COVID-19
ជាតិ
សង្គមជាតិ
អភិបាលរាជធានីភ្នំពេញ ស្នើឲ្យម្ចាស់ផ្ទះ បញ្ចុះតម្លៃ និងយោគយល់អ្នកជួល ក្នុងអំឡុងកូវីដ-១៩
26, Mar 2021 , 11:56 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់លោក ហេង ណូរិន។
រូបពីទំព័រហ្វេសប៊ុករបស់លោក ហេង ណូរិន។
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវឲ្យម្ចាស់ផ្ទះជួលឬបន្ទប់ជួលទាំងអស់ក្នុងរាជធានីភ្នំពេញ បញ្ចុះតម្លៃនិងយោគយល់ដល់អ្នកជួល ក្នុងអំឡុងពេលរីករាលដាល់ជំងឺកូវីដ-១៩ រហូតស្ថានភាពជំងឺនេះ ធូរស្រាលឡើងវិញ។ លោក យល់ថា បញ្ចុះតម្លៃជួលឬការយោគយល់អ្នកជួល គឺជាការចូលរួមចំណែកជួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។



តាមរយៈសេចក្តីអំពាវនាវចេញនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង បានស្នើដល់ម្ចាស់ផ្ទះជួលនិងបន្ទប់នៅរាជធានីភ្នំពេញទាំងអស់ ជួយគិតគូរនិងទ្រទ្រង់ជីវភាពរបស់ពលរដ្ឋដែលកំពុងខ្វះខាត។ លោក ស្នើសុំឲ្យម្ចាស់ផ្ទះ មានការយោគយល់ ក្នុងករណីអ្នកជួល បង់ថ្លៃឈ្នួលយឺតយ៉ាវ និងអនុញ្ញាតឲ្យពួកគេ ស្នាក់នៅបន្ត។

អភិបាលរាជធានីភ្នំពេញ អំពាវនាវទៅម្ចាស់ផ្ទះជួលនិងបន្ទប់ជួលដូច្នេះថា៖«ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬបន្ទប់ជួល ក្នុងអំឡុងពេលនៃការផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ រហូតដល់ស្ថានភាពនៃការរីករាលដាលកូវីដ-១៩ មានសភាពធូរស្រាលឡើងវិញ។ យោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះឬបន្ទប់ពីសំណាក់អ្នកជួលទាំងឡាយ ដោយលើកលែងការពិន័យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួល និងបន្តអនុញ្ញាតឲ្យពួកគាត់ស្នាក់នៅបន្តទៅទៀត ដោយមិនគួរបណ្ដេញពួកគាត់ចេញឡើ់យ»។

តាមពិតទៅ មុនលោក ឃួង ស្រេង ចេញមកអំពាវនាវ គឺមានម្ចាស់ផ្ទះជួលនិងម្ចាស់បន្ទប់ជួលមួយចំនួន ក្នុងរាជធានីភ្នំពេញ រួមទាំងនៅតាមបណ្តាខេត្តនានា បានស្ម័គ្រចិត្តបញ្ចុះតម្លៃ ឲ្យអ្នកជួលរួចទៅហើយ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈសារលើទំព័រហ្វេសប៊ុក ចាត់ទុកការយោគយល់ពីសំណាក់ម្ចាស់ផ្ទះជួលនិងម្ចាស់បន្ទប់ជួល ថាបានជួយសង្គមជាតិពិសេសជួយដល់កម្មករ-កម្មការនីដែលកំពុងប្រឈមនឹងការលំបាក ដោយសារជំងឺកូវីដ-១៩។ ប្រមុខរដ្ឋាភិបាល សង្ឃឹមថា នឹងមានម្ចាស់ផ្ទះជួលផ្សេងទៀត ចូលរួមជួយដល់អ្នកជួល ទៅតាមលទ្ធភាព៕

អត្ថបទទាក់ទង

Tag:
 COVID-19
  ឃួង ស្រេង
  ផ្ទះជួល
© រក្សាសិទ្ធិដោយ thmeythmey.com