COVID-19
ជាតិ
ស្ត្រីខ្មែរអាយុ ២៨ឆ្នាំម្នាក់ទៀតស្លាប់ដោយសារកូវីដ-១៩ ជាករណីទី ១៣ នៅកម្ពុជា
31, Mar 2021 , 7:28 pm        
រូបភាព
ស្ត្រីខ្មែរ ម្នាក់ទៀត អាយុ ២៨ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលជាករណីទី១៣ នៅកម្ពុជា។ បើតាមក្រសួងសុខាភិបាល  ស្ត្រីរូបនេះ បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួតសងខាងដោយសារកូវីដ-១៩ ខណៈដែលអ្នកជំងឺ ជាអ្នកទឹកនោមផ្អែម ប្រភេទ ១ និងជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរ។



អ្នកជំងឺរូបនេះ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី៣០ មីនាម្សិលមិញ និងមានសភាពធ្ងន់ធ្ងររួចទៅហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបញ្ជាក់ទៀតថា៖« អ្នកជំងឺ​ មានជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែមប្រភេទ ១ ជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរដំណាក់ចុងក្រោយ  អាចជាមូលហេតុបណ្តាលឱ្យអ្នកជំងឺ ធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ»។ 

​ក្រសួងសុខាភិបាល បន្តទៀតថា បើទោះជាក្រុមគ្រូពេទ្យ បានខិតខំយកចិត្តទុកដាក់ ជួយសង្គ្រោះព្យាបាលតាមបច្ចេកទេស ដោយរួមផ្សំការប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវដង្ហើមផងនោះ នៅតែមិនអាចសង្គ្រោះបាន ហើយអ្នកជំងឺបានបាត់បង់ជីវិតនៅម៉ោង ២ និង៤០នាទីរសៀល ថ្ងៃទី៣១ មីនានេះ។ អ្នកជំងឺជាអ្នករស់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 

អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩ ចំនួន ១២​នាក់​កន្លងមក​នៅ​កម្ពុ​ជាមាន បុរស​អាយុ​៥០​ឆ្នាំ​, ស្ត្រី​អាយុ​៦២​ឆ្នាំ (​ភរិយា​តារាចម្រៀង ហួរ ឡា​វី​), បុរស​អាយុ​៤៦​ឆ្នាំ​, បុរស​អាយុ​៧៥​ឆ្នាំ (​វេជ្ជបណ្ឌិត ស្តើង ជា​) និង​ស្ត្រី​អាយុ​៦២​ឆ្នាំ (​ម្តាយ​តារា​កំប្លែង​ស្រី​ពី​ន​), បុរស​ចិន​អាយុ​៤៣​ឆ្នាំ និង​បុរស​ខ្មែរ​អាយុ​៣៨​ឆ្នាំ (DJ Boom), បុរស​អាយុ​៥៥​ឆ្នាំ​, ស្ត្រី​អាយុ​៧២​ឆ្នាំ​, ស្ត្រី​អាយុ​៧៦​ឆ្នាំ​, បុរស​អាយុ​៧៨​ឆ្នាំ (​ស្លាប់​នៅផ្ទះ​) និងស្ត្រី អាយុ៥៦ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅព្រឹកថ្ងៃទី ៣១មីនានេះដែរ។
​គិត​មកដល់ពេលនេះ អ្នក​កើត​កូ​វីដ​-១៩​សរុប​នៅ​កម្ពុជា​ឡើងដល់ ២ ៤៤០​នាក់ ដែល​ក្នុងនោះ ១ ៩១៤ នាក់ ស្ថិត​ក្នុងករណី​សហគមន៍​២០​កុម្ភៈ ដែល​រាលដាល​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ សៀមរាប ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កែប តាកែវ កំពត និង​បាត់ដំបង​។ អ្នក​សះស្បើយ​សរុប​មាន ១ ១៩១​នាក់ អ្នក​ស្លាប់មាន​១៣ ​នាក់ រីឯ​៤​នាក់​ទៀត ស្លាប់​ដោយសារ​ជំងឺ​ផ្សេងៗ នា​អំឡុងពេល​ព្យាបាល​កូ​វីដ​-១៩​​៕

© រក្សាសិទ្ធិដោយ thmeythmey.com