ជាតិ
លោក ណុប វី៖ ការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌមកលើអ្នកសារព័ត៌មាន ជាការរឹតត្បិត និងគំរាមកំហែង
30, Mar 2021 , 3:44 pm        
រូបភាព
ភ្នំពេញ៖ ការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌមកលើអ្នកសារព័ត៌មាន ជាការរឹតត្បិត និងគំរាមកំហែង។ នេះជាការលើកឡើងរបស់លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ហៅកាត់ថា ខេមបូចា)។


 
លោក ណុប វី មើលឃើញថា រដ្ឋាភិបាល តាមរយៈអាជ្ញាធរ បានប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌមកលើអ្នកសារព័ត៌មាន ដែលបំពេញការងារឆកល្វែង ឬខ្វះខាតចំណុចណាមួយ ដោយរំលងច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា។ សម្រាប់លោក ណុប វី ការអនុវត្តវិធានការច្បាប់ព្រហ្មទណ្ឌនេះ វាធ្វើឱ្យមានហានិភ័យខ្ពស់ សម្រាប់អ្នកសារព័ត៌មាន ដែលបំពេញការងារវិជ្ជាជីវៈ។ ជាពិសេសអ្នកសារព័ត៌មាន ដែលចូលចិត្តរាយការណ៍ពីរឿងរសើបរបស់រដ្ឋាភិបាល។ បើតាមលោក ណុប វី ច្បាប់របបសារព័ត៌មាន គួរតែត្រូវបានអនុវត្តឱ្យបានទូលាយលើអ្នកសារព័ត៌មាន ។
 
ជាបន្តសូមលោក-អ្នកនាងស្តាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា ដូចតទៅ៖


សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃទី២៩ មីនា ក្រោមចំណងជើងថា   «ស្ថានភាពសារព័ត៌មានកម្ពុជាឆ្នាំ ២០២០» ដែលជាកំណត់ត្រា ប្រចាំឆ្នាំអំពីករណីយាយីប្រឆាំងនឹងអ្នកសារព័ត៌មាន។
 
របាយការណ៍ខេមបូចា រកឃើញពីការយាយីចំនួន ៣៥ ករណី ប្រឆាំងនឹងអ្នកសារព័ត៌មានចំនួន៧២នាក់ក្នុងឆ្នាំ ២០២០។ ប្រភេទនៃការយាយីប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលបានកើតឡើងច្រើនជាងគេគឺការដាក់ពន្ធនាគារ និងការប្រើអំពើហិង្សា។
 
ក្នុងចំណោមបញ្ហាប្រឈមជាច្រើន ដែលអ្នកសារព័ត៌មានកម្ពុជាកំពុងជួបប្រទះ ការភ័យខ្លាចចំពោះ អំពើហិង្សាលើរូបរាងកាយ និងបញ្ហាប្រឈមផ្នែកផ្លូវច្បាប់នៅតែជាផ្នែកមួយនៃការងារប្រចាំថ្ងៃ របស់ពួកគេ។ របាយការណ៍នេះបង្ហាញពីភាពញឹកញាប់នៃការយាយីប្រឆាំងនឹងអ្នកសារព័ត៌មានដែលជារឿយៗ ក្លាយជាមុខសញ្ញាយ៉ាងអយុត្តិធម៌ចំពោះការអនុវត្តសិទ្ធិស្របច្បាប់ និងសេរីភាពរបស់ពួកគេដូចមានចែងទាំងក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ទាំងច្បាប់អន្តរជាតិ។ 
 
តែយ៉ាងណាសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងកាលពីដើមឆ្នាំ២០២១ថា មានអ្នកសារព័ត៌មាន និងជនឱកាសនិយមមួយចំនួន បានប្រើប្រាស់ស្ថាប័នព័ត៌មានធ្វើសកម្មភាពទុច្ចរិតជំរិតទារប្រាក់ជាថ្នូរនិងការមិនចុះផ្សាយ ឬលុបព័ត៌មានដែលបានចុះផ្សាយ ,ដើរតួនាទីជាចៅក្រមកាត់សេចក្តីរឿងទំនាស់ដីធ្លី រួមទាំងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំប៉ោងសភាពការណ៍ជាដើម ដែលនាំឱ្យខូចតម្លៃរបស់អ្នកសារព័ត៌មានវិជ្ជាជីវៈត្រឹមត្រូវ។ មិនតែប៉ុណ្ណោះប្រមុខរដ្ឋាភិបាល បានព្រមានថា មិនលើកលែងដល់អ្នកសារព័ត៌មានណាដែលបំពានច្បាប់ឡើយ៕
 

Tag:
 ណុប វី
  អ្នកសារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com