COVID-19
ជាតិ
ស្ត្រីខ្មែរអាយុ៥៦ឆ្នាំម្នាក់ទៀត ស្លាប់ដោយសារជំងឺកូវីដ-១៩ ​ជាករណីទី១២ នៅកម្ពុជា
31, Mar 2021 , 6:25 pm        
រូបភាព
ស្ត្រីខ្មែរម្នាក់ទៀត អាយុ ៥៦ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ ដែលនេះជាករណីទី១២ នៅកម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល  ក្រុមគ្រូពេទ្យ បានសន្និដ្ឋានថា អ្នកជំងឺ​បាត់បង់ជីវិត ព្រោះតែវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ  និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវីដ-១៩។



តាមក្រសួងសុខាភិបាល អ្នកជំងឺ​ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៦ មីនា។ អ្នកជំងឺមានសភាពធ្ងន់ធ្ងរ តាំងពីថ្ងៃចូលសម្រាកដំបូង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យ ប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ដើម្បីជួយសង្គ្រោះ។ ប៉ុន្តែទោះជាមានការខិតខំជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងណាក៏ដោយ ក៏ស្ថានភាពអ្នកជំងឺមិនធូរស្បើយ ហើយបានស្លាប់នៅម៉ោង ១០ និង៣៧នាទី ព្រឹកថ្ងៃទី ៣១ មីនានេះ។  នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។


អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩ ១១​នាក់​កន្លងមក​នៅ​កម្ពុ​ជាមាន បុរស​អាយុ​៥០​ឆ្នាំ​, ស្ត្រី​អាយុ​៦២​ឆ្នាំ (​ភរិយា​តារាចម្រៀង ហួរ ឡា​វី​), បុរស​អាយុ​៤៦​ឆ្នាំ​, បុរស​អាយុ​៧៥​ឆ្នាំ (​វេជ្ជបណ្ឌិត ស្តើង ជា​) និង​ស្ត្រី​អាយុ​៦២​ឆ្នាំ (​ម្តាយ​តារា​កំប្លែង​ស្រី​ពី​ន​), បុរស​ចិន​អាយុ​៤៣​ឆ្នាំ និង​បុរស​ខ្មែរ​អាយុ​៣៨​ឆ្នាំ (DJ Boom), បុរស​អាយុ​៥៥​ឆ្នាំ​, ស្ត្រី​អាយុ​៧២​ឆ្នាំ​, ស្ត្រី​អាយុ​៧៦​ឆ្នាំ​, បុរស​អាយុ​៧៨​ឆ្នាំ (​ស្លាប់​នៅផ្ទះ​) ។​
 
​គិត​មកដល់ពេលនេះ អ្នក​កើត​កូ​វីដ​-១៩​សរុប​នៅ​កម្ពុជា​ឡើងដល់ ២ ៤៤០​នាក់ ដែល​ក្នុងនោះ ១ ៩១៤ នាក់ ស្ថិត​ក្នុងករណី​សហគមន៍​២០​កុម្ភៈ ដែល​រាលដាល​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ សៀមរាប ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កែប តាកែវ កំពត និង​បាត់ដំបង​។ អ្នក​សះស្បើយ​សរុប​មាន ១ ១៩១​នាក់ អ្នក​ស្លាប់មាន​១២នាក់ រីឯ​៤​នាក់​ទៀត ស្លាប់​ដោយសារ​ជំងឺ​ផ្សេងៗ នា​អំឡុងពេល​ព្យាបាល​កូ​វីដ​-១៩​ ​៕

© រក្សាសិទ្ធិដោយ thmeythmey.com