនេះ ហុចផលយឺត ឯទិន្នផលក៏បានតិច ដោយសារអាកាសធាតុក្តៅពេក ធ្វើឱ្យផ្កានិងក្តឹបស្វាយចន្ទីជ្រុះច្រើន។ មិនតែប៉ុណ្ណោះ ដើមស្វាយចន្ទីខ្លះ ក៏បានងាប់ ឬរលំ ដោយសារសត្វល្អិតបំផ្លាញផងដែរ។ ចម្ការ ជាធម្មតា ស្វាយចន្ទីរ ៣ហិកតា របស់អ្នកស្រី សាវ៉ាន អាចផ្តល់ផលពី ៨ ទៅ ៩តោន តែឆ្នាំនេះ អ្នកស្រី រំពឹងថា បានត្រឹម ៣តោនប៉ុណ្ណោះ។
 
អ្នកស្រី អ៊ិន ឡៃហួត ជាម្ចាស់សិប្បកម្មកែច្នៃគ្រាប់ចន្ទីនៅខេត្តកំពង់ធំ ក៏អះអាងដែរថា តម្លៃស្វាយចន្ទីឆ្នាំនេះខ្ពស់ ដែលធ្វើឱ្យកសិករពេញចិត្តជាខ្លាំង។ ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ចន្ទីរូបនេះ អះអាងថា គាត់ប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករក្នុងសហគមន៍ ជាធម្យន ៥ ៧០០រៀលក្នុងមួយគីឡូក្រាម។ តម្លៃនេះ អាចឡើង-ចុះបន្តិច អាស្រ័យលើគុណភាព និងបរិមាណដែលកសិករប្រមូលបាន។
 
អ្នកស្រី អ៊ិន ឡៃហួត បញ្ជាក់ថា៖ «តម្លៃទីផ្សារ ដែលកសិករលក់ចេញឆ្នាំនេះសមរម្យទាំងអ្នកផលិត និងអ្នកនាំចូល ហើយកសិករមិនខាតទេ»។ 
 
សម្រាប់ឆ្នាំ២០២១នេះ អ្នកស្រី គ្រោងប្រមូលទិញគ្រាប់ស្វាយចន្ទី ពីសហគមន៍កសិករ ចន្លោះ ៥០០តោន ទៅ ១០០តោន ដើម្បីកែច្នៃទៅជាផលិតផលសម្រេច ផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនជប៉ុនTop planning ។ កាលពីឆ្នាំ២០២០ កន្លងទៅ សិប្បកម្មរបស់អ្នកស្រី អ៊ិន ឡៃហួត បានទិញគ្រាប់ស្វាយចន្ទីចំនួន១០០តោនឯណោះពីកសិករក្នុងស្រុក៕
 

Tag:
 ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com