COVID-19
ជាតិ
ករណីបុរសអាយុ៣៩ឆ្នាំស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង មិនមែនកូវីដ-១៩ឡើយ
29, Mar 2021 , 6:23 pm        
រូបភាព
ដោយ: រួបរួម
ក្រសួងសុខាភិបាល នាល្ងាចថ្ងៃចន្ទនេះ បានប្រកាសថា ករណីបុរសអាយុ៣៩ឆ្នាំ ដែលបានស្លាប់កាលពីម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៨ ខែមីនា គឺដោយសារតែជំងឺស្ទះសរសៃឈាមបេះដូងភ្លាមៗ មិនមែនដោយសារកូវីដ-១៩ឡើយ។



បុរសដែលមានអាសយដ្ឋាននៅឧទ្យានទន្លេបាសាក់ ខណ្ឌចំការមនរូបនោះ តេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២១ ខែមីនា ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។ រយៈពេលព្យាបាល៨ថ្ងៃ មិនមានរោគសញ្ញាដែលបង្ហាញពីការវិវត្តទាក់ទងនឹងជំងឺកូវីដ-១៩ ឡើយ។

បើតាមក្រសួងសុខាភិបាល នាយប់ថ្ងៃទី២៨ ខែមីនា អ្នកជំងឺមានរោគសញ្ញាឈឺចុកទ្រូងខ្លាំងភ្លាមៗ ហើយបានបាត់បង់ស្មារតី។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសនេះស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូងភ្លាមៗ។

គិតត្រឹមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនាថ្ងៃទី២៩ ខែមីនា នេះ កម្ពុជាមានអ្នកកើតកូវីដ-១៩សរុប២២៧៣នាក់ និងសះស្បើយ១១៧២នាក់។ អ្នកស្លាប់មាន១១នាក់ និង៤នាក់ទៀតស្លាប់ដោយសារជំងឺផ្សេងៗ នាអំឡុងពេលព្យាបាលកូវីដ-១៩។

ក្រសួងបានលើកឡើងពីករណីស្លាប់ទី១១ ដោយអ្នកជំងឺបានស្លាប់នៅផ្ទះ កាលពីថ្ងៃទី២៧ ខែមីនា។ ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតនោះឡើយ ប៉ុន្តែសារព័ត៌មានជាច្រើនផ្អែកតាមប្រភពពីលោក វ៉ាន់ ចាន់ដារ៉ា មេភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ដែលបានអះអាងថា អ្នកជំងឺមានអាយុ៧៨ឆ្នាំ។

នាយប់ថ្ងៃដដែល ខណៈដែលក្រុមគ្រួសារកំពុងរៀបចំពិធីបុណ្យសពក្នុងបុរីសូនី អាជ្ញាធរ និងក្រុមមន្ត្រីសុខាភិបាល បានសម្រេចផ្អាកកម្មវិធី ដោយបានដឹកសពទៅធ្វើកោសល្យវិច្ច័យ ហើយឃើញថា គាត់មានវិជ្ជមានកូវីដ-១៩។

អ្នកស្លាប់ដោយសារកូវីដ-១៩ ទាំង១១នាក់នៅកម្ពុជាមាន បុរសអាយុ៥០ឆ្នាំ, ស្ត្រីអាយុ៦២ឆ្នាំ (ភរិយាតារាចម្រៀង ហួរ ឡាវី), បុរសអាយុ៤៦ឆ្នាំ, បុរសអាយុ៧៥ឆ្នាំ (វេជ្ជបណ្ឌិត ស្តើង ជា) និងស្ត្រីអាយុ៦២ឆ្នាំ (ម្តាយតារាកំប្លែងស្រីពីន), បុរសចិនអាយុ៤៣ឆ្នាំ និងបុរសខ្មែរអាយុ៣៨ឆ្នាំ (DJ Boom), បុរសអាយុ៥៥ឆ្នាំ, ស្ត្រីអាយុ៧២ឆ្នាំ, ស្ត្រីអាយុ៧៦ឆ្នាំ និងបុរសអាយុ៧៨ឆ្នាំ (ស្លាប់នៅផ្ទះ)៕


© រក្សាសិទ្ធិដោយ thmeythmey.com